លោកBojan Hodak អតីត​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ភ្នំពេញក្រោន របស់​កម្ពុជា អំឡុងឆ្នាំ​២០១១ បាន​ជួយ​ក្រុម​​បាល់ទាត់ Kuala Lumpur City FC កក់កៅអី​វគ្គ​ចែកពូល​នៃ​ពានរង្វាន់​បាល់ទាត់​ទ្វីប​អាស៊ី AFC Cup 2022 ខាង​មុខ ក្រោយ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់ 2021 Malaysia Cup នៅ​រាត្រី​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ​បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម​អភិជន Johor Darul Ta’zim នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ២-០។

អត្ថបទពាក់ព័ន្ធ៖ក្រុម JDT ឈ្នះ​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​ម៉ាឡេស៊ី ៨ឆ្នាំ​ជាប់ៗគ្នា​​គិត​ពី​ឆ្នាំ​២០១៤​មក

ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ជិត​២ម៉ឺន​នាក់​លើ​ទីលាន​កីឡដ្ឋាន Bukit Jalil National Stadium ក្នុង​ទីក្រុង​កូឡាឡាំពួរ ក្រុម​Kuala Lumpur City FC បាន​ទាត់​បាល់​បញ្ជូល​ទី​បាន​ដោយ​កីឡាករ Yahya នៅ​នាទី​៦៦ និង​កីឡាករ​ប្រេស៊ីល Paulo Josué នៅ​នាទី​៧៤។

នេះ​ជា​លើក​ទី៤ ហើយ​ដែល​ក្រុម Kuala Lumpur City FC ឈ្នះ​ពានរង្វាន់ Malaysia Cup ខណៈ​​៣លើក​កន្លង​មក​ក្រុម​នេះ​ឈ្នះ​នៅ​ឆ្នាំ​១៩៨៧,១៩៨៨​និង​១៩៨៩។

លោកBojan Hodak ធ្លាប់​ដឹកនាំ​ក្រុម UPB-MyTeam FC នៅ​ឆ្នាំ​២០០៦ ខណៈ​នៅ​ឆ្នាំ​២០១០-២០១១ លោក​បាន​ដឹកនាំ​ក្រុម​ភ្នំពេញក្រោន ព្រម​ទាំង​ឈ្នះ​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១១ ផង​ដែរ។ ក្រោយ​មក​លោក​បាន​ចេញ​ទៅ​ធ្វើ​ជា​គ្រូ​ជំនួយ​ប្រចាំ​ក្លិប Shandong Luneng Taishan នៅ​លីគ​កំពូល​ចិន។ តែ​ក្រោយ​មក​​លោក​ត្រឡប់​ទៅ​ម៉ាឡេស៊ី វិញ​ដោយ​ដឹកនាំ​ក្រុម Kelantan, Johor Darul Ta’zim ក្នុង​នាម​ជា​គ្រូ​បង្វឹក និង​ធ្វើ​ជា​ CEO ក្រុម Penang និង​ដឹកនាំ​ក្រុម U19 ម៉ាឡេស៊ី ផង​ដែរ។ នៅ​ឆ្នាំ​២០២០ កន្លង​ទៅ​លោក​ដឹកនាំ​ក្រុម PSM Makassar នៅ​ឥណ្ឌូណេស៊ី និង​ឆ្នាំ​២០២១ នេះ​ត្រឡប់​មក​ម៉ាឡេស៊ី វិញ​ដឹកនាំ​ក្រុម Kuala Lumpur City FC។

អត្ថបទពាក់ព័ន្ធ៖Ronaldo លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​តិច​ជាង Ramos​!​តែ​អ្នក​ទាំង​២​នៅ​ចាញ់​កីឡាករ​អាស៊ាន​ម្នាក់​នេះ

ម៉ាឡេស៊ី មាន​កៅអី​៣ក្រុម​ចេញ​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី ដោយ​ក្នុង​នោះ​ក្រុម​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​ ជាប់​ឈ្មោះ​ចេញ​ទៅ​ប្រកួត​​វគ្គ​ចែក​ពូល​ពានរង្វាន់ AFC Champion League ហើយ​ក្រុម​ជើង​ឯក​រង និង​ក្រុម​ជើង​ឯក​ពាន Malaysia Cup មាន​ឈ្មោះ​ឈរ​ចាំ​វគ្គ​ចែក​ពូល​ពានរង្វាន់ AFC Cup ផង​ដែរ៕

Telegram-Troryorng
Share.