ទំព័រ​ស្នេហា​ឆ្លង​ប៉ុស្ដិ៍​ទូរទស្សន៍​រវាង​តារា​ស្រី Bella Ranee តារា​ប្រចាំ​ប៉ុស្ដិ៍​លេខ៣ថៃ និង​តារា​ប្រុស Weir sukollawat តារា​ប្រុស​ប្រចាំ​ប៉ុស្ដិ៍​លេខ៧ថៃ ត្រូវបាន​បិទ​ទំព័រ​សេ្ន​ហា​ចប់​ជា​ស្ថាពរ។ ដំណឹង​ដ៏​រសើប​នេះ ធ្វើឱ្យ​អ្នកគាំទ្រ​របស់​តារា​ទាំងពីរ​ដួង​នេះ មាន​អារម្មណ៍​ស្រ​ងោះ​ស្រងោចចិត្ត​ជាខ្លាំង និង​ជូនពរ​ឱ្យ​អ្នក​ទាំងពីរ​រក​សេចក្ដីសុខ​រៀងខ្លួន​បានសម្រេច​ដូច​ប្រាថ្នា។

បើទោះបីជា​យ៉ាងណាក៏ដោយ ថ្មីៗនេះ តារា​ស្រី Bella Ranee បានធ្វើ​បទសម្ភាសន៍​ប្រកាស​ឱ្យ​មហាជន​ដឹងថា នាង​ពិតជា​សល់​តែ​ពាក្យ​ថា​ជា​បងប្អូន​ល្អ​នឹង​គ្នា ជាមួយ​តារា​ប្រុស Weir sukollawat ពិតមែន។ ហើយ​នាង​ក៏​អរគុណ​ចំពោះ​អ្នកគាំទ្រ​ទាំងអស់ នូវ​ពាក្យ​លើកទឹកចិត្ត​ជាច្រើន ដែល​បានផ្ដល់​កម្លាំងចិត្ត​ឱ្យ​នាង​តាំងពីដើម​មក​ម្លេះ។

យ៉ាងណាមិញ រងើក​ស្នេហ៍​ចាស់​បាន​រលត់​ហើយ តែ​ឡើយ​តារា​ស្រី Bella Ranee ត្រូវ​អ្នកគាំទ្រ​សង្ស័យថា មាន​ក្លិន​ស្នេហ៍​ថ្មី​កំពុង​ភាយ​ឡើង។ នៅ​អំឡុង​ពេលនេះ តារា​ស្រី Bella Ranee និង​លោក Pope Thanavat កំពុងធ្វើការ​រួមគ្នា​មួយ គឺ​ការថត​រឿង «ព្រហ្ម​លិខិត» ដែលជា​រឿង​បន្ទាប់ពី​រឿង «បុព្វេសន្និវាស»។ អ្នក​ទាំងពីរ​មានឱកាស​ជាច្រើន​នឹង​នៅ​កៀក​កិត​ជិតគ្នា​ណាស់ ហើយ​អ្វីដែល​សំខាន់​គឺ អ្នក​ទាំងពីរ​គឺ​សុទ្ធតែជា​តួ​ប្រុស​តួ​ស្រី​ដែល​បេះដូង​កំពុង​ទំនេរ​នៅពេលនេះ​ដូចគ្នា​តែម្ដង។ មួយវិញទៀត អ្នកទាំងពីរក៏ជាតារាជ្រកក្រោមទ្រនំប៉ុស្ដិ៍លេខ៣ថៃរួមគ្នាទៀតផង។

កាលពី​លើក​មុន អ្នកគាំទ្រ​តារា​ស្រី Bella Ranee និង​លោក Pope Thanavat ធ្លាប់បាន​គូស​ផ្គង​និង​បន់​ឱ្យ​អ្នក​ទាំងពីរ​ក្លាយជា​គូស្នេហ៍​ពិត តាំងពី​អំឡុងពេល​បញ្ចប់រឿង«បុព្វេសន្និវាស» មក​ម្លេះ។ ក៏ប៉ុន្ដែ Bella គឺ​ជាប់​បេះដូង​ជាមួយ​លោក Weir sukollawat នៅឡើយ ។ ដោយសារតែ​រឿង​ភាគ«បុព្វេសន្និវាស»មាន​ភាពល្បីល្បាញ​ខ្លាំងពេក បូករួម​ទាំង​ការ​គូស​ផ្គង​របស់​អ្នកគាំទ្រ​នាង Bella Ranee និង​លោក Pope Thanavat ទៀតផង​នេះ ទើប​ធ្វើឱ្យ​លោក Weir sukollawat មានការ​អាក់អន់ចិត្ត​បន្ដិច។ ដូច​មិនមាន​បញ្ហា​ចោទ លោក Weir បាន​ចេញមុខ​ឆ្លើយ​បដិសេធ​ប្រាប់​មហាជន​វិញ​ថា លោក​គិតថា​រឿងនេះ​គឺជា​ការងារ​សិល្បៈ​ច្រើនជាង​ដែលថា Bella Ranee មានចិត្ត​ឱ្យ​លោក Pope Thanavat។

មកទល់ពេលនេះ ហាក់បីដូចជា​រងើក​ស្នេហ៍​ពី​បុព្វេ បាន​កក្រើក​មកវិញ​ទៀត​ហើយ ដោយ​អ្នកគាំទ្រ​តារា​ស្រី Bella Ranee និង​លោក Pope Thanavat កំពុង​បន់ស្រន់​ឱ្យ​អ្នក​ទាំងពីរ​ក្លាយជា​គូស្នេហ៍​ពិត​ម្ដងទៀត និង​បាន​បង្កើត Hashtag ថា #โป๊ปเบลล่า (#ប៉ូ​ប​បេឡា) ដើម្បី​ក្លាយជា Hashtag លំដាប់​ទី១នៅលើ​បណ្ដាញ​សង្គម Twitter និង Instagram ៕

Share.