« ល្បែង​ទាញព្រ័ត្រ» បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ ចុះបញ្ជី​នៅ​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១។ ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​នេះ យុវជន​ខ្មែរ​ទាំង​បុរស ទាំង​ស្ត្រី និយម​លេង​ក្នុង​ទេសកាល​បុណ្យទាន ដូចជា ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ អំឡុង​ខែចេត្រ និង​ខែ​ពិសាខ។ ល្បែង​នេះ គឺ​ត្រូវ​ប្រកួតប្រជែង​ដោយ​ប្រើ​កម្លាំងកាយ។

យោងតាមឯកសារស្រាវជ្រាវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា ល្បែងប្រជាប្រិយខ្មែរ​នេះ​ភាគច្រើន​អ្នកស្រុក​​និយម​លេង​នៅពេល​ថ្ងៃ ហើយ​គេ​ចែកជា២ក្រុម ដែលម្ខាងៗមាន​ចំនួន​មនុស្ស ១០ នាក់ ឬ​លើសពីនេះ។ តាម​ទម្លាប់​របស់​អ្នកស្រុក គេ​ប្រើ​ខ្សែពួរ​ប្រវែង​ជាង២០ហត្ថ​ឡើងទៅ ទំហំ​ប៉ុនកដៃ ហើយ​ប្រើ​កម្លាំង​ក្នុង​ទាញ​ទាំងសងខាង។ បើ​មាន​ម្ខាង​ដួលរលំ នោះ​ម្ខាង​ទៀត​ជា​អ្នកឈ្នះ។ ល្បែង​ប្រជាប្រិយ​ខ្មែរ​នេះ​បាន​ផ្សារភ្ជាប់ ទៅនឹង​ប្រពៃណី និង វប្បធម៌​ខ្មែរ​ហើយ​អាច​ឃើញ​ភស្តុតាង​មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ តាមរយៈ​ចម្លាក់​នៅលើ​ប្រាង្គ​ប្រាសាទ​នានា ដែល​និយាយ​ពី​រឿង​កូរ​សមុទ្រ​ទឹកដោះ។

គួរ​រំលឹក​ផងដែរ​ថា កាលពី៦ឆ្នាំមុន “ល្បែង​ទាញព្រ័ត្រ” បាន​ចូលក្នុង​បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ នៅ​ទីក្រុង​វិ​ន​ឌុ​ក ប្រទេស​ណា​មី​ប៊ី ដោយ​គណៈកម្មការ​អន្តររដ្ឋាភិបាល​នៃ​អង្គការ​យូណេស្កូ​បានសម្រេច​ក្នុង​សេចក្តី​ចុះ« ល្បែង​ទាញព្រ័ត្រ» ចូលក្នុង​បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ តាម​ការស្នើ​ពី​ប្រទេស​ចំនួន៤ សុំ​ចុះ​ល្បែង​ទាញព្រ័ត្រ​ចម្រុះ​ជាតិ​សាសន៍​ដែល​ក្នុងនោះ​មាន​ប្រទេស​កម្ពុជា សាធារណរដ្ឋ​កូរ៉េ វៀតណាម និង​ហ្វីលីពីន៕

Share.