ជនសង្ស័យ២នាក់ ជិះម៉ូតូ២គ្រឿងបាន ឆក់ស្រ្តីកាបូបស្ត្រីម្នាក់ទៅបាត់ដោយសុវត្ថិភាព ខណៈដែលស្ត្រីរូបនោះកំពុងជិះម៉ូតូវិលត្រឡប់មកពីផ្សារវិញ កាលពីវេលាម៉ោង៩និង១៥ នាទីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤ មុខវិទ្យាល័យជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ មៀច សុខច័ន្ទ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរ ធ្វើសាច់ក្រកលក់ មានទី លំនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈបាត់បង មានក្នុងកាបូប លុយជាង១០ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក កាតគ្រីម៉ូតូ ២សន្លឹក ទូរស័ព្ទដៃ១គ្រឿង និងឯកសារមួយចំនួនទៀត ។

តាមការរៀបរាប់ពីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូយកសាច់ក្រកឲ្យម៉ូយ នៅក្នុងផ្សារជម្ពូវ័ន បានលុយជាង១០ម៉ឺនរៀល។ លុះជិះម៉ូតូវិលត្រឡប់ទៅផ្ទះវិញ ពីលិច ទៅកើត ដល់មុខវិទ្យាល័យជម្ពូវ័ន ក្បែរភ្លើងស្តុប ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ ម្នាក់មួយគ្រឿង ម៉ាកហុងដាឌ្រីម និងម៉ាកនិច តាមពីក្រោយ ដល់ទន្ទឹមគាប គាត់សងខាង ហើយធ្វើសកម្មភាពលូកឆក់ផ្តាច់យកកាបូបពីចង្កេះ បានសម្រេចហើយ នាំគ្នាជិះម៉ូតូ គេចទៅបាត់។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមសម្រក់ទឹកភ្នែករហេមរហាម ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.