បាត់ដំបង៖ សមត្ថកិច្ចជំនាញចុះបង្ក្រាបដកហូតសាច់មងក្រឡាល្អិតប្រវែងជាង ៣គីឡូម៉ែត្រ និងវត្ថុតាងជាច្រើនទៀតពីទីតាំងប្រព្រឹត្តបទល្មើសនេសាទ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ។

លោកវរៈសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបង្ហើបឲ្យដឹងថា អនុវត្តតាមច្បាប់ និងការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នៅ ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១នេះកម្លាំងជំនាញចម្រុះជាច្រើននាក់បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួន ២គោលដៅ ជាថ្មីទៀត នៅ ចំ ណុចតំបន់អភិរក្ស អតីតឡូត៍លេខ ០៦ និងឡូត៍លេខ ០៩ ឋិតក្នុងភូមិសាស្ត្រដែនទឹកបឹងទន្លេសាប ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំ បង។

លោកវរៈសេនីយ៍ឯក យី យក់សាន បន្តថា កិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងរឹបអូសឧបករណ៍ល្មើសច្បាប់បានមួយចំនួនរួមមាន ៖ សាច់មងក្រឡាញឹកប្រវែងចំនួន ៣៥០០ម៉ែត្រ, ឡុកផ្ទុកត្រីចំនួន ០៦ឡុក, បង្គោលឈើ ៣៥០ដើម រួមទាំងបានលែងកូនត្រីពូជចម្រុះចំនួន ៥០គីឡូក្រាមផងដែរ។

ជាមួយគ្នាវត្ថុតាងបទល្មើសមួយចំនួនដូចជាសាច់មងជាដើម ត្រូវបានក្រុមការងារសម្រេចដុតបំផ្លាញចោលនៅហ្នឹងកន្លែង រីឯអ្នកប្រព្រឹត្តសកម្មភាពខុសច្បាប់ខាងលើសមត្ថកិច្ចអនុវត្តវិធានការស្រាវជ្រាវស្វែងរកមុខសញ្ញាដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.