មាន​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​បាន​ផ្សាយ​ថា​​មាន​ទាហាន​កូរ៉េ​ខាង​ជើង​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​និង​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣​ខែ​ ព្រោះ​តែ​រាំ​បទ​ចម្រៀង​របស់​ក្រុម BTS ក្រុម​ចម្រៀង​បុរស​ដ៏​ល្បី​របស់​កូរ៉េខាង​ត្បូង​ក្នុង​ពេល​កំពុង​សំរាក​។

បើ​តាម​ផ្សាយ​ពី​សារព័ត៌មាន Daily NK នៅ​ក្នុង​ខេត្ត​​មួយ​នា​ភាគ​ខាង​ជើង​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ពល​ទហាន​មួយ​រូប​ឈ្មោះ គីម ស្ថិត​ក្នុង​ក្រុម​ទី​​៦​ ត្រូវ​បាន​កង​ទាហាន​របស់​​នាយកដ្ឋាន​​​រក្សា​សន្តិសុខ​របស់​រដ្ឋ​​ចាប់​ខ្លួន​​កាល​ពី​ថ្ងៃ​ទី​១២​​ ខែ​វិច្ឆិកា ព្រោះ​តែ​គេ​បាន​រាំ​បទ​ចម្រៀង​របស់​ក្រុម​ BTS ក្នុង​ពេល​កំពុង​សំរាក​ ដែល​ទង្វើ​របស់​សាមី​ខ្លួន​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ផ្ដល់​ជា​កម្លាំង​ចិត្ត​ដល់​មិត្ត​ទាហាន​ផ្សេង​ទៀត​។

នៅ​ ក្នុង​ពេល​សួរ​ចម្លើយ​ពលទាហាន​ឈ្មោះ​ គីម​ នោះ​បាន​ឱ្យ​ដឹង​ថា​ «ខ្ញុំ​មិន​ដឹង​ទេ​ថា​ BTS ជា​អ្នក​ណា​ ខ្ញុំ​គ្រាន់​តែ​រាំ​ទៅ​ តាម​អ្វី​ដែល​ខ្ញុំ​ធ្លាប់​រាំ​នៅ​ ស្រុក​កំណើត​របស់​ខ្ញុំ​ដើម្បី​ជា​កម្លាំង​ចិត្ត​ដល់​មិត្តទាហាន​ផ្សេង​ៗ​ទៀត​»។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ នាយកដ្ឋាន​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​របស់​រដ្ឋ​បាន​លើក​ឡើង​ថា​ចម្លើយ​សារភាព​របស់​ពល​ទាហាន​រូប​នោះ​គឺជា​ពាក្យ​កុហក​ ដូច្នេះ​សម្រេច​ចិត្ត​ដាក់​ទោស​ឱ្យ​ជាប់​​ពន្ធនាគារ​ចំនួន​៣​ខែ​។

មាន​សេចក្ដី​រាយការណ៍​ថា​នៅ ប្រទេស​កូរ៉េ​ខាង​ជើង​បច្ចុប្បន្ន​កំពុង​តែ​ព្យាយាម​បង្ក្រាប​ និង​ការពារ​ការ​ហូរចូល​នៃ​វប្បធម៌​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង (K-pop)៕

Telegram-Troryorng
Share.