យោងតាម​សារព័ត៌មាន​កូរ៉េ​បានចេញ​ផ្សាយ​នៅពេលថ្មីៗនេះ CJ ENM ជា​អ្នករៀបចំ​កម្មវិធី Mnet Asian Music Awards (MAMA) 2021 នេះ បានចេញ​សេចក្ដី​អះអាងថា ក្រុម​ចម្រៀង BTS នឹង​មិនអាច​ចូលរួម​កម្មវិធី​នេះ​បានទេ ដោយសារតែ​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងអំឡុងពេល​ការរីក​រាលដាល​វីរ៉ុស​បំប្លែង​ខ្លួន​ថ្មី Omicron។

សូម​រំលឹក​ជូន​បន្ដិច​ថា តាមរយៈ​ការចេញផ្សាយ CNA នៅពេលថ្មីៗនេះ បានឱ្យដឹងថា នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​រកឃើញ​ករណី​ដំបូង​នៃ​វីរុស​ក្លាយ​ពូជ​ថ្មី​ឈ្មោះថា Omicron កាលពី​ថ្ងៃ​ពុធ​មាន​ចំនួន៥ករណី ខណៈដែល​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ប្រចាំថ្ងៃ​បាន​កើនឡើង​លើសពី៥០០០នាក់ ជា​លើកដំបូង។ បញ្ហា​ប្រឈម​នេះ​បានធ្វើឱ្យ​កូរ៉េខាងត្បូង មាន​ក្តីបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការកើនឡើង​ដែល​អ្នកជំងឺ​មាន​រោគសញ្ញា​ជាច្រើន​បាន​លេចឡើង ។ រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានដាក់​បទបញ្ជា​ថ្មី​សម្រាប់​អ្នកធ្វើដំណើរ​ពី​ក្រៅប្រទេស​ចូលមក​កាន់​ប្រទេស​កូរ៉េ គឺ​នឹងត្រូវ​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១០ ថ្ងៃ ចាប់ពី​ថ្ងៃទី៣ ខែធ្នូ នេះ​តទៅ។

នេះ​ជា​មូលហេតុ​មួយ​ដែល​ធ្វើឱ្យ​ក្រុម​ចម្រៀង BTS ខកខាន​មិនបាន​ចូលរួម​ដណ្ដើមពាន​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​នេះ។ បើទោះបីជា​មិនបាន​ចូលរួម​ក៏ពិតមែន តែ​ខាង CJ ENM ជា​អ្នករៀបចំ​កម្មវិធី បាន​អះអាង​បន្ថែមថា ក្រុម​ចម្រៀង BTS នឹងធ្វើ​វីដេអូ​សុំទោស និង​អរគុណ​ទៅកាន់​អ្នកគាំទ្រ ដោយសារតែ​ក្រុម​នេះ​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការថត​ទុក​ការសម្ដែង​ជាមុន។

សូម​ជម្រាប​បន្ថែមថា កម្មវិធី​ធំ​ប្រចាំ Mnet Asian Music Awards (MAMA) 2021 នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃទី ១១ ខែធ្នូ វេលា​ម៉ោង ៦ ល្ងាច (ម៉ោង​ក្នុងប្រទេស​កូរ៉េ) ត្រូវ​នឹង​ម៉ោង ៤រសៀល​ក្នុងប្រទេស​កម្ពុជា។ ហើយ​ហ្វេ​ន​អ្នកគាំទ្រ​ទាំងអស់​អាច​បោះឆ្នោត​ជូន​តារា K-pop ក្នុង​ដួងចិត្ត នៅលើ​គេហទំព័រ mama.mwave.me/en/vote ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី ៩ ខែធ្នូ ត្រឹម​ម៉ោង ៤:៥៩ នាទី រសៀល(ម៉ោង​ក្នុងប្រទេស​កូរ៉េ)៕

Share.