មានហេតុការណ៍អគ្គិភ័យឆាបឆេះកម្ទេចក្រណាត់ក្នុងសិប្បកម្មមួយកន្លែងបង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ភ្លាមៗទាន់ពេលវេលា។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង ៤០ នាទីព្រឹកថ្ងៃទី ៤ខែធ្នូឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចសិប្បកម្មផលិតក្រដាសមួយកន្លែង  នៅ ភូមិតាឡី សង្កាត់ដង្កោ  ខណ្ឌដង្កោ។

ម្ចាស់សិប្បកម្មមានឈ្មោះ  ឡាយ  សុខ អាយុ ៤៦ឆ្នាំស្នាក់នៅកន្លែងកើតហេតុ ។

ម្ចាស់សិប្បកម្មបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានហៅជាងផ្សារដែកប្រមាណជា ៥ ទៅ ៦ នាក់មកផ្សារជញ្ជាំងដែលខូចខាត ហើយពេលដែលកំពុងទៅផ្សារស្រាប់តែជាង មិនបានប្រយ័ត្នក៏បានធ្លាក់ផ្កាភ្លើងមកលើកម្ទេចក្រណាត់ដែលនៅខាងក្រោមក៏បានឆាប់ឆេះ។ពេលនោះលោកក៏បានធ្វើទំនាក់ទំនងទៅសមត្ថកិច្ចដើម្បីចុះមកជួយអន្តរាគមន៍។

ក្រោយពីទទួលបានព័ត៌មានថាមានអគ្គិភ័យបានឆេះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ដង្កោ ក៏បានរាយការណ៍ទៅខាងផ្នែករថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញដែលប្រចាំការនៅសាលាខណ្ឌដង្កោនិងបានចុះទៅដល់ទីតាំងកន្លែងកើតហេតុចំនួន ៣ គ្រឿងបាន បាញ់ពន្លត់អគ្គិភ័យខាងលើអស់ទឹកចំនួន២គ្រឿង  ទើបរលត់ទៅវិញជាស្ថាពរ។

សមត្ថកិច្ចជំនាញនៃការិយាល័យពន្លត់អគ្គិភ័យនៃស្នងការរាជធានីភ្នំពេញបានបញ្ជាក់ថាមូលហេតុដែលបង្កឲ្យមានអគ្គិភ័យឆាបឆេះនេះគឺមកពីជាងផ្សារដែកមិនប្រយ័ត្នធ្វើឲ្យធ្លាក់  ផ្កាភ្លើង ទៅលើកម្ទេចក្រណាត់ដែលនៅខាងក្រោម ។ 

សូមបញ្ជាក់ថាអគ្គិភ័យខាងលើមិនបង្កឲ្យមានអ្នករងរបួសនោះទេហើយក៏មិនរាលដាលឆេះ ដល់ផ្ទះជិតខាងនោះដែរ ខូចខាតតែកម្ទេចក្រណាត់មួយចំនួនតែប៉ុណ្ណោះ៕

អត្ថបទ៖សេង សាវី

Share.