ខេត្តព្រះសីហនុ៖ ដោយសារអាកាសធាតុចុះត្រជាក់ចាប់ពីដើមខែធ្នូនេះ បានគំរាមកំហែងដល់សុខភាពរបស់បងប្អូននៅក្នុងមូលដ្ឋាន ទើបឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាល​និងសួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង ក៏ដូចជានាំយកអំណោយមួយចំនួនចែកជូនបងប្អូនប្រជាពល រដ្ឋ នៅ បរិវេណសាលាដុនបូសស្កូ ស្ថិតនៅ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមការព្យាករណ៍កម្ពុជា មានការចុះត្រជាក់ជាងឆ្នាំកន្លងមក ទើបសម្តេចតេជោ បានធ្វើការណែនាំដល់អាជ្ញាធរយកអាវរងារ ភួយ ចែកជូនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ដើម្បីប្រើប្រាស់ពាក់រក្សាកំដៅ ទប់ទល់ នឹងភាពត្រជាក់ ហើយនេះជាការគិតគូរគ្រប់ជ្រុងជ្រោយរបស់សម្តេចតេជោ ក៏ជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងដោះស្រាយឆ្លើយតបបានទាន់ពេលវេលាផងដែរ។ដោយជារៀងរាល់ឆ្នាំនៅពេលចុះខ្យល់ត្រជាក់ប្រជាពលរដ្ឋអាចប្រឈមនឹងជំងឺផ្តាសាយ ក៏ប៉ុន្តែឆ្នាំកន្លងមក ក៏ដូចឆ្នាំនេះកម្ពុជាក៏ដូចជាពិ ភពលោកទាំង មូលមានការគំរាមកំហែងនឹងជំងឺកូវីដ-១៩ ដូច្នេះយើងត្រូវការគ្រប់គ្រងជំងឺផ្តាសាយ និងជំងឺកូវីដទាំងអស់គ្នា។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់លោកយាយលោកតា ត្រូវថែទាំសុខភាពពេលអាកាសធាតុចុះត្រជាក់ត្រូវ កុំឱ្យឆ្លងជំងឺកូវីដ និងកុំឱ្យឆ្លងជំងឺផ្តាសាយ ត្រូវពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ជែល អាល់កុល និងរក្សាគម្លាតសុវត្ថិភាពជាការសំខាន់សម្រាប់ខ្លួនយើងក្រុមគ្រួសារកូនចៅរបស់យើងមានសុខភាពល្អ៕


Share.