បាត់ដំបង៖ យន្តការដោះស្រាយបញ្ហាទន្ទ្រានដីបឹងទន្លេសាប តំបន់ហាមឃាត់ ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង បានដាក់ចេញក្រោយការចុះអង្កេតស្រាវជ្រាវ។

នៅព្រលប់ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២១នេះបន្ទាប់ពីក្រុមការងារអន្តរ ក្រសួងបានចុះទៅ ពិនិត្យទីតាំងល្មើសជាក់ស្តែងក្នុងភូមិសាស្ត្រ ភូមិដំបូកបុណ្យ ឃុំអន្លុងវិល ស្រុកសង្កែ ខេត្តបាត់ដំបង រួចមក មន្ត្រីជំនាញខាងលើបានបើកកិច្ចប្រជុំធំមួយដោយសម្រេច ពិនិត្យ វាយតម្លៃរួម ព្រមទាំងដាក់ចេញនូវយន្តការដោះស្រាយចំពោះមុខជាច្រើន ផ្តោតលើវិធានការការពារដីព្រៃលិចទឹករបស់រដ្ឋឡើងវិញ។

ជំនួបប្រជុំល្អិតល្អន់ ស៊ីជម្រៅពិនិត្យវាយតម្លៃនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការបានសម្រេចរៀបចំបោះបង្គោលព្រំដីតំបន់ព្រៃលិចទឹកឲ្យបានគ្រប់ចំនួន ៦០បង្គោលបន្ថែមទៀតដែលមិនទាន់បានបោះ ក្នុងចំណោមបង្គោលកំណត់ព្រំតំបន់ ៣ ទូទាំងខេត្តសរុបចំនួន ១១២បង្គោល។

ដោយឡែកលទ្ធផលយន្តការដោះស្រាយបញ្ហាជារួមនៃកិច្ចប្រជុំមាន ៧ចំណុច ៖

ទី ១ ទប់ស្កាត់បង្ក្រាប ស្ដារធនធានព្រៃលិចទឹកឡើងវិញ រដ្ឋបាលខេត្តត្រូវចេញលិខិតណែនាំដល់មន្ត្រីមូលដ្ឋាន បញ្ឈប់ការពិនិត្យបញ្ជាក់ លើលិខិតកាន់កាប់ដី លិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងដែនព្រៃលិចទឹក ព្រមទាំងចេញលិខិតបដិសេធចំពោះលិខិតដែលបានចេញរួច។

ទី ២ រដ្ឋបាលខេត្តត្រូវចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដីដែនព្រៃលិចទឹកបន្តទៀត រួចធ្វើអត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រានដើម្បីដកហូតដី និងចាត់វិធានការតាមផ្លូវច្បាប់ដោយត្រូវកសាងអង្គហេតុ នឹងដាក់បណ្ដឹងអាជ្ញាតុលាការ។

ទី ៣ ចលនាដល់ជនបង្ក ត្រូវដាំដើមឈើឡើងវិញលើផ្ទៃដីដែលខ្លួនបានទន្ទ្រាន។

ទី ៤ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវចាត់កម្លាំងចុះល្បាតតាមគោលដៅតំបន់ព្រៃលិចទឹកនានា។

ទី ៥ ក្រសួងធនធានទឹក និងឧតុនិយមទទួលបន្ទុកដាំបង្គោលព្រំដែនព្រៃលិចទឹកដែលខ្វះចន្លោះ ឬដួលរលំ។

ទី ៦ ចំពោះប្រជាពលរដ្ឋដែលបានដាំដំណាំ ពិសេសដំណាំស្រូវទុកពេលឲ្យប្រមូលផលរួច រួចស្នើឲ្យធ្វើលិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ ។

ទី ៧ ការដាំដើមឈើឡើងវិញផ្ដល់អទិភាពលើការដាំដើមឫស្សីប្រភេទគ្មានបន្លា។

ដែនព្រៃលិចទឹកបឹងទន្លេសាបតំបន់ ៣ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មានផ្ទៃដីសរុបចំនួន ២០៦ ៩៥៣ហិកតា ក្នុងចំណោមនេះផ្ទៃដីដែ លជនខិលខូចចូលទន្ទ្រានជាកម្មសិទ្ធខុសច្បាប់មានចំនួន ២៩ទីតាំង ស្មើនឹងផ្ទៃដីប្រមាណជា ១២ ២២១ហិកតា ក្នុងនោះប្រជាពលរដ្ឋដែលប៉ះពាល់ចូលទន្ទ្រានកាន់កាប់មានចំនួន ២ ៥១៤គ្រួសារ ត្រង់ភូមិសាស្ត្រឃុំចំនួន ១៧ របស់ស្រុក ៤ មាន: ស្រុកមោងឫស្សី ស្រុកថ្មគោល ស្រុកឯកភ្នំ និងស្រុកសង្កែ៕

អត្ថបទ៖ ដំបងក្រញូង

Share.