ខេត្តកំពង់ធំ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញា បនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋចំនួន ៥៧៥គ្រួសារ ស្មើនឹង ចំនួន១,២៧៣ប័ណ្ណ ស្ថិតនៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្ត​កំពង់ធំ។

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលនូវប័ណ្ណកម្មសិទ្ធិដីធ្លីនៅពេលនេះ ហើយសូមបងប្អូនខិតខំថែរក្សាប័ណ្ណកម្មសិទ្ធិនេះឲ្យបានគង់វង្ស ទុកដាក់ឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព។ ឯកឧត្តមបញ្ជាក់ ថា ប័ណ្ណកម្មសិទ្ធិមួយសន្លឹកនេះ ពិតជាមានន័យ និងមានសារៈសំខាន់ណាស់ សម្រាប់យើងជាម្ចាស់ដី ក្នុងការធានានូវសិទ្ធិធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី ជាពិសេសជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ។ ម្យ៉ាងវិញទៀត ធ្វើឲ្យកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត លើសពីនេះ យើងអាចយកទៅប្រើប្រាស់ជារបស់ធានានៃការខ្ចីប្រាក់នៅធនាគារ ឬគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុនានា បានតាមសេចក្តីត្រូវការ ។

ឯកឧត្តម បានបន្តទៀតថា ការចុះបញ្ជីដីធ្លី គឺមានសារៈសំខាន់ណាស់ ដែលអាចកាត់បន្ថយនូវបញ្ហាទំនាស់ អាចធានាបាននូវសុវត្ថិភាពដីធ្លី ពីការក្លែងបន្លំ ពីសំណាក់ជនខិលខូចមួយចំនួន ៕

Share.