កម្ពុជា-ជប៉ុន បាន​រៀបចំ​ពិធីប្រគល់-ទទួល​ផ្លូវ​រត់​អត្តពលកម្ម ​អាង​ហែល​ទឹក​ និង​អគារ​លំហាត់​ប្រាណ​ដោយ​មាន​បំពាក់​សម្ភារៈបរិក្ខារ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រម​ទាំង​មន្រ្តី​ក្រោម​ឱវាទ​ជា​ច្រើន​រូប​ទៀត។

ផ្លូវរត់អត្តពលកម្ម ៨ខ្សែបន្ទាត់ អាងហែលទឹក និងអគារធ្វើលំហាត់ប្រាណ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំកាយ​ និង​កីឡា ជា​អំណោយ​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន តាម​រយៈ ជំនួយ​ឥត​សំណង​ “គូសាណូណិ” និង​ជំនួយ​ឥត​សំណង សម្របសម្រួល​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល “បេះដូងមាស”។

បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ​តាម​រយៈ​គម្រោង​ “គូសាណូណិ” និង​អង្គការ​ក្រៅ​រដ្ឋាភិបាល “បេះដូង​មាស” ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មាន ផ្លូវ​អត្តពលកម្ម​ចំនួន​៨​ខ្សែ​បន្ទាត់ តម្លៃ​​​ជាង​៩​ម៉ឺន​ដុល្លារ​អាមេរិក ព្រម​ទាំង អាងហែលទឹក អាគារ​ធ្វើ​លំហាត់​ប្រាណ និង​បំពាក់​គ្រឿង​បរិក្ខារ សម្ភារៈ​កីឡា និង​ការ​រៀបចំ​កម្មវិធី​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​មនុស្ស​សាស្ត្រ​ឯកទេស​អប់រំកាយ​និង​កីឡា​ និង​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស អស់​ថវិការ​​ជាង​៧សែន​ដុល្លារ​អាមេរិក។

ឯកឧត្តម​រដ្ឋមន្ត្រី​ចាត់​ទុក​ថា​សមិទ្ធផល​ថ្ងៃ​នេះ​គឺ​ជា​​នឹង​បម្រើ​ដល់​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​អប់រំកាយ​និង​កីឡា និង​បង្ហាត់​បង្រៀន​ដល់​សិស្សានុសិស្ស​ គរុសិស្ស​ក្នុង​មុខ​វិជ្ជា​អប់រំកាយ​និង​កីឡា បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​កីឡា ដើម្បី​ក្លាយ​ជា​គ្រូ​អប់រំកាយ​និង​កីឡា ពោរពេញ​ដោយ​សមត្ថភាព មុន​ទៅ​បម្រើ​ការងារ​តាម​រាជធានី​-ខេត្ត។

ឯកឧត្តម បន្ថែម​ថា៖«លើក​ទឹកចិត្ត​ដល់​គរុសិស្ស​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ ជា​ពិសេស​ចាប់​យក​មុខ​វិជ្ជា​កីឡា​​ណាមួយ​ជា​ជំនាញ ដូចជា​បាល់ទាត់ បាល់ទះ បាល់បោះ…ដោយ​មិន​អាច​បណ្តុះបណ្តាល​តែ​ផ្នែក​អប់រំកាយ​និង​កីឡា នោះ​ទេ​តែ​ថែម​ទាំង​អាច​​បង្រៀន​ពី​ជំនាញ​កីឡា​ដែល​យើង​នេះ​ថែម​ទៀត​ផង»។

ឯកឧត្តម​រដ្ឋមន្ត្រី​​បាន​​លើក​ឡើង​ពី​ប្រសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ដាក់​ចេញ​គោលនយោបាយ មួយ​ថា​ការងារ​​អប់រំកាយ​និង​កីឡា ដើរ​តួនាទី​យ៉ាង​សំខាន់ និង​ជា​យាន្ត​ក្នុង​​ការ​អភិវឌ្ឍន៍​សង្គម​ ព្រោះ​​កីឡា​កសាង​មនុស្ស មនុស្ស​កសាង​សង្គម ចំណែក​វិស័យ​អប់រំកាយ​និង​​កីឡានាំ​មុន​សុខភាព​ផ្លូវកាយ​និង​ផ្លូវ​ចិត្ត។

ជាមួយ​គ្នា​នេះ​ដែរ​ឯកឧត្តម​រដ្ឋមន្ត្រី​​ សង្កេត​ឃើញ​ថា​ កម្ពុជា ជួប​បញ្ហា​ប្រឈម កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈ​កីឡា និងសមត្ថភាព​នៅ​មាន​កម្រិត។ តែ​ក្រសួង​មាន​ទិសដៅ​បន្ថែម​ពង្រឹង​ការ​អភិវឌ្ឍន៍ និង​បន្ត​យន្តការ​ដែល​មាន​សម្រាប់​ដើម្បី​ជំរុញ​ការងារ​អប់រំកាយ​និង​កីឡា​ឱ្យ​មាន​ប្រសិទ្ធភាព​ដូចជា៖
១) ពង្រឹង​និង​ពង្រីក​វិស័យ​អប់រំកាយ​និង​កីឡា​តាម​សាលារៀន​
២) ពង្រឹង​​និង​ពង្រីក វិស័យ​អប់រំកាយ​និង​កីឡា​២ម៉ោង​ក្នុង​១សប្ដាហ៍ និង​សកម្មភាព​​កីឡា​ក្រៅ​ម៉ោង​សិក្សា
៣) រៀបចំ​បណ្ដុះបណ្ដាល​គ្រូ​អប់រំកាយ​និង​កីឡា​ឱ្យ​ដល់​កម្រិត​បរិញ្ញាប័ត្រ​​​​​​
៤) ជម្រុះ​មហាជន​​ហាត់​ប្រាណ​ជា​ប្រចាំ
៥) វិទ្យាស្ថាន​អប់រំកាយ​និង​កីឡា ត្រូវ​តែ​សហការ​ជាមួយ​អង្គការ​ និង​​ដៃ​នានា ដើម្បី​ពង្រឹង​វិទ្យាស្ថាន​អប់រំកាយ​និង​កីឡា​ទៅ​ជា​​គ្រឹះស្ថាន​ឧត្តម​សិក្សា ជាដើម៕

Telegram-Troryorng
Share.