ដូច​មហាជន​អ្នកគាំទ្រ​បាន​ជ្រាប​មកហើយ​ថា តារាចម្រៀង​ស្រី ទេព បូ​ព្រឹក្ស បាន​សាង​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​សិល្បៈ​ចម្រៀង​ខ្មែរ ដែល​បទ​ចម្រៀង «វីរនារី» ឬ The Top Of The Lady ត្រូវបាន​មហាជន​គាំទ្រ​និង​កោតសរសើរ​ទូទាំងប្រទេស​កម្ពុជា​តែម្ដង។ មិនតែប៉ុណ្ណោះ ត្រឹម​រយៈពេល​ខ្លី​មែនទែន បទ​នេះ​បាន​បំបែក​កំណាត់​ត្រា​ជា​បទ​ចម្រៀង​ជា​ចំណាត់ថ្នាក់​លេខ១ នៅ លើ​តារាង Music Charts In Cambodia ។ នេះ​ជា​អ្វីដែល​តារា​ស្រី​រូបនេះ​បាន​តាំងចិត្ត​ចង់​សាង​បំពេញ​ក្ដី​ស្រ​ម៉ៃ​របស់ខ្លួន​ដែលមាន​យូរហើយ និង​ជា​បំណង​ចិត្ត​របស់​ហ្វេ​ន​ដែល​ចង់ឃើញ​កូន​ខ្មែរ​ផលិត MV ដ៏​មាន​គុណភាព និង​លំដាប់​អន្ដរជាតិ​បែបនេះ។

នៅ​ល្ងាច​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ​នេះ តារាចម្រៀង​ស្រី ទេព បូ​ព្រឹក្ស  និង​ប្អូនប្រុស​របស់ ទេព បូ​ព្រឹក្ស បានបង្ហាញ​វត្តមាន​ចូលរួម​ទស្សនា​ស្នាដៃ​សិល្បករ និង​វិចិត្រករ បានដាក់​តាំង​បង្ហាញ គំនូរ ចម្លាក់ ច្នៃប្រឌិត​បែប​សិល្បៈ​សហ​សម័យ​នៅ​កម្ពុជា នា​បរិវេណ​សារមន្ទី​ខ្លែង។ តារា​ស្រី​រូបនេះ​បានរួម​ដំណើរ​ជាមួយ​អ្នក​ច្នៃ​ម៉ូដ​ល្បី លោក ឯម រាម ឈរ​បង្ហាញ​មហាជន​អ្នកគាំទ្រ​ឱ្យ​ងាក​មក​ចាប់អារម្មណ៍​ពី​ស្នាដៃ​ច្នៃប្រឌិត​ថ្មី​ពី​បង្គុំ​ចម្លាក់ «ឈុត​ស្បៃ​ធំ» ដែល​លោក ឯម រាម បាន​ដកស្រង់​គំនិត​ចេញពី​រូបភាព​នាដកា​របាំ​ឈរ​រាំ​នៅមុខ​ប្រាសាទអង្គរវត្ត។

ជួប​សម្ភាស​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ត្រយង តារាចម្រៀង​ស្រី ទេព បូ​ព្រឹក្ស បាន​រៀបរាប់ថា ការដែល​មក​ចូលរួម​ទស្សនាការ​ដាក់តាំង​បង្ហាញ​ពិព័រណ៍​ស្នាដៃ​សិល្បៈ​សហ​សម័យ​នៅ​សារមន្ទីរ​ខ្លែង​នេះ គឺ​ចង់​មក​មើល ដើម្បី​ប្រមូល​គំនិត ឬ Concept ថ្មីៗ ដើម្បី​ត្រៀម​យកទៅដាក់​ក្នុង MV បទ​ចម្រៀង​ថ្មី ដែល​គ្រោង​នឹង​ថត​ក្នុងពេលឆាប់ៗនេះ។ កញ្ញា​ថា «បើ​មាន​បទ​ទី១ហើយ ត្រូវតែមាន​បទ​ទី២ ទី៣ ។ ហ្វេ​ន​តែងតែ​សំណូមពរ ឱ្យមាន​បទ​ទី ២ បន្ដទៀត។ ការពិតទៅ​មិនបាច់​សំណូមពរ​នោះទេ គឺ​ខ្ញុំ​បាន​ត្រៀម​បទ​បន្ទាប់​រួចរាល់​ហើយ។ អ៊ីចឹង​សម្រាប់ Concept ចំពោះ​បទ​ក្រោយ​ហ្នឹង ក៏​វា​មិនសូវ​ខុសគ្នា​ប៉ុន្មាន​នោះទេ ដែល​អាច​និយាយថា Concept ប្លែក​ពីមុន​បន្ដិច តែ​ទំហំ​នៃ​ការថត​គឺ​មិន​ចាញ់​លើក​មុន​ប៉ុន្មាន​ទេ»។

តារាចម្រៀង​ស្រី​រាង​តូច​ច្រលឹង​រូបនេះ បាន​អះអាង​ប្រាប់ទៀតថា ចំពោះ​រាល់​ការផលិត​បទ​ចម្រៀងនីមួយៗ គឺ​កញ្ញា​គ្មាន​ការរំពឹង​ទុកជាមុន​ថា ជោគជ័យ ឬ​ទទួលបាន​មកវិញ​នូវ​កម្រិត​ប៉ុណ្ណា​នោះទេ តែ​កញ្ញា​ថា កញ្ញា​ប្រឹងប្រែង​ផលិត​ឱ្យ​អស់ពី​លទ្ធភាព សម្រិតសម្រាំង​ឱ្យអស់​ជាមុនសិន ហើយ​ទុកឱ្យ​ហ្វេ​ន​អ្នកគាំទ្រ​ជា​អ្នក​ដាក់ពិន្ទុរ។ កញ្ញា​ថា «សម្រាប់​បទ​បែបនេះ កន្លងមក ពីមុនៗ គឺ​ខ្ញុំ​បានធ្វើ​វា​ហើយ​ច្រើនដង​ដែរ តែ​កាល​ហ្នឹង​មាន​បងប្អូន​អ្នកគាំទ្រ​មួយចំនួន​នៅ​មិនទាន់​យល់ច្បាស់​ពីអ្វី​ទៅជា​សិល្បៈ​សហ​សម័យ។ តែ​មកដល់​បទ The Top Of The Lady  នេះ យើង​មើលឃើញថា ពួកគាត់​យល់បាន​ច្រើន ស្គាល់​បាន​ច្រើន ហើយ​បង្ហាញ​ការពេញចិត្ត​ជាខ្លាំង​ថែមទៀត។ កាល​មុន​នោះ ឬក៏​មកពី​ខ្ញុំ​ដើរទៅ​លឿន​មុន​ពួកគាត់​ពេក​ក៏​មិនដឹង»។

យ៉ាងណាមិញ កញ្ញា ទេព បូ​ព្រឹក្ស បានបញ្ជាក់​ទៀតថា ចំពោះ​បទ​ថ្មី​ដែលមាន​ចំនួន ២បទ​គ្រោង​បញ្ចេញ​នេះ គឺ​នៅ​មិនទាន់បាន​ផលិត​នៅឡើយ​ទេ ប៉ុន្ដែ​មាន​ចម្រៀង​ត្រៀម​ទុក​ហើយ រីឯ​ចង្វាក់ភ្លេង​បែបណា​នោះ គឺ​មិនទាន់​បញ្ជាក់​បានទេ ទុកឱ្យ​អ្នកគាំទ្រ​តាមដាន​បន្ដទៀត។ កញ្ញា​ថា បទ​ក្រោយនេះ ក៏​នៅតែ​បង្ហាញ​ពី​សិល្បៈ​សហ​សម័យ​ទៅកាន់​ពិភពលោក ក៏ដូចជា​អ្នកគាំទ្រ​ទាំងអស់​បានឃើញ ព្រោះ​កញ្ញា​ជា​តារា​ស្រី​ម្នាក់​ដែល​និយម​តែងខ្លួន​បែប​សហ​សម័យ៕

Telegram-Troryorng
Share.