បាត់ដំបង៖ ប្រជាពលរដ្ឋក្នុងស្រុកឯកភ្នំ ៥២៨គ្រួសារភ្ញាក់រលឹកចូលរួមជាមួយអាជ្ញាធរប្រគល់ដីព្រៃលិចទឹកតំបន់ ៣ ជូនរដ្ឋវិញ។

លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ បានប្រាប់ឲ្យដឹងថា មកដល់ចុងសប្តាហ៍កន្លងមកនេះប្រជាពលរដ្ឋចំនួន ៤ភូមិដែលមានជាប់ពាក់ព័ន្ធប្រើប្រាស់ និងអាស្រ័យផលលើផ្ទៃដីព្រៃលិចទឹកតំបន់ ៣ កើនដល់ចំនួន ៥២៨គ្រួសារហើយ ដែលពួកគាត់បានស្ម័គ្រចិត្ត និងចូលសារភាពប្រគល់ដីតំបន់ហាមឃាត់ខាងលើជូនមកដល់រដ្ឋវិញ តាមរយ:រដ្ឋបាលស្រុក។

គិតត្រឹមថ្ងៃទី ០៨ ខែធ្នូ នេះមន្ត្រីរដ្ឋបាលស្រុក សហការជាមួយក្រុមការងារជំនាញបានចុះកំណត់អត្តសញ្ញាណជនដែលទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកតំបន់ ៣ នៅក្នុងភូមិសាស្រ្តឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាលទ្ធផលប្រជាពលរដ្ឋមកដាក់ពាក្យសារភាព និងប្រគល់ដីជូនរដ្ឋវិញមានចំនួន ៨៦គ្រួសារ ស្មើក្បាលដីសរុបចំនួន ៩៧ក្បាលដី។

ដែនព្រៃលិចទឹកបឹងទន្លេសាបតំបន់ ៣ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មានផ្ទៃដីសរុបចំនួន ២០៦ ៩៥៣ហិកតា ក្នុងចំណោមនេះផ្ទៃដីដែលជនខិលខូចចូលទន្ទ្រានជាកម្មសិទ្ធខុសច្បាប់មានចំនួន ២៩ទីតាំង ស្មើនឹងផ្ទៃដីប្រមាណជា ១២ ២២១ហិកតា ក្នុងនោះប្រជាពលរដ្ឋដែលប៉ះពាល់ចូលទន្ទ្រានកាន់កាប់មានចំនួន ២ ៥១៤គ្រួសារ ត្រង់ភូមិសាស្ត្រឃុំចំនួន ១៧ របស់ស្រុក ៤ មាន: ស្រុកមោងឫស្សី ស្រុកថ្មគោល ស្រុកឯកភ្នំ និងស្រុកសង្កែ៕

ដោយ: ដំបងក្រញូង

Share.