នៅ ក្នុង​ចំណោម​បេក្ខនារីបវរកញ្ញា​មក​ពី​៨០​ប្រទេស​ ដែល​បាន​ឡើង​ឆាក​ប្រកួត​បង្អួត​សម្រស់​ ដើម្បី​ដណ្ដើម​តំណែង​បវរកញ្ញា​ចក្រវាឡ​លើក ​ទី​៧០ នាទី​ក្រុង​អេឡាត់ ប្រទេស​អ៊ីស្រាអែល យុវតី​វ័យ២១​របស់​ឥណ្ឌាគឺជា​ម្ចាស់​ជ័យលាភី​ចំណាត់​ថ្នាក់​លេខ​១។​ កញ្ញា​ ​គឺជាបវរកញ្ញា​ឥណ្ឌាទី​៣ ​ហើយ​ដែល​បាន​​ឈ្នះ​មកុដ​​និង​តំណែង​បវរកញ្ញា​ចក្រវាឡ​​ជូន​ប្រទេស​ជាតិ​។ តើ​យុវតី​ក្មេង​ខ្ចី​រូប​នេះ​មាន​ប្រវត្តិ​យ៉ាង​ណា? សារព័ត៌មាន​ត្រយង​សូម​ជំរាបជូន​ដូច​ត​ទៅ​ ៖

«Harnaaz Sandhu» គឺជា​នារីឥណ្ឌា​សម័យ​ថ្មី​ដែល​មាន​ជំនឿ​ចិត្ត​ខ្ពស់​លើ​ខ្លួន​ឯង គួរ​ឱ្យ​ស្រលាញ់​ និយាយ​ពីរោះ​ និង​ពោរពេញ​ទៅ​ ដោយ​សមត្ថភាព​ កញ្ញា​កើត​នៅ​ ក្រុង​ឆានឌិការ៍ (Chandigarh) ប្រទេស​ឥណ្ឌា។ កញ្ញា​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ សកលវិទ្យាល័យ​ Government College ដែល​ស្ថិត​នៅ ​ក្នុង​ក្រុង​ឆានឌិការ៍​នេះ​ផ្ទាល់​។ បច្ចុប្បន្ន​ Harnaaz Sandhu (ហារ៍ណាស សាន់ធូ)  ក្រៅ​ ពី​ក្ដាប់​តំណែង​ជា​បវរកញ្ញា​ចក្រវាឡឥណ្ឌា និង​បវរកញ្ញា​ចក្រវាឡ​អន្តរជាតិ​ កញ្ញា​ក៏​ជា​តារា​សម្ដែង និង​នារី​ម៉ូដែល​ ដ៏​ល្បីល្បាញរបស់​ប្រទេស​ឥណ្ឌាផង​ដែរ។

កញ្ញា​ ហារ៍ណាស តាំង​ចិត្ត​ចង់​ជំរុញ​និង​គាំទ្រ​ឱ្យ​នារីៗ​ទទួល​បាន​ជោគជ័យ​ដូច​ជា​ម្ដាយ​របស់​កញ្ញា ព្រោះ​ម្ដាយ​របស់​ម្ចាស់​ជ័យលាភី​រូប​នេះ​គឺជា​ពេទ្យ​រោគស្ត្រី​ដ៏​ល្បីល្បាញ​ដែល​ចេញ​មុខ​តស៊ូ​មតិ​ចំពោះ​​ប្រព័ន្ធ​គ្រប់គ្រង​បែប​ប្រជាធិបតេយ្យ​មក​ជា​យូរ​មក​ហើយ​។ ចំណែក​កញ្ញា​វិញ​កញ្ញា​ក៏​បាន​រួម​ការងារ​ជាមួយ​នឹង​ម្ដាយ​នៅ​ ក្នុង​ជំរុំ​ដែល​ផ្ដោត​ជា​សំខាន់​លើ​សុខ​ភាព​ពិសេស​សុខ​ភាព​ស្ត្រី​និង​អនាម័យ​ប្រចាំ​ខែ​។

ម្ចាស់​ជ័យលាភី​បវរកញ្ញា​ប្រចាំ​ឆ្នាំ​២០២១​នេះ យល់​យ៉ាង​ច្បាស់​ពី​អ្វី​ដែល​ម្ដាយ​កញ្ញា​តស៊ូ​ពុះ​ពារ​ដើម្បី​កញ្ញា​ ដូច្នេះ​សព្វថ្ងៃ​នេះ​កញ្ញា​គឺជា​មនុស្ស​ចម្បង​គាំទ្រ​និង​ជួយ​ដល់​ស្ត្រី​ឥណ្ឌា​ជា​ច្រើន​នាក់​ជា​ពិសេស​គឺគាំទ្រ​ដល់​ស្ត្រី​គ្រប់​គ្នាឱ្យ​មាន​សិទ្ធិ​សេរីភាព​តាម​រដ្ឋធម្មនុញ្ញា​យ៉ាង​ស្របច្បាប់​ទាំង​ក្នុង​ការ​សិក្សា​ អាជីព​និង​សេរីភាព​ក្នុង​ការ​ជ្រើសរើស​ ដោយ​កញ្ញា​ ហារ៍ណាថ មាន​ជំនឿ​ចំពោះ​ប្រយោគ​ដែល​ពោល​ថា​ «វត្ថុ​ដ៏​អស្ចារ្យ​បំផុត​នឹង​កើត​ឡើង​ចំពោះ​មនុស្ស​ដែល​មាន​ជំនឿ ​ព្យាយាម ខំសិក្សា​ស្វែងយល់ និង​កត្តញ្ញូ​»

នៅ​ ក្នុង​វគ្គ​ Top5 បវរកញ្ញា​ដែល​សន្សឹម​ៗ​ភាព​លេចធ្លោរបស់​កញ្ញា​កាន់​តែ​ចាំងចិញ្ចែងចិញ្ចាច​លើ​វេទិកា​ប្រកួត​ ព្រោះ​តែ​រូប​សម្រស់​ស្អាត ឆ្លាត និង រហ័សរហួន​ តាម​រយៈ​ការ​ឆ្លើយ​សំនួរ​ ដែល​បាន​សួរ​ថា​ «មនុស្ស​ជា​ច្រើន​គិត​ថា​វិបត្តិ​នៃ​បំរែបំរួល​អាកាសធាតុ​គឺជារឿង​បោកប្រាស់​​តើ​កញ្ញា​មាន​វិធី​បែបណា និយាយបញ្ចុះបញ្ចូល​ឱ្យ​គេ​គិតថា​នោះ​គឺជា​រឿង​ពិត​» កញ្ញា​បាន​ឆ្លើយ​តប​ថា​ «ដោយ​សច្ចៈភាព​បេះដូង​របស់​ខ្ញុំប្រេះបែក​ដោយ​សារ​តែ​ធម្មជាតិ​កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហា ហើយ​នោះ​គឺជា​ទំនួល​ខុស​ត្រូវ​របស់​ពួក​យើង​ ខ្ញុំ​ជឿ​ថា​នេះ​គួរ​តែ​ដល់​ពេល​វេលា​ដែល​គ្រប់​គ្នា​ត្រូវពួក​ដៃ​គ្នា​ធ្វើសកម្មភាព​​ ហើយ​និយាយ​ឱ្យ​តិច​ជាង​មុន​ ព្រោះរាល់​សកម្មភាព​ទាំង​អស់​អាច​ជួយ​ដល់​ធម្មជាតិ​បាន​ ការ​មើល​ថែ​និង​ការ​ពារ​ធម្មជាតិ​ គឺជា​រឿង​ល្អ​ជាង​ត្រលប់​មក​ដោះស្រាយ​បញ្ហា​តាម​ក្រោយ​ ហើយ​នេះ​គឺជា​​រឿង​ដែល​ខ្ញុំ​កំពុង​តែ​ព្យាយាម​ប្រាប់​អ្នក​ក្នុង​ថ្ងៃ​នេះ​​​»។

ងាក​មក​សំនួរ​សម្រាប់​បេក្ខនារី​៣​រូប​ចុង​ក្រោយ​ បវរកញ្ញា​ទាំងអស់​ត្រូវ​ឆ្លើយ​សំនួរ​ដូច​ៗ​គ្នា​គឺ​ «តើ​អ្នក​នឹង​មាន​ពាក្យណែនាំ​អ្វី​ដើម្បី​ផ្ដល់​ទៅ កាន់​នារី​ជំនាន់​ថ្មី​ដែល​កំពុង​តែ​តាមដាន​ទស្សនា​ តើពួក​គេ​​ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​ឆ្លើយតប​នឹង​សម្ពាធ​ដែល​កំពុង​ជួប​ប្រទះ​​ក្នុង​ពេល​បច្ចុប្បន្ននេះ​?» ដោយ​ចម្លើយ​របស់​កញ្ញា​គឺ​៖ «ខ្ញុំ​គិតថា​សម្ពាធ​ដែល​យុវវ័យកំពុង​ជួប​ប្រទះ​គឺ​រឿង​ជំនឿ​ជាក់​លើ​ខ្លួន​ឯង​ សូម​ដឹងថា​ពួក​អ្នក​គ្រប់​គ្នា​មាន​លក្ខណៈ​ពិសេស​រៀងៗ​ខ្លួន នោះ​ហើយ​គឺជា​វត្ថុ​ដែល​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ ស្រស់ស្អាត សូមឈប់​យក​ខ្លួន​ឯង​ទៅ​ប្រៀបធៀបជាមួយ​នឹង​អ្នក​ផ្សេង​ ហើយ​ងាក​មក​និយាយ​គ្នា​ពី​រឿង​ហេតុ​សំខាន់​ៗ​ដែល​កើត​ឡើង​ក្នុង​ពិភពលោក​ល្អជាង​ នេះ​គឺជា​អ្វី​ដែល​អ្នក​ត្រូវ​យល់​ ឈាន​ជើង​ចេញ​មក​ហើយ​ហ៊ាន​និយាយ​ ព្រោះ​អ្នក​គឺជាអ្នក​កំណត់​ជីវិត​របស់​អ្នក​ អ្នក​គឺជា​ម្ចាស់​សំឡេង​របស់​អ្នក​ខ្លួន​ឯង​ ខ្ញុំ​ជឿជាក់​លើ​ខ្លួន​ឯង​ ហើយ​នោះ​គឺជា​ហេតុផល​ដែល​ខ្ញុំ​មក​ឈរ​នៅ​ ត្រង់​នេះ។»

គួរ​ដឹង​ថា​បវរកញ្ញា​ចក្រវាឡ​ឆ្នាំ​២០២១​ ចំណាត់​ថ្នាក់​លេខ​១​បាន​ទៅ​ លើ​កញ្ញា​ ហារ៍ណាថ​ សាន់ធូ បវរកញ្ញា​មក​ពី​ប្រទេស​ឥណ្ឌា បវរកញ្ញា​ចំណាត់​ថ្នាក់លេខ​២​បាន​ទៅ​ លើ​កញ្ញា​ ណាឌៀ ហ្វឺរ៉ៃរ៉ា (Nadia Ferreira) បវរកញ្ញា​ប៉ារ៉ាហ្គាយ និង​ចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​ លើ​បវរកញ្ញា​ ឡាឡេឡា មីស្វាណេ (Latela Mswane) បវរកញ្ញា​មក​ពី​អាហ្វ្រិកខាងត្បូង​៕

ទស្សនា​វីដេអូ​ព័ត៌មាន​ខាង​ក្រោម​នេះ៖

Telegram-Troryorng
Share.