បាត់ដំបង៖ កម្លាំងសមត្ថកិច្ចតំបន់ព្រំដែន ទទួលពលរដ្ឋខ្មែរជាង ១៣៨នាក់ពីទាហានថៃ បន្ទាប់ពីពួកគេបាននាំគ្នាឆ្លងដែនបំពានច្បាប់ចូលក្នុងទឹកដីថៃ។

នគរបាលជំនាញបានបង្ហើបឲ្យដឹងថា ក្រោមកិច្ចសហការទប់ស្កាត់ករណីប៉ុនប៉ងលួចឆ្លងដែន រវាងកម្លាំងសមត្ថកិច្ចតំបន់ព្រំដែនកម្ពុជា និង ថៃ នៅ ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១នេះ កម្លាំងក្បាតការពារតំបន់ព្រំដែនវរ: ៨១៩ នគរបាលប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធ ពលខេមរភូមិន្ទ បានចុះទទួលពលរដ្ឋខ្មែរពីភាគីទាហានថៃ ចំនួន ១៣៨នាក់ឲ្យវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។

កិច្ចសហការប្រគល់ និងទទួលនេះធ្វើឡើងតាមចំណុចច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ ប្រជាពលរដ្ឋជាពលរដ្ឋខ្មែរដែលលបឆ្លងដែនមិនត្រឹមត្រូវតាមច្បាប់កំណត់នេះសរុបចំនួន ១៣៨នាក់ ក្នុងនោះបុរសចំនួន ៣៤នាក់ ស្ត្រីចំនួន ៥៨នាក់ និងក្មេង ៤៦នាក់ផងដែរ។

ក្នុងចំណោមពលរដ្ឋទាំងអស់ខាងលើត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស លទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់ ក្នុងនោះពលរដ្ឋប្រុសស្រីចំនួន ១០៧នាក់ដែលទទួលបានវ៉ាក់សាំងរួច។ បន្ទាប់មកសមត្ថកិច្ចបានអប់រំណែនាំរួចអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ ប៉ុន្តែចំពោះពលករចំនួន ៣១នាក់ដែលមិនទាន់ទទួលបានការផ្តល់វ៉ាក់សាំង គ្រូពេទ្យបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ ៩ ស្រុកសំពៅលូន៕

អត្ថបទ៖ដំបងក្រញូង

Share.