កម្ពុជាបានកំណត់យកឆ្នាំ២០២២ ជាឆ្នាំស្ដារនិងជំរុញសេដ្ឋកិច្ចឡើងវិញ ហើយរំពឹងថា ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងមកដល់៧% ដូចកាលពីមិនទាន់ផ្ទុះកូវីដ១៩។

ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “យុទ្ធសាស្រ្ដស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី” នាទីស្ដីការគណៈរដ្ឋមន្ដ្រី ឲ្យដឹងថា កម្ពុជាចាប់ផ្ដើមស្ដារសេដ្ឋកិច្ចឡើងវិញចាប់ពីឆ្នាំ ២០២២ ហើយប្រសិនបើមិនមានអ្វីប្រែប្រួលគឺកម្ពុជានឹងទាញសេដ្ឋកិច្ចមកធម្មតា ដូចមុនការផ្ទុះកូវីដ១៩ ដោយរក្សាបានកំណើនសេដ្ឋកិច្ច៧%។

ឆ្នាំ២០២០ ជាឆ្នាំដែលកម្ពុជារងផលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ១៩ ហើយទាញទម្លាក់ការរំពឹងទុកសេដ្ឋកិច្ចនៅត្រឹម ២,៤% ប៉ុន្ដែផ្ទុយពីការរំពឹងទុកនេះ ពាក់កណ្ដាលឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមងើបឡើងវិញជាបណ្ដើរៗ ដោយសារកម្ពុជាបានស្រោចវ៉ាក់សាំងការពារកូវីដ១៩ បានស្ទើរគ្រប់ប្រជាជន ។ ម៉្លោះហើយគេឃើញ វិស័យកសិកម្ម និងវិស័យកាត់ដេរកំពុង ងើបឡើងវិញ ក្រោយពីយុទ្ធនាការចាក់វ៉ាក់សាំង ទទួលបានជោគជ័យ។

កម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសដែលឈានមុខគេនៅតំបន់អាស៊ី និងលំដាប់ទី០៥ ក្នុងពិភពលោក ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានច្រើន។ 

ឯកឧត្តម ផាន់ ផល្លា បានបញ្ជាក់ថា កម្ពុជាបានចាក់វ៉ាក់សាំងបានច្រើនបែបនេះ បានធ្វើឲ្យចរន្ដសេដ្ឋកិច្ចហាក់កំពុងងើបឡើងវិញ តាមរយៈវិស័យកសិកម្ម និងវិស័យកាត់ដេរ។ ទន្ទឹមនឹងនេះ វិស័យសំណង់ហាក់កំពុងងើបឡើងដែរ និងវិស័យទេសចរណ៍ក្នុងស្រុក កំពុងដំណើរការបានយ៉ាងល្អ ក្រោយពីរាជរដ្ឋាភិបាល បើកប្រទេសឡើងវិញ។ 

តើអ្វីទៅជាកត្តាដែលធ្វើឲ្យកម្ពុជារំពឹងថា សេដ្ឋកិច្ចងើបឡើងវិញមកធម្មតា ហើយរក្សាបានកំណើនសេដ្ឋកិច្ច៧% នៅឆ្នាំ២០២៤? ឆ្លើយតបនឹងអ្នកសារព័ត៌មាន ឯកឧត្តម ផាន់ ផល្លា បានបញ្ជាក់ថា ប្រសិនបើមិនមានភាពប្រែប្រួលនោះទេ កម្ពុជានឹងធ្វើឲ្យសេដ្ឋកិច្ចវិលមកសភាពធម្មតា នៅឆ្នាំ ២០២៤ តាមរយៈ កំណើនសេដ្ឋកិច្ច មកពីវិស័យ កសិកម្ម កាត់ដេរ ទេសចរណ៍ និងសំណង់។

ទន្ទឹមនឹងវិស័យទាំង៤ខាងលើនេះ កម្ពុជានឹង ធ្វើឲ្យប្រសើរឡើងវិញនូវសេដ្ឋកិច្ច ដោយកត្តា មួយចំនួន ដូចជា កត្តាទីផ្សារខាងក្រៅ, កំណែទម្រង់ហិរញ្ញប្បទាន, និង ការដាក់ចេញវិធានការរដ្ឋបាល ជាដើម។ 

ប្រទេសកម្ពុជា បានរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចាប់តាំងពីឆ្នាំង ២០២០ ហើយអំឡុងនៃការផ្ទុះកូវីដ១៩ រាជរដ្ឋាភិបាលដាក់ចេញវិធានការជាច្រើនដើម្បីទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់នានា ពីវិបត្តិកូវីដ១៩ ។ អ្វីដែលមានការកត់សម្គាល់ខ្លាំងនោះ គឺការចាក់វ៉ាក់សាំង ដែលកម្ពុជា បាននាំមុខគេនៅតំបន់អាស៊ី និងលំដាប់ទី០៥ ក្នុងពិភពលោក នៃការចាក់វ៉ាក់សាំង ។ 

ហេតុផលមួយក្នុងចំណោម ហេតុផលផ្សេងទៀត ដែលធ្វើឲ្យកម្ពុជាបើកប្រទេសឡើងវិញនោះ គឺការចាក់វ៉ាក់សាំង និងអត្រាឆ្លងជំងឺកូវីដ១៩ មានកម្រិតទាប។ 

ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ គឺជាក្ដីសង្ឃឹមកម្ពុជាស្ដារសេដ្ឋកិច្ច ធ្វើឲ្យប្រទេសមួយនេះ វិលត្រឡប់ទៅរកភាពធម្មតា ពោលគឺរក្សាកំណើនសេដ្ឋកិច្ច ៧% ដូចមុនការផ្ទុះជំងឺកូវីដ១៩៕

Share.