ចក្រភព​អង់គ្លេស​បានបញ្ជាក់​ថា មាន​ករណី​ស្លាប់​ដំបូង​ដោយសារ​វីរុស​បំប្លែង​ថ្មី Omicron នៅក្នុង​ប្រទេស​របស់ខ្លួន ស្រប​ពេលដែល​ប្រទេស​នេះ​កំពុងតែ​ព​ន្លឿ​ន​ការចាក់​ដូ​ស​ជម្រុញ​ជូន​ប្រជាជន។

នេះ​ជាការ​បញ្ជាក់​របស់លោក​នាយករដ្ឋមន្ត្រី Boris Johnson នៅពេលដែល​លោក​បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​កូ​វីដ១៩ នា​ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍។

លោក Boris Johnson បាន​ប្រាប់​អ្នកកាសែត​ក្នុង​ចក្រភព​អង់គ្លេស​ថា នេះ​គឺជា​រឿង​សោកស្ដាយ​បំផុត​ដែលមាន​អ្នកជំងឺ​ម្នាក់​បាន​ស្លាប់​ដោយសារ​វីរុស Omicron។ លោក​ក៏បាន​ព្រមាន​ពីរ​លក​នៃ​ការផ្ទុះ​វីរុស​បំប្លែង​ថ្មី​នេះដែរ ដោយបាន​បញ្ជាក់ថា វីរុស​ពិតជា​អាច​បង្ក​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​បាន។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក សាជី​ត ចា​វីត បាន​និយាយថា បច្ចុប្បន្ន​ចក្រភព​អង់គ្លេស​មាន​អ្នក​ឆ្លង​វីរុស Omicron ចំនួន ១០នាក់ ហើយ​កំពុងតែ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ។ លោក ចា​វីត​បាន​បន្តថា អត្រា​នៃ​ការរីក​រាលដាល​វីរុស​បំប្លែង​ថ្មី Omicron គឺជា​អ្វីដែល​យើង​មិន​ធ្លាប់​គិតថា​ជា​វីរុស​ធ្ងន់ធ្ងរ​ពីមុនមក​នោះទេ។

ពេលនេះ​អង្គការ​សុខភាព​ពិភពលោក WHO បាន​និយាយថា វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​ជាង ៦០ ប្រទេស​នៅ​ទូទាំង​ពិភពលោក។

អង្គការ​សុខភាព​ពិភពលោក WHO បន្តថា វីរុស​នេះ​អាច​បង្ក​ហានិភ័យ​ខ្ពស់​ណាស់​ចំពោះ​សាកលលោក​ទាំងមូល ដោយមាន​ភស្ដុតាង​មួយចំនួន​បានបញ្ជាក់​ថា វីរុស​នេះ​អាច​គេច​ផុតពី​ប្រសិទ្ធភាព​ការពារ​របស់​វ៉ាក់សាំង​ទៀតផង ប៉ុន្ដែ​ទិន្នន័យ​ពី​ការពិសោធន៍​អំពី​ការឈឺ​ធ្ងន់ធ្ងរ​គឺ​នៅមានកម្រិត​នៅឡើយ។

ប្រភព៖ CNA

Share.