ស្របពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាល កម្ពុជាបានព្យាករណ៍ទុកជាមុនថា មានរឿងពីរដែលគេនឹងស្តីបន្ទោសមកលើកម្ពុជាក្នុងឋានៈ ជាប្រធានសមាគមតំបន់១នេះ។

រឿងទី១ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងនោះគឺដំណោះស្រាយនៅប្រទេសមីយ៉ាន់ម៉ា ដែលសម្តេចអះអាងថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសជាសមាជិកអាស៊ានមួយនេះ នៅខែមករាឆ្នាំ២០២២ខាងមុខ។

ចំពោះសំណុំរឿងប្រទេសភូមានេះ សម្តេចបានបញ្ជាក់ថា សូមទុកពេលឲ្យកម្ពុជាបំបេញ តួនាទីរបស់ខ្លួនក្នុងនាមជាប្រធានអាស៊ាន។ក្នុងនោះសម្តេចក៏បានលើកឡើងអំពីបទពិសោធន៍ របស់កម្ពុជាក្នុងការឈានទៅបញ្ចប់សង្គ្រាមតាមរយៈកិច្ចចរចាររវាងភាគីពាក់ព័ន្ធពោលគឺ រវាងខ្មែរនិងខ្មែរ។ ចំពោះករណីនៅប្រទេសមីយ៉ាន់ម៉ាក៏ដូចគ្នាដើម្បីឈានទៅបញ្ចប់បញ្ហា ទាមទារនូវការស្រុះស្រួលគ្នារវាងភាគីពាក់ព័ន្ធនៅក្នុងប្រទេសរបស់ខ្លួន។

ក្នុងសំណុំរឿងនេះ សម្តេចថា សូមកុំរំខានខ្ញុំ សូមទុកឱកាសឲ្យខ្ញុំធ្វើការ

ចំពោះករណីទី២វិញ គឺពាក់ព័ន្ធទៅនឹងបញ្ហាសមុទ្រចិនខាងត្បូងដែលជាតំបន់មានទំនាស់ រវាងមហាយក្សចិនជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានមួយចំនួន។ ក្នុងនោះសម្តេចថា សូមកុំបន្ទោសកម្ពុជា ក្នុងករណីដែលក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង COC សម្រាប់តំបន់ សមុទ្រចិនខាងត្បូង ចេញមិនរួច។ ក្នុងន័យនេះសម្តេចបានលើកទឹកចិត្តឲ្យបណ្តាលប្រទេសពាក់ព័ន្ធព្យាយាម ចរចាដោះស្រាយ បញ្ហាដោយសន្តិវិធីក្នុងន័យដៃគូសហប្រតិបត្តិការជាមួយប្រទេសចិន។

ក្នុងនោះសម្តេចក៏បានអះអាងអំពីការចូលរួមធ្វើយ៉ាងណាឲ្យមានការជួបចរចាគ្នារវាងភាគី ពាក់ព័ន្ធ។ក្នុងនោះកម្ពុជាក៏ប្រកាសចេញថ្លៃសម្រាប់ការចរចារវាងភាគីពាក់ព័ន្ធ។

សម្តេចសង្កត់ធ្ងន់ថា សូមកុំធ្វើឲ្យតំបន់សមុទ្រចិនខាងត្បូងក្លាយជាដុំថ្មីក្តៅ ត្រូវធ្វើឲ្យតំបន់ មួយនេះក្លាយជាដំឡូងក្តៅបោះមកឲ្យកម្ពុជាវិញ៕

Share.