ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូរបស់អ្នក ជិតខាងបានសម្រេចហើយយកទៅបញ្ចាំបាត់។ម្ចាស់ម៉ូតស្គាល់ដឹងមុខ ក៏បាន ប្តឹង សមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅបន្ទប់ជួលក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ចាប់ខ្លួនបាន ទី១ ឈ្មោះ លី ចាន់សុខថា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានទីលំនៅ ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។ ទី២ ឈ្មោះ ភួង សារ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ នៅភូមិព្រៃទា១ មានទីលំនៅ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។

ចំណែកឯម៉ូតូ ដែលជនសង្ស័យលួចយកទៅបញ្ចាំបាត់នោះ មានម៉ាកហុងដាឌ្រីម សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1I-3797 មានជនរងគ្រោះ ឈ្មោះ កយ ចាន់ថន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ក្បែរបន្ទប់ជនសង្ស័យដែរ មានស្រុកកំណើត ភូមិអន្លង់ព្រីង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ខ្លួនរវល់តែដេកលេងក្នុងបន្ទប់ ស្រាប់តែជនសង្ស័យលួចអូសម៉ូតូជិះគេចទៅបាត់។  ដោយមានអ្នកជិតខាងស្គាល់មុខ ដឹងច្បាស់ ជនសង្ស័យហើយ គាត់ក៏រត់ទៅប្តឹងសមត្ថកិច្ច លុះដល់ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ជនសង្ស័យវិលមកវិញ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅឃាត់ខ្លួនបានម្នាក់ សាកសួរនាំបឋមរួចបន្តទៅតាមឃាត់បានម្នាក់ទៀត ដល់រោងចក្រ នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យទាំង២នាក់ បានសារភាពថា ពិតជាបានលួចម៉ូតូរបស់ ជនរងគ្រោះពិតមែន ក្នុងរូបភាពយកសោចាក់ទ្វារបន្ទប់ជនរងគ្រោះពីក្រៅ រួចអូសម៉ូតូ ជិះយកទៅបញ្ចាំនៅឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានលុយ៧០ម៉ឺនរៀល យកទៅទិញថ្នាំញៀនជក់ និងផឹក ស៊ីចាយ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីសាកសួរនិងកសាង សំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

សូមទស្សនាវីដេអូខាងក្រោម៖

Share.