(បាត់ដំបង)៖ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការដេប៉ាតឺម៉ង់ភាសាចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ ​បុគ្គលិកអប់រំ លោកសាស្ត្រាចារ្យបណ្ឌិត វ៉ាង ជានៀន  ជាអតីតនាយកវិទ្យាស្ថានខុងជឺភាគីចិន លោកសាស្ត្រាចារ្យបណ្ឌិត អ៊ី យ៉ុងចុង ជានាយកថ្មីវិទ្យាស្ថានខុងជឺភាគីចិន លោកបណ្ឌិតសំ រ៉ានី ជានាយកវិទ្យាស្ថានខុងជឺភាគីកម្ពុជា លោកសាស្រ្តាចារ្យនិងគ្រូបង្រៀនភាសាចិន។ សាកលវិទ្យាល័យនឹងបើកថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រចិនជូនដល់សិស្សានុសិស្ស និងនិសិ្សតដែលមានបំណងចង់សិក្សានៅក្នុងឆ្នាំសិក្សាថ្មី ២០២១-២០២២នេះ។

បច្ចុប្បន្ននេះ ដេប៉ាតឺម៉ង់ភាសាចិនបានទទួលការឧបត្ថម្ភគាំទ្រពីស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា មូលនិធិអប់រំអន្តរជាតិនៃប្រទេសចិន (CIEF) មជ្ឈមណ្ឌលដើម្បីកិច្ចសហប្រតិបត្តិការ និងការអប់រំភាសានៃប្រទេសចិន (CLEC) សាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីង (Guilin University of Electronic Technology) និងវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តមសុខ ឃន​ បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់ឯកឧត្តមស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ សាកលវិទ្យាល័យ  សាកលវិទ្យាល័យបានសម្រេចចិត្តបើកដំណើរការដេប៉ាតឺម៉ងភាសាចិន ក្នុងគោលបំណង    បណ្តុះបណ្តាលដល់និស្សិត និងសាធារណៈជនដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារខ្ពស់ និងកំណើនទំហំវិនិយោគឈានមុខគេរបស់ក្រុមហ៊ុនពាណិជ្ជកម្មចិននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៍បានបញ្ជាក់បន្ថែមទៀតថា ជំនាញភាសាចិននេះ បានទទួលការអនុញ្ញាតជាផ្លូវការរបស់ក្រសួងអប់រំ យុវជននិងកីឡា តាមរយៈប្រកាសលេខ ១១៥៧ អយក. បក ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ស្តីពីការបង្កើតមុខជំនាញថ្មីនៅសាកវិទ្យាល័យជាតិបាត់ដំបង។

លោកសាស្ត្រាចារ្យបណ្ឌិតវ៉ាង ជានៀន  បានមានប្រសាសន៍ថាវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានបណ្តុះបណ្តាលភាសាចិនវគ្គសិក្សាខ្លីដល់សិស្ស និសិ្សត និងបុគ្គលិកក្រុមហ៊ុនបានចំនួនជាង៣០០ នាក់ និងបានរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ចំនួន១០លើក ដែលជាស្ពានមួយចងភ្ជាប់ទំនាក់ទំនងមិត្តភាពដ៏ប្រពៃរវាងប្រជាជនកម្ពុជា និងប្រជាជនចិន។ លោកបានសង្កត់ធ្ងន់ថាវិទ្យាស្ថានខុងជឺនឹងជួយគាំទ្រដល់ដេប៉ាតឺម៉ង់ភាសាចិនក្នុងការបើកថ្នាក់បរិញ្ញាបត្រភាសាចិនតាមរូបមន្តកម្មវិធីសិក្សា២+២ដែលផ្តល់ឱកាសនិស្សិត​អាចសិក្សារយៈពេល២ឆ្នាំនៅសាកលវិទ្យាល័យជាតិបាត់ដំបងនិងសិក្សារយ:ពេល២ឆ្នាំទៀតនៅសាកលវិទ្យាល័យបច្ចេក វិទ្យាអេឡិចត្រូនិកគួយលីង សម្រាប់ឆ្នាំសិក្សាខាងមុខនេះ។ បច្ចុប្បន្នវិទ្យាស្ថានខុងជឺមានធនធានមនុស្សមានគុណវុឌ្ឍិគ្រប់គ្រាន់ រួមមានសាស្រ្តាចារ្យចំនួន៣រូប សាស្រ្តាចារ្យរងចំនួន២រូប និងគ្រូបង្រៀនចំនួន៨រូប ក្នុងនោះមានសញ្ញាបត្របណ្ឌិតចំនួន៣រូប អនុបណ្ឌិតចំនួន៨រូប និងបរិញ្ញាបត្រចំនួន ៦រូប។

លោកសាស្ត្រាចារ្យបណ្ឌិត អ៊ី យ៉ុងចុងបានមានប្រសាសន៍ថា ប្រទេសចិននឹងពន្លឿន និងពង្រីកដំណើរការបើកទូលាយនូវវិស័យអប់រំទៅកាន់ពិភពលោកខាងក្រៅតាមរយៈគំរូកិច្ចសហប្រតិបត្តិការខ្សែសង្វាក់បីរួមតែមួយ ដែលមានដូចជា «ការបង្រៀនភាសា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីផ្សារការងារ»។ ការបង្រៀនភាសាចិននឹងជួយនិស្សិតក្នុងឱកាសទីផ្សារការងារ និងជួយអភិវឌ្ឍសាកលវិទ្យាល័យជាតិបាត់ដំបងនាពេលបច្ចុប្បន្ននិងទៅអានាគត។ លោកបានបន្ថែមទៀតថា វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងវិស័យអប់រំភាសាចិន និងជំនាញចាំបាច់ដ៏ទៃទៀត ដើម្បីស្ថាបនាស្ពានមិត្តភាពដ៏ស្មោះសរវាងប្រទេសចិន និងកម្ពុជា ព្រមទាំងរួមចំណែកអភិវឌ្ឍប្រទេសយើងទាំងពីរឱ្យបានកាន់តែប្រសើរឡើង។

គួរបញ្ជាក់ផងដែរថា ដេប៉ាតឺម៉ង់ភាសាចិន ជាដេប៉ាតឺម៉ង់មួយក្នុងចំណោមដេប៉ាតឺម៉ង់ទាំងចំណុះឱ្យវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យជាតិបាត់ដំបងរួមមានដេប៉ាតឺម៉ង់ភាសាអង់គ្លេស  ដេប៉ាតឺម៉ង់ភាសាកូរ៉េ ដេប៉ាតឺម៉ង់ភាសាបារាំង និងដេប៉ាតឺម៉ង់ភាសាថៃ។​​

ាត់
Share.