បាត់ដំបង៖ យោធារបស់ថៃបានបញ្ជូនពលករខ្មែរជាង ១៣០នាក់ទៀតឲ្យសមត្ថកិច្ចតំបន់ព្រំដែនកម្ពុជា ក្រោយឃាត់ខ្លួនបានពេលដែលពួកគេកំពុងនាំគ្នាព្យាយាមឆ្លងដែនចូលទឹកដីថៃ។

នគរបាលជំនាញបានបញ្ជាក់ឲ្យដឹងថា ក្រោមកិច្ចសហការទប់ស្កាត់ករណីប៉ងឆ្លងដែនខុសច្បាប់ រវាងកម្លាំងសមត្ថកិច្ចតំបន់ព្រំដែនកម្ពុជា និងថៃ នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១នេះ កម្លាំងក្បាតការពារតំបន់ព្រំដែនវរ: ៨១៩ នគរបាលប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទដែលពាក់ព័ន្ធជាច្រើនបានចុះទទួលពលករខ្មែរពីភាគីទាហានថៃ ចំនួនជិត ១៤០នាក់ឲ្យវិលត្រឡប់មកកាន់ស្រុកកំ ណើតវិញ។

កិច្ចសហការប្រគល់ និងទទួលនេះធ្វើឡើងតាមចំណុចច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ពលករខ្មែរដែលលបឆ្លងដែនមិនត្រឹមត្រូវតាមច្បាប់នេះ សរុបចំនួន ១៣៨នាក់ ក្នុងនោះបុរសចំនួន ៤១នាក់ ស្ត្រីចំនួន ៥៩នាក់ និងក្មេង ៣៨នាក់ផងដែរ។

ចំណោមពលករទាំង ១៣៨នាក់ខាងលើត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័សលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់ ក្នុងនោះពលករប្រុសស្រីចំនួន ៦៤នាក់ដែលទទួលបានវ៉ាក់សាំងរួច ក្រោយអប់រំណែនាំអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ ចំណែកឯពលករចំនួន ៧៤នាក់ទៀតដែលមិនទាន់ទទួលបានការផ្តល់វ៉ាក់សាំងគ្រូពេទ្យបានរៀបចំបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ ៩ ស្រុកសំពៅលូន៕

អត្ថបទ៖ ដំបងក្រញូង

Share.