តារា​ចម្រៀង​វ័យ​ក្មេង​ និង​ជា​ Rapper ដ៏​ល្បីល្បាញ​មួយ​រូប​របស់​កម្ពុជាគឺ​ វណ្ណដា ​បាន​លេច​វត្តមាន​​នៅ​លើ​គម្រប​​ទស្សនាវដ្ដី​ LiFTED ASIA ដែល​ជា​ទស្សនាវដ្ដី​និង​វែបសាយ​អនឡាញ​មួយ​ដ៏ធំ​ក្នុង​ពិភពលោក​ដែល​បង្កើត​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ពី​តន្ត្រី​ Hiphop នៅ​ក្នុង​ទ្វីបអាស៊ី​។ ​

វណ្ណដា ​ត្រូវ​បាន​ទស្សនា​វដ្ដី​និង​គេហទំព័រ​អនឡាញ​ខាង​លើ​ជ្រើសរើស​ដាក់​គ្រប​មុខ​ប្រចាំ​ខែ​ធ្នូ​នេះ​។ យោង​តាម​ការ​បង្ហោះ​របស់​វណ្ណដា​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​នៅ​លើ​បណ្ដាញសង្គម​ថា​៖  «ថ្ងៃនេះខ្ញុំពិតជាមានកិត្ដិយស ដែលបានក្លាយជាទំព័រមុខរបស់ទស្សានាវដ្ដី LiFTED Asia ប្រចាំខែ ធ្នូនេះ! នេះគឺពិតជាអស្ចារ្យសម្រាប់ខ្ញុំ ដែលអាចបញ្ចប់ឆ្នាំ២០២១ នេះ ជាមួយសមិទ្ធផលថ្មីមួយទៀត ដែលជាការឈរនៅលើទំព័រមុខទស្សនាវដ្ដីអន្ដរជាតិដំបូងបំផុតរបស់ខ្ញុំ…»

ជាការពិត តារាចម្រៀង វណ្ណដា ត្រូវបានដាក់ក្នុងទំព័រមុខរបស់ទស្សានាវដ្ដី LiFTED Asia ជាលើកដំបូង បន្ទាប់ពីបទចម្រៀង «Time To Rise» បកស្រាយដោយលោកផ្ទាល់ ជាមួយព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ទទួលបានចំណាត់ថ្នាក់កំពូលឈរនៅលេខរៀងទី១ ក្នុងចំណោមបទចម្រៀង Hip-Hop ទាំង១០នៅអាស៉ីសម្រាប់ឆ្នាំ២០២១ ប្រចាំ LiFTED Lists។

យោង​តាម​គេហទំព័រ​ mixmag ban បាន​​ផ្សាយ​ឱ្យ​ដឹងថា LiFTED គឺជាគេហទំព័រអន្តរជាតិមួយ ដែលផ្ដោតជាសំខាន់ទៅលើ​បទ​ចម្រៀង​និង​តន្ត្រី​បែប​ Hip-Hop នៅតំបន់អាស៉ី ហើយ​បានចេញផ្សាយអត្ថបទទាក់ទងនឹងបទចម្រៀង Hip-Hop នៅក្នុងប្រទេសអាស៊ី ចំនួន ២០ នៅជុំវិញពិភពលោកក្នុងឆ្នាំ ២០២១នេះ។

សូម​ជម្រាប​ថា​ ឆ្នាំ ២០២១នេះ គេហទំព័រ LiFTED បានធ្វើការកំណត់ជ្រើសយកបទចម្រៀង Hip-Hop ដែលមានឥទ្ធិពល និងប្រជាប្រិយភាពខ្លាំង​ជាង​គេ​ទាំង១០ នៅអាស៉ី ដើម្បីប្រកាសបង្ហាញ​ជូន​អ្នកគាំទ្ររបស់​ខ្លួន​​ ជាលទ្ធផលបទ​ «TIME TO RISE» របស់ វណ្ណដា បាន​សាង​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ បាន​ជាប់តំណែងទី១ ជាបទល្អដាច់គេប្រចាំឆ្នាំ លើគេហទំព័រមួយនេះតែម្តង៕

Telegram-Troryorng

Share.