នៅពេល​មុននេះ​បន្ដិច អ្នកដឹកនាំ​រឿង កៅ សីហា ចែករំលែក​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ឱ្យឃើញ រឿង​ភាគ​ដែល​បាន​ថត​នៅ​ក្នុងសម័យ​បារាំង បាន​បញ្ចេញ​ជា Poster និង​ចំណងជើង​ពិត​ហើយ។ រឿង​ភាគ​ទូរទស្សន៍​ហង្ស​មាស​នេះ មាន​ចំណងជើង​ថា «ឫស្យា» កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​រឿង​ភាគ​ខ្មែរ។ រឿងនេះ​ត្រូវបាន​គេ​ដឹងថា ជា​ស្នាដៃ​និពន្ធ​របស់លោក យូ សុភា ពី​អ្នកនិពន្ធ​រឿង​ភាគ «រាជិនី​ភូមិគ្រឹះ»។

យ៉ាងណាមិញ គេ​បានដឹង​ទៀតថា«ឫស្យា» បាន​ប្រមូលផ្ដុំ​កំពូល​តារា​សម្ដែងល្បីៗមានឈ្មោះ​បោះ​សំឡេង និង​មាន​ខ្លះទៀត​បាត់​មុខ​ច្រើន​ឆ្នាំ​មក​ហើយពី​ពិភព​សិល្បៈ​ភាពយន្ដ​ដូចជា អ្នកនាង សឿ សុធា​រ៉ា លោក ញ៉ែម សុគន្ធ លោក ដួង វិ​រៈ​សិទ្ធ លោក សំ សុវណ្ណ​រ៉ា​ក់ កញ្ញា អាង សុជាតា លោក លី សុជន កញ្ញា ប៊ី សុធា​រី ( Miss Cham Cambodia ) និង​តារា​កិត្តិយស​ចូលរួម​សម្ដែង​ជាច្រើន​នាក់​ទៀត។ បើទោះបីជា​បាន​បញ្ចេញ Poster មិនទាន់​ដល់​មួយ​ម៉ោង​ផង តែ​គេ​មើលឃើញថា រឿង​ភាគ​ទូរទស្សន៍​ដ៏​ទាក់ទាញ​មួយ​នេះ នៅ​មិនទាន់​បញ្ចេញ​កាលវិភាគ​នៅឡើយ​ទេ។

សូម​ជម្រាបជូន​បន្ថែមថា រឿង «ឫស្យា»  ត្រូវបាន​គេ​មើលទៅ​ទំនង​ជាមាន​សាច់រឿង​កូនភ្លោះ ដោយ​នៅលើ Poster រូប​តារា​សម្ដែង​ស្រី សឿ សុធា​រ៉ា មាន​តួ២ ដូចជា​តួ​កាច១ និង​តួ​ស្លូត ។ ហើយ​ងាក​មក​មើល រូប​តារា​សម្ដែង​ស្រី អាង សុជាតា វិញ​ក៏មាន​តួ២ដូចគ្នា ដែល​អាចនិយាយបាន ជា​តួ​កូនភ្លោះ​ជំនាន់​កូន។ សាច់រឿង​ទាំងមូល​មាន​ភាព​កាច់​កុង ឈ្នានីស ឫស្យា គគ្រឺត​ដាក់គ្នា​យ៉ាងនោះ មានតែ​រង់ចាំ​តាមដាន​ទស្សនា​ទាំងអស់គ្នា៕

Telegram-Troryorng
Share.