កម្មវិធី​អបអរសាទរ​ការ​ចេញ​អាល់ប៊ុម​ចម្រៀង​ «Red» របស់​តារា​ចម្រៀង​ល្បី​ Taylor Swift បាន​ក្លាយ​ជា​ប្រភព​ចម្លង​ជំងឺ​កូវីដ-១៩ ​ចំនួន​៩៧​ករណី​ នេះ​បើ​យោង​តាម​ការប្រកាស​របស់​ក្រសួង​សុខាភិបាល​របស់​ប្រទេស​អូស្ត្រាលី​។ ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​កំពុង​តែ​ប្រយុទ្ធប្រឆាំង​យ៉ាង​ខ្លាំង​នៃ​ការ​ផ្ទុះ​ឡើង​មេរោគ​បំប្លែង​ថ្មី​ Omicron ខណៈ​ដែល​រដូវ​កាល​នៃ​ការ​ឈប់​សំរាក​រយៈ​ពេល​វែង​កាន់​តែ​ជិត​មក​ដល់​។

សារ​ព័ត៌មាន​ New York Post បាន​ផ្សាយ​ថា​កម្មវិធី​អបអសាទរ​ខាងលើនេះ​បាន​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ដើម្បី​​អបអរសាទរ​ការ​ចេញ​លក់​សារជា​ថ្មី​អាល់​ប៊ុម​ចម្រៀង​ដែល​ធ្លាប់​ចេញ​រួច​ម្ដង​មក​ហើយ​កាល​ពី​ឆ្នាំ​២០១២​ ប៉ុន្តែ​ Taylor ទ់ើប​តែ​ថត​បញ្ចូល​ក្នុង​អាល់ប៊ុម​សារជា​ថ្មី​ក្រោយ​​លោក​ Scooter Braun បាន​ក្ដោប​យក​ក្រុមហ៊ុន​ចាស់​របស់​ Taylor។ តាមពិត «Red» គឺជា​អាល់ប៊ុម​ទីពីរ​ដែល​ត្រូវ​​បាន​ថត​ឡើង​វិញ​និង​បញ្ចេញ​មក​ខាង​ក្រៅ​។

កម្មវិធី​ «On Repeat: Taylor Swift Red Party» មាន​ភ្ញៀវ​កិត្តិយស​ចូលរួម​ច្រើ​ន​ជាង​៦០០​នាក់​នៅ​ក្នុង​មហោស្រព​ Metro Theatre នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ក្រសួង​សុខាភិបាល​ ប៉ុន្តែ​មន្ត្រី​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា​ក្រសួង​អាច​ទំនាក់ទំនង​បាន​ត្រឹម​តែ​អ្នក​ដែល​បាន​ឆែក​ QR Code មុន​ចូល​រួម​ក្នុង​កម្មវិធី​ប៉ុណ្ណោះ​ ខណៈដែលអ្នកមិនបានឆែក QR ពិបាកនឹងស្វែងរកអត្តសញ្ញាណពិតប្រាកដ។

មន្ត្រី​សុខាភិបាល​បាន​បញ្ជាក់​ដែរ​ថា​ករណី​កូវីដ​ខ្លះ​អាច​ជា​វីរុស​បំប្លែង​ថ្មី​ Omicron ប៉ុន្តែ​នៅ​មិន​អាច​កំណត់​ចំនួន​បាន​នៅឡើយ​ទេ​ ព្រោះ​កំពុង​តែ​បន្ត​បើក​ការ​ស្រាវជ្រាវ​អ្នក​ពាក់​ព័ន្ធ​ក្នុង​កម្មវិធី​នេះ​ជា​បន្ត​ទៀត​ ព្រម​ទាំងព្រមាន​ចំពោះ​អ្នក​ដែល​បាន​ទៅ​ចូលរួម​កម្មវិធី​នោះ​ ក្រោយ​ម៉ោង​៩​យប់​ឱ្យ​ប្រញាប់​ទៅ​ធ្វើ​តេស្ដ​សំណាក​និង​ដាក់​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ឬធ្វើ​ចត្តាឡីស័ក​យ៉ាង​ហោច​ណាស់​៧​ថ្ងៃ​។

ដើម្បី​រឹត​បន្តឹង​និង​ធ្វើ​យ៉ាង​ណា​កាត់បន្ថយ​ឱ្យ​ចំនួន​ឆ្លង​មាន​កា​រថយចុះ​ ជនជាតិ​អូស្ត្រាលី​អាច​នឹង​ត្រូវ​ផាក​ពិន័យ​​ពី​៥ពាន់​ដល់​១ម៉ឺន​ដុល្លារអូស្ត្រាលី​ ប្រិសន​បើ​មិន​ធ្វើ​ចត្តា​ឡីស័ក​ ឃុំ​ខ្លួន​ដាច់​ដោយ​ឡែក តេស្ដ​រក​ជំងឺ​កូវីដ​-១៩ នៅពេល​សាមី​ខ្លួន​សង្ស័យ​ថា​ខ្លួន​អា​ច​នឹង​ឆ្លង​ជំងឺ​កូវីដ-១៩។

គួរ​ដឹង​ផង​ដែរ​ថា​​ថ្មីៗ​នេះ​ប្រទេស​អូស្ត្រាលី​បាន​ប្រកាស​ពី​ការ​រកឃើញ​ករណី​ឆ្លង​ថ្មី​ជិត​៤​ពាន់​ករណី​ (៣៨០០) នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ពី​មជ្ឈមណ្ឌលផ្ដល់​ប្រភព​ស្ដី​ពី​វីរុស​កូរ៉ូណា​ Johns Hopkins។ មក​ដល់​ខណៈ​នេះ​ប្រទេស​អូស្ត្រាលី​ទើប​តែ​រក​ឃើញ​មេរោគ​បំប្លែង​ថ្មី​ Omicron ចំនួន​១៨៥​ករណី​ប៉ុណ្ណោះ ប៉ុន្តែ​អាជ្ញា​ធរ​ផ្នែក​សុខភាព​ប្រទេសនេះ បាន​លើក​ទឹក​ចិត្ត​ប្រជាជន​ខ្លួន​ឱ្យ​បន្ត​ការ​ពារ​និង​ព្យាយាម​តេស្ដ​រក​មេរោគ​កូវីដ​-១៩ ព្រោះតែបច្ចុប្បន្នប្រទេសកំពុងស្ថិត​ក្នុងដំណាក់កាល​ឈប់​សំរាក​រយៈ​ពេល​វែង៕

Telegram-Troryorng
Share.