នេះជាការដកស្រង់បទពិសោធន៍ពិត នៅពេលស្លាប់ តើព្រលឹងរបស់មនុស្សនឹងទៅណា?

បើតាមនាង Rachel Boyl ជា​ម្ចាស់​គណនី Tik Tok @rachboylex បាន​រៀបរាប់​បទពិសោធន៍​នៃ​អារម្មណ៍​ពិត​របស់​នាង បន្ទាប់ពី​នាង​ធ្លាប់​ជួប​ហេតុការណ៍​ស្លាប់​ដល់​ទៅ ៣ដង​នៅក្នុង​ជីវិត។ នាង​បាន​និយាយថា នាង​ធ្លាប់មាន​ជំងឺ​ប្រចាំកាយ Supraventricular tachycardia ឬ​ជា​ជំងឺ​បេះដូង ដែលមាន​អាការ​លោត​ញាប់​ខុសធម្មតា។ ជំងឺ​នេះ​គឺ​កើតមាន​រោគសញ្ញា​ដូចជា បេះដូង​ច្របាច់​ខ្លួន​ញាប់ លំហូរ​ឈាមមាន​ការស្ទះ ឈាម​បញ្ជូនទៅ​មិន​បានចេញ​គ្រប់​ប្រអប់​បេះដូង រហូតដល់​បេះដូង​ឈប់​ដើរ​តែម្ដង(គាំងបេះដូង)។

នាង  Rachel Boyl បាន​និយាយ​នៅក្នុង​វីដេអូ Tik Tok របស់​នាង​ថា ជំងឺ​ប្រចាំកាយ​របស់​នាង​គឺ​ពិបាក​ព្យាបាល​ណាស់។ នៅ​គ្រាមួយ​នោះ បេះដូង​របស់​នាង​លោត​លឿន​ខ្លាំង​មែន រហូតដល់​ទៅ 230 ដង​ក្នុង​មួយ​នាទី ហើយ​ធ្លាក់​មកវិញ​ដល់​ចំនុច​ឈប់​លោត​តែម្ដង(គាំងបេះដូង)។ នាង​បាន​បន្ដ​និយាយថា បន្ទាប់ពីនោះ នាង​មាន​អារម្មណ៍​ដឹងខ្លួន​ថា ព្រលឹង​របស់​នាង​បាន​ក្រោក​ចេញពី​ខ្លួន​របស់​នាង ហើយ​នាង​មើលមិនឃើញ​អ្វី​ទាំងអស់​ក្រៅពី​ពន្លឺ​ពណ៌​ស​ចាំង។ ពេលនោះ​នាង​មាន​អារម្មណ៍​ថា ព្រលឹង​នាង​បាន​ដើរ​ទៅរក​ពន្លឺ​ស​ចាំង​នោះ។ បន្ដ​មកទៀត​នាង​បាន​និយាយថា «ភ្លាមៗនេះ ខ្ញុំ​បាន​ងាក​មក​មើល​រាងកាយ​របស់ខ្ញុំ ហើយ​ខ្ញុំ​ក៏​គិតថា វា​គឺជា​រឿង​ឆ្កួត​មែនទែន​ហើយ ដែល​មើលឃើញ​រាងកាយ​ខ្លួនឯង​បែបនេះ។ ហេតុការណ៍​នេះ ខ្ញុំ​ចាំបាន​ថា វា​បាន​កើតឡើង២ដង​ហើយ​នៅពេលដែល​ខ្ញុំ​កំពុង​គេង​នៅ​គ្រែ​វះកាត់​បេះដូង។ ខ្ញុំ​ដូចជា​មនុស្ស​ស្លាប់​ហើយ​នៅក្នុងពេល​តែមួយ វា​បានធ្វើឱ្យ​ខ្ញុំ​កាន់តែ​យល់​ពី​អារម្មណ៍​មួយ​ថា នៅពេលដែល​មនុស្ស​បាន​ស្លាប់​ហើយ តើ​ព្រលឹង​គេ​នឹង​ទៅណា? ក្រោយមក​ខ្ញុំ​ក៏​ដឹងខ្លួន​ឡើងវិញ គឺមាន​ជីវិត​ម្ដងទៀត»។

បន្ទាប់​នាង Rachel Boyl  បាន​និយាយ​ពីបទ​ពិសោធន៍​របស់ខ្លួន​នាង​នៅលើ​បណ្ដាញ​សង្គម​រួចមក អ្នកលេង​បណ្ដាញ​សង្គម​បែរជា​នាំគ្នា​គិតថា នាង​គឺជា​មនុស្ស​មិន​គ្រប់​សតិ និង​យាយ​រឿងនេះ​ឡើង ដើម្បី​ទាមទារ​តែ​ការ View និង​បេះដូង​ឱ្យបាន​ច្រើនតែ​ប៉ុណ្ណោះ។ ក្រោយមក នាង  Rachel Boyl  បាន​បកស្រាយ​ទៀតថា «ពួក​អ្នក​គិតថា​ខ្ញុំ​ឆ្គួ​ត ជា​មនុស្ស​វង្វេង​ថ្នាំ​ដែល​ពេទ្យ​បានឱ្យ ឬក៏​ជាម​នុស្ស​គ្មាន​អុកស៊ីសែន​ក្នុង​ខ្លួន​ក៏ដោយ តែ​ខ្ញុំ​សូម​និយាយថា រឿងរ៉ាវ​កន្លងមក គឺជា​រឿង​ពិត ខ្ញុំ​មិន​កុហក​ទេ ព្រោះ​ខ្ញុំ​បាន​ជួប​វា​រួចហើយ។ លើក​ទី៣នៃ​ការស្លាប់​របស់ខ្ញុំ គឺជា​ការវះកាត់​បេះដូង​ចុងក្រោយ។ បេះដូង​ខ្ញុំ​លោត​ញាប់​ខ្លាំង​ដូច​ចង់​ផ្ទុះ​ចេញមកក្រៅ ពេលនោះ​ដែរ ព្រលឹង​ខ្ញុំ​ចេញ​បាន​មើល​មក​រាងកាយ​ខ្លួនឯង​ពី​ទី​ខ្ពស់​មែនទែន ហើយ​ខ្ញុំ​មើលមិនឃើញ​ទាំងអស់ សូម្បីតែ​មនុស្ស​នៅ​ជុំវិញ​រាងកាយ ឬ​ឧបករណ៍​ពេទ្យ។ ខ្ញុំ​ឃើញ​រាងកាយ​របស់ខ្ញុំ​កំពុង​លង់លក់ មិន​កម្រើក។ ពន្លឺ​ស​ចាំង​ដែល​ព្រលឹង​ខ្ញុំ​បានឃើញ​នោះ អាចជា​ភព​ថ្មី​ដែល​ខ្ញុំ​នឹងត្រូវ​ទៅ»។

ផ្អែកលើ​ហេតុការណ៍​ខាងលើនេះ ក៏មាន​ភាព​ប្រហាក់ប្រហែល​ជាមួយ​ជំនឿ​របស់​ខ្មែរ​យើង​ដែលមាន​តាំងពី​បុរាណ​មក គេ​ធ្លាប់​លឺថា មនុស្ស​នៅពេល​ស្លាប់​ហើយ ព្រលឹង​គឺ​ត្រូវបាន​ចាកចេញ​ពី​ខ្លួន ទៅកាន់​ឋាន​ទាំងពីរ គឺ​ឋាននរក និង​ឋាន​សួ​គិ៍។ ប្រជាជន​ខ្មែរ តែង​ប្រើ​ទង់ព្រលឹង​នៅពេល​មាន​មនុស្ស​ស្លាប់ ដោយ​អាចារ្យ​លើក​ទង់​នោះ​ទៅ​ដាក់​ក្បាល​ដំណេក​បុគ្គល​សា្ល​ប់​រួច​ផ្តាំ​បុគ្គល(ខ្មោច)នោះ​ថា ទង់ព្រលឹង​នេះ​ជា​សំបុត្រ​ដើរ​ផ្លូវ​របស់​អ្នក​ហើយ ចូរ​អ្នក​កាន់​ឱ្យ​ជាប់ ដើម្បី​ធ្វើដំណើរ​ទៅ​ថ្វាយបង្គំ​ព្រះ​ចូ​ឡោ​មណី​ចេតិយ ព្រោះ​អ្នក​ទៅ​តែម្នាក់ឯង​គ្មាន​អ្នកណា​នាំ​ផ្លូវ​ទេ។ នេះ​បើយោងតាម សៀវភៅ​លំ​អាន​ទំនៀម​ខ្មែរ​បុរាណ៕

Telegram-Troryorng
Share.