អតីត​បេក្ខភាព​ប្រកួត​កម្មវិធី​ «America’s Got Talent» កញ្ញា​ Skilyr Hicks បាន​សម្រេច​ចិត្ត​បញ្ចប់​ជី.វិត​ខ្លួន​ឯង​ត្រឹម​អាយុ​២៣​ឆ្នាំ​ប៉ុណ្ណោះ​។ យុវតី​ក្មេង​ខ្ចី​ដែល​ជា​អ្នក​ចម្រៀង​-​អ្នក​និពន្ធ​ទំនុក​ច្រៀង​រូប​នេះ​គឺជា​បេក្ខភាព​ប្រកួត​​រដូវ​កាល​ទី​៨ ពោល​គឺ​ក្នុង​ឆ្នាំ​២០១៣ ក្នុង​ខណៈ​ដែល​កញ្ញា​កាល​ណោះ​មាន​វ័យ​ត្រឹម​តែ​១៤​ឆ្នាំ​។ សព​របស់​កញ្ញា​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ផ្ទះ​មិត្ត​ភក្ដិ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​ម្ដាយ​របស់​កញ្ញា​បាន​ប្រាប់​សារព័ត៌មាន​ TMZ ។

មូលហេតុ​នៃ​មរណភាព​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​លាតត្រដាង​ឱ្យ​ដឹង​ភ្លាមៗ​នោះ​ទេ​ ម្ដាយ​របស់​កញ្ញា​ អ្នក​ស្រី Jodi គ្រាន់​តែ​បង្ហើប​ថា​តន្ត្រី​ករ​វ័យ​ក្មេង​​រូប​នេះ​ធ្លាប់​បាន​តស៊ូ​យ៉ាង​ខ្លាំង​​នឹង​បញ្ហា​ផ្លូវ​ចិត្ត​ ដែល​បង្ក​ឡើង​ដោយ​សារ​ការ​រង​នូវ​ការ​ធ្វើ​បាប​និង​ធ្លាក់​ទឹក​ចិត្ត​។ អ្នក​ស្រី​បាន​បន្ត​ទៀត​ថា​កូន​ស្រី​នឹង​នៅ​មាន​​ជីវិត​រហូត​តាម​រយៈ​ចម្រៀង​របស់​នាង​។

នារី​ដែល​មាន​ដើម​កំណើត​នៅ​រដ្ឋ​​កាលី​ហ្វ័រនីញ៉ា​ខាង​ត្បូង​រូប​នេះ​ធ្លាប់​ជាប់​ពន្ធ​នាគារ​កាល​ពី​កំឡុង​ខែ​មេសា​ឆ្នាំ​២០១៧ ពី​បទ​ជេរ​ប្រមាថ​សមាជិក​គ្រួសារ​ចំនួន​៣​នាក់​ ហើយ​កញ្ញា​ក៏​ធ្លាប់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​នៅ​ក្នុង​រដ្ឋ​ Ohio ដោយ​សារ​តែ​ផឹក​គ្រឿង​ស្រវឹង​​ទាំង​មិន​ទាន់​​ពេញ​វ័យ​។

នៅ​ក្នុង​កម្មវិធី​ប្រកួត​ America Got Talent កញ្ញា​បាន​សម្ដែង​និង​បទ​ចម្រៀង​ដែល​តែង​ដោយ​ខ្លួន​ផ្ទាល់​ «Second Chance» ទោះ​ជា​ក្មេង​ស្រី​រូប​ធ្វើ​បាន​យ៉ាង​ល្អ​យ៉ាង​ណា​ក្ដី​ប៉ុន្តែគណៈ​កម្មាករ​ទាំង​៤​រូប​កាល​ណោះ​មាន​៖ Mel B, Heidi Klum, Howie Mandel និង​ Howard Stern មិន​បាន​អនុញ្ញាតឱ្យ​នាង​បាន​ឡើង​ទៅ​ដល់​វគ្គ​ Live Show នោះ​ឡើយ​។

នៅ​ក្នុង​សម្ភាសន៍ដែល​បាន​ផ្សាយ​កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៣ Hicks បាន​និយាយ​ថា​នាង​បាន​បាត់​បង់​ឪពុក​នៅ​ពី​របី​ឆ្នាំ​ប៉ុណ្ណោះ​មុន​នាង​ឡើង​ប្រកួត​​។ មរណភាព​របស់​ Skilyr Hicks បាន​ធ្វើ​ឱ្យ​នាង​ចាកចេញ​ពី​បងប្អូន​បង្កើត​ចំនួន​៤​នាក់​ផ្សេង​ទៀត​៕

Telegram-Troryorng

.

Share.