ជាទូទៅ​មុនពេល​ចាប់ផ្ដើម​ដំណើរ​ការថត​ភាពយន្ដ គេ​តែងតែ​រៀបចំ​ពិធី​ក្រុង​ពាលី​រឿង​ជាមុនសិន ដើម្បី​ធ្វើ​ការសុំ​បើកផ្លូវ​ពី​បណ្ដា​បារមី ម្ចាស់​ទឹក​ម្ចាស់​ដី និង​វត្ថុ​ស័​ក្ដ​សិទ្ធ ឱ្យមក​ប្រសិទ្ធិ​ពរ​ជោគជ័យ​និង​ថែរក្សា​ការពារ​ដល់​ក្រុមការងារ​ថត តួ​សម្ដែង និង​អ្នកដឹកនាំ​រឿង ទទួលបាន​ផ្លែផ្កា​ល្អ​និង​មិនមាន​ឧបសគ្គ​នានា​រាំងស្ទះ​ក្នុងពេល​ថត។ ហើយ​បើ​និយាយ​ពី​រឿង​ថត​ភាពយន្ដ ពាក់ព័ន្ធ​ជាមួយ​អ​បិ​យ​ជំនឿ​ដូចជា ខ្មោច ព្រាយ បិសាច និង​អាប​ធ្មប់ ភាគច្រើន​ណាស់ ខ្មែរ​យើង​តែងតែ​អុជ​ធូប​សុំ​ខមាទោស​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី ខ្មោច ព្រាយ អារក្សអ្នកតា ជាមុនសិន  ប្រសិនបើ​ការសម្ដែង​នោះ​មាន​ភាព​លើសលោះ ឬ​ប៉ះពាល់​ដោយ​អ​ចត​នា ដើម្បី​សុំឱ្យ​លោក​កុំ​ប្រកែប្រកាន់។

ជាក់ស្ដែង​ខ្លាំងណាស់ កន្លងមកនេះ គេ​ឃើញ​មាន​ហេតុការណ៍ចម្លែកៗជាច្រើន នៅ​អំឡុងពេល​ថតកុន ដូចជា វិញ្ញាណ​ចូល​សណ្ឋិត​ក្នុង​រាងកាយ​តួ​សម្ដែងពិតៗ ព្រលឹង​ព្រាយ​ខ្មោច​ឱ្យ​សំឡេង ជួប​ហេតុប្លែកៗខុស​ប្រក្រតី ហើយ​មាន​ខ្លះទៀត​ជួប​ខ្មោចលងពិតៗតែម្ដង។ ហេតុការណ៍​ទាំងអស់នេះ តែងតែ​កើតមាន​ចៀស​មិន​ផុត​ទេ រហូត​មានពេលខ្លះ អ្នកដឹកនាំ​រឿង តួ​សម្ដែង និង​ក្រុមការងារ​ថត ធ្លាក់ខ្លួន​ឈឺ​ដោយ​មិនដឹង​ខ្លួន ក្រោយ​ជួប​ហេតុការណ៍ចម្លែកៗនាពេល​ថត​ថែមទៀត។ ការលើក​ពី​ហេតុការណ៍​កន្លងមក យកមក​រៀបរាប់​នៅក្នុង​ថ្ងៃនេះ គឺ​សារព័ត៌មាន​ត្រយង​ចង់បង្ហាញ​មហាជន​អ្នកអាន​ថា ជំនឿ​អរូបី​របស់​ខ្មែរ គឺមាន​តាំងពី​បុរាណកាល​មកម្ល៉េះ បើទោះបី​យើង​កំពុងតែ​រស់នៅក្នុង​ស្ថានភាព​សម័យ​បច្ចេកវិទ្យា​ទំនើប​យ៉ាង​ក៏ដោយ ក៏​យើង​មិនអាច​មើលរំលង​ការជឿ​មួយ​នេះ​បានដែរ ដូចជាចាសៗលោក​តែងតែ​លើកឡើង​ថាបើ​មិន​ជឿ​សូមកុំ​ប្រមាថ​ឱ្យសោះ។

តើ​មាន​ហេតុការណ៍​ចម្លែក​អ្វីខ្លះ​កើតឡើង​នៅពេល​ថតកុន? មាន​តារា​ណាខ្លះ​បាន​ជួប​រឿងហេតុ​ព្រឺ​សម្បុរ​បះសក់​ទាំងអស់​នេះ? តោះ​តាមដាន​ខាងក្រោម​នេះ៖

១. នី មុនីនាថ បះសក់​ពេល​ជួប​ខ្មោចលងពិតៗ ម្ដង​ជា​ពីរដង

តារា​សម្ដែង​ស្រី នី មុនីនាថ មាន​ស្នាដៃ​សម្ដែង​ក្នុង​វិស័យ​ភាពយន្ដ​ជាច្រើន​រឿង ហើយ​ហេតុការណ៍​ដែល​កញ្ញា​បាន​ជួបប្រទះ​គឺ​អំឡុងពេល​ថត​រឿង «ខ្មោច​នាង​នាថ» នៅលើ​ទឹកដី​ខេត្តបាត់ដំបង​នៅ​អំឡុង​ឆ្នាំ២០១។ កញ្ញា​ធ្លាប់បាន​រៀបរាប់​ប្រាប់​មហាជន​ថា ឃើញ​មាន​ខ្មោច​បុរាណ​ស្លៀក​ក្បិន មកលេង​ជាមួយ​នាង​មួយ​យប់​ទល់​ភ្លឺ​មុន​ថតកុន១ថ្ងៃ ខណៈ​នាង​ទៅសុំ​បន់ស្រន់​ឱ្យ​ថត​បានល្អ។ តារា​ស្រី​រូបនេះ​បាន​ព្រលយ​សម្តី​ថា «លើក​ទី១ ហើយ ដែល​បានឃើញ​ខ្មោច​ខ្លាច​ភ័យ​ឡើង​ញ័រ​ដៃ។ និយាយ​ទៅ អ្នកខ្លះ​គិតថា គ្រាន់តែ​ជា​រឿង​អ​បី​ជំនឿ​ស្រមើល​ស្រ​ម៉ៃ តែ​កាល​ថត​រឿង​មុន​ហ្នឹង ម៉ាក់​ខ្ញុំ​គាត់​ឃើញ​មែន ហើយ​ឥឡូវ​ឱ្យ​ខ្ញុំ​ទៀត »។

លុះ​ក្រោយមកទៀត តារា​ស្រី​រូបនេះ​ក៏​ជួប​រឿង​ពិត​ទៀត នៅពេល​ថត​ក្នុង​កណ្ដាល​ព្រៃភ្នំ សម្ដែង​ជា​តួ​អាប​វិញ​ម្ដង។ តារា​ស្រី នី មុនីនាថ បាន​អះអាងថា នៅ​អំឡុងពេល​រឿង «ម៉ែ​អាប​ចិញ្ចឹម​កូន» គឺមាន​វិញ្ញាណ​ចូល​សណ្ឋិត​ក្រុមការងារ​ថត ដោយ​និយាយថា ខ្លួន​ប្រកាន់​ខឹង ដែល​ក្រុម​យើង​មក​អុកឡុក​កន្លែង​ពួកគាត់។ កញ្ញា​ថា នៅពេលនោះម្នាក់ៗស្លន់ស្លោរ​ខ្លាំង​មែន និង​បាន​អញ្ជើញ​អាចារ្យ​នៅ​តំបន់​នេះ មក​ធ្វើ​ពិធី​បន់ស្រន់​អស់​កន្លះ​ថ្ងៃ​ថែម​ទៀតផង។

២. ហេតុការណ៍​កញ្ញា ផាត់ ផាន់​ណា ត្រូវ​វិញ្ញាណ​សណ្ឋិត​ខណៈពេល​កំពុង​ថតកុន

កាលពី​ឆ្នាំ២០១៩ តារា​ស្រី ផាត់ ផាន់​ណា បាន​ចូលរួម​សម្ដែង​រឿង «ទឹក​និង​ប្រេង» ឱ្យ​ស្ថាន​នី​យ​ទូរទស្សន៍ប៉ុស្តិ៍​លេខ ៥ ។ ហេតុការណ៍​នៅពេលនេះ កញ្ញា​អះអាងថា កំពុងតែ​ថត ស្រាប់តែ​បារមី​ម្ចាស់​ដំណាក់ លោក​ម្ចាស់​កថា​ថន​ឈុំ មកលេង​ក្រុមការងារ។ បើ​តាមរយៈ​វីដេអូ​នោះ គេ​ក៏​ឃើញថា កញ្ញា​ផាន់ ផាត់​ណា និយាយស្ដី​លែង​ដឹងអី ហើយ​បង្ហាញ​នៅ​អាកា​រៈប្លែកប្រកាច់។ មាន​ខ្លះ​ថា អាចមកពី​ក្រុមការងារ មុនពេល​ថត​មិនបាន​សុំ​ការអនុញ្ញាត​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី​ថែរក្សា កន្លែង​នោះ​ឱ្យបាន​ត្រឹមត្រូវ ទើបបានជា​កើតមាន​រឿងហេតុ​បែបនេះ ព្រោះ​ទីតាំង​ថត​នេះ គឺជា​អតីត​ភូមិគ្រឹះ​លោក​ម្ចាស់​កថា​ថន​ឈុំ  និង​ក្រោយមក​ក្លាយជា​ពេទ្យ​ខេត្ត ហើយ​បន្ដ​មកទៀត​ជា​សាលាខេត្ត។

៣. លោក ផាត់ តា​ភូ ជួប​រឿង​បាត់​កាបូប អំឡុងពេល​ថត​រឿង​ខ្មោច

តារា​សម្ដែង​ប្រុស​ឈ្មោះ ផាត់ តា​ភូ បាន​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់​មួយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ដោយសារតែ​លោក​ត្រូវបាន​វិញ្ញាណ​ខ្មៅ​បាន​ចូល អំឡុងពេល​លោក​ថត​រឿង​ខ្លី​មួយ ហើយ​មកទល់​ឥឡូវ​ហេតុការណ៍​នោះ​តែ​តាម​លងបន្លាច​តារា​ប្រុស រហូតដល់​ទៅ​រត់​មក​ស្នាក់នៅ​វត្ត​រក​ព្រះសង្ឃ​ឱ្យជួយ។ ក្រោយ​ជួប​ហេតុការណ៍​នោះ លោក​បានធ្វើការ Live នៅលើ​ហ្វេ​ស​ប៊ុ​ក រំលឹក​ទាំង​ស្រក់​ទឹកភ្នែក​ព្រោះ​ភ័យខ្លាច​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ដែល​ក្រុម​តារា​សម្ដែង​មួយក្រុម បាន​ទៅ​ថត​រឿង​អប់រំ​ខ្លី​នៅឯ​តំបន់​អរិយ​ក្សត្រ នៅក្នុង​វត្ត​មួយ​ដែល​គេ​មានជំនឿថា ជាទី​មាន​បារមី​ស័ក្តិសិទ្ធិ។ នៅ​គ្រានោះ ផាត់ តា​ភូ អះអាងថា មុនពេល​កើតហេតុ អំឡុងពេល​ក្រុមការងារ​កំពុងដំណើរកា​រថ​ត ពួកលោក​បានទទួល​ទូរស័ព្ទ​ពី​គ្រូ​ស្នង​បារមី​មួយរូប ទូរស័ព្ទ​មក​ប្រាប់ថា ក្រុមការងារ​លោក នឹង​កើត​មានរឿង ព្រោះតែ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​បារមី។ ក្រោយមក ផាត់ តា​ភូ ក៏បាន​ជួប​រឿង​បាត់​កាបូប ដែល​ក្នុងនោះ​រួមមាន​ទូរស័ព្ទ iPad លុយ​មួយចំនួន អត្តសញ្ញាណប័ណ្ណ ប៉ាស្ព័រ និង​កុំព្យូទ័រ MacBookមួយគ្រឿង​របស់​ព្រះសង្ឃ​មួយអង្គ​ដែល​បាន​ផ្ញើ​ក្នុង​បា​បូ​ប​របស់លោក​នោះដែរ។ ការបាត់​រក​មូលហេតុ​មិនឃើញ​ទាល់តែសោះ លុះដល់​ភ័យ​ខ្លាំងពេក និង​មាន​វិញ្ញាណ​ចូល​សណ្ឋិត​ផង​នោះ ផាត់ តា​ភូ ក៏បាន​រត់​មកសុំ​ព្រះសង្ឃ​ស្នាក់នៅ​ក្នុង​វត្ត​ដើម្បី​បណ្ដោះ​គ្រោះ។

https://youtu.be/JAdz4DlNMWw

៤. Peypey Dy ជួប​រឿងរ៉ាវប្លែកៗពេល​ថត​រឿង «ព្រាយ​កន្ទោងខៀវ» វង្វេង​រក​ច្រក​ផ្លូវ​ចេញពី​ព្រៃ​ថត​មិនឃើញ

លោក  Peypey Dy បាន​រៀបរាប់​ហេតុការណ៍ប្លែកៗនៅពេល​ថត​រឿង  «ព្រាយ​កន្ទោងខៀវ» ថា ក្រុមការងារ​បាន​ខុសមាត់ខុសក និយាយថា ព្រៃ​កន្លែង​ថត​មាន​អាកាសធាតុ​ត្រជាក់​គួរឱ្យ​ចង់​រស់នៅ​ណាស់។ លុះដល់​ថត​ចប់ ក៏មាន​ម្នាក់​នៅក្នុង​ក្រុម​តួ​សម្ដែង វង្វេងផ្លូវ ជិះ​ទៅ​ជិះ​មករក​ផ្លូវ​ចេញមក​វិញ​មិន​រួច​ពី​ក្នុងព្រៃ។  Peypey Dy ថា លោក​សម្រេចចិត្ត​បើកឡាន​បក​មក​ក្រោយ​វិញ ដើម្បី​មក​មើល​ក្រុម​តួ​សម្ដែង​នោះ ព្រោះ​លោក​បាន​ចាំ​ផ្លូវ​អស់​រយៈពេល​យ៉ាងយូរ និង​សង្ស័យ​ខ្លាច​ខូច​ឡាន​នៅ​ពាក់​កណ្ដាលផ្លូវ​ក៏​មិនដឹង។ ចុងក្រោយ​លោក​ក៏​រក​មូលហេតុ​ឃើញ ហើយ​នាំ​ក្រុមការងារ និង​អ្នក​សម្ដែង​ទាំងអស់ ទៅកាន់​ដំបូក ហើយ​អុជ​ធូប​សំពះ​សុំ​ខមាទោស សុំ​ផ្លូវ​ត្រឡប់​ទៅ​ភ្នំពេញ​វិញ។

៥. សមាជិក​ក្នុង​ក្រុម​សម្ដែង​របស់ សុគន្ធ ដេវីត ត្រូវ​វិញ្ញាណ​ចូល​សណ្ឋិត ហើយ​ទារ​សំណែន

តាមរយៈ​វីដេអូ​ដែល​តារាចម្រៀង សុគន្ធ ដេវីត បាន​បង្ហោះ​កាលពី​កន្លងមកនេះ គេ​មើលឃើញថា ម្នាក់​នៅក្នុង​ក្រុម​សម្ដែង​របស់លោក​គឺ​កញ្ញា ឡា​ទី ត្រូវបាន​វិញ្ញាណ​ចូល​សណ្ឋិត​ទាំង​កណ្ដាលថ្ងៃត្រង់ ហើយ​និយាយស្ដី​មិនដឹង​រឿង កាច់​ខ្លួនប្រកាច់ៗ និង​ពោរពេញ​ដោយ​កំហឹង ជាពិសេស​ចេះតែ​ពោល​ពាក្យដដែលៗថា ឃ្លាន​នេះ​ឃ្លាន​នេះ ចង់​ឱ្យគេ​សែន​សំណែន​ឱ្យ។ វិញ្ញាណ​អាក្រក់​ដែល​បាន​ចូល​រាងកាយ​ប្អូនស្រី ឡា​ទី ត្រូវបាន​គេ​ដឹងថា ជា​វិញ្ញាណ​តែង​តោ​ល​អនាថា​នៅក្នុង​បរិវេណ​វត្ត។ ក្រុមការងារ​តារាចម្រៀង សុគន្ធ ដេវីត បាន​និមន្ដ​ព្រះសង្ឃ​មក​សូត្រ និង​ប្រោះ​ទឹកមន្ដ​បណ្ដេញ​វិញ្ញាណ​អាក្រក់​នោះ​ចេញ តែ​វិញ្ញាណ​នោះ​ពិតជា​ខ្លាំងណាស់​មិន​ព្រម​ចេញ​នោះទេ​រហូតទល់​តែ​ប្អូនស្រី​សន្លប់​បាត់ស្មារតី។ បន្ដម​កទៀត ហេតុការណ៍​នេះ មិន​មានការ​បង្ហោះ​វីដេអូ ឬ​បញ្ជាក់​អះអាង​ណាមួយ​ថា វិញ្ញាណ​អាក្រក់​នោះ បាន​ចេញពី​រាងកាយ​ប្អូនស្រី​ដោយ​វិធី​ណា​ទេ។

Telegram-Troryorng
Share.