បន្ទាយមានជ័យ៖ ក្រុមក្មេងទំនើង (ក្រុមOSH) ចំនួន៤នាក់ ដេញកាប់ក្រុមក្មេង៥៨ របួសម្នាក់ ចំណែកក្រុមOSH ពីរនាក់ត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដើម្បីចាត់ការតាមច្បាប់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យដែលចាប់ឃាត់ខ្លួនមានចំនួនពីរនាក់ជាសមាជិកក្រុមOSH។ទាំងពីរនាក់ស្នាក់ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតម៉ូតូ០១គ្រឿង និងជំពាមកៅស៊ូ០១ដើម។ ចំណែកពីរនាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់បន្ត ។

លោកនួន នីណារ៉ូ បញ្ជាក់ថា ក្រោយពីសួរនាំជនសង្ស័យប្រាប់ថា នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមខ្លួន(ក្រុមOSH)មានគ្នា៤នាក់ បានដេញកាប់ក្រុមក្មេងមួយក្រុមទៀត គឺក្រុម៥៨ ចំនួនបីនាក់ នៅក្នុងភូមិសាស្ត្រមណ្ឌល១០ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បណ្តា លឲ្យមានរបួសខ្នង និងរបួសដៃម្នាក់។ ជនរងគ្រោះឈ្មោះ ជាង សុវណ្ណេ អាយុ១៧ឆ្នាំ រស់នៅភូមិ/សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

បច្ចុប្បន្នជនសង្ស័យក្រុម OSH ទាំង២នាក់នោះ ត្រូវបានកម្លាំងជំនាញខេត្ត រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់វិធានការច្បាប់ ។ចំណែក ជនរងគ្រោះត្រូវអាណាព្យាបាលយកទៅព្យាបាលនៅមន្ទីរពេទ្យ៕

អត្ថបទ៖ប៉ោយប៉ែត

Share.