​កញ្ញា សុខ ស្រីនាង គឺ​ជា​កំពូល​តារា​ចម្រៀង​ និង​ជា​តារា​សម្ដែង​​ប្រចាំ​ផលិតកម្ម​ហង្សមាស​ និង​រស្មី​ហង្សមាស​ បាន​ចេញ​មក​ទម្លាយ​ពី​អារម្មណ៍​របស់​ខ្លួននៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២១ តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ ក្រោយ​សាមី​ខ្លួន​​មាន​ឱកាស​បាន​រួម​ការងារ​ជាមួយ​នឹង​អ្នក​នាង​ ឱក​ សុគន្ធកញ្ញា​ជា​លើក​ទីមួយ​ ទោះ​ជាបាន​​រួម​រស់​ក្រោម​ទំនំ​តែមួយ​ ជាមួយ​គ្នា​រាប់​សិប​ឆ្នាំ​ហើ​យក្ដី​។

​រំលឹក​ពី​ប្រវត្តិ​ច្រៀង​ចម្រៀង​ក្នុង​ផលិតកម្ម​ តារា​ស្រី​ទាំង​ពីរ​ដួង​នេះ​ ធ្លាប់​ជ្រួស​គ្នា​ម្ដង​ កាល​ពី​នៅ​ផលិត​កម្ម​សាន់ដេរ ដោយ​កាលណោះ​នៅ​ពេល​ដែល​អ្នក​នាង​​ ឱក សុគន្ធកញ្ញា​ ចាក​ចេញ​ពី​ផលិតកម្ម​សាន់ដេរ មក​កាន់​ផលិតកម្ម​ហង្សមាស​វិញ​នោះ​ កញ្ញា​​ សុខ​ ស្រីនាង បាន​​ចូល​ទៅ​ជ្រក​ក្រោម​ផលិត​កម្ម​សាន់ដេរ។

យ៉ាង​ណាមិញ​នៅ​ពេល​ដែល​ទាំង​អ្នក​នាង​ ឱក សុគន្ធកញ្ញា​ និង​កញ្ញា សុខ ស្រីនាង បាន​ក្លាយ​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស​ហើយ​នោះ​ អ្នក​គាំទ្រ​មិន​ដែល​ឃើញ​តារា​ទាំង​ពីរ​ដួង​នេះ​មាន​ឱកាស​បាន​សហការ​ជាមួយ​គ្នា​នោះ​ឡើយ​ រហូត​មក​ដល់​ថ្ងៃ​នេះ​ នៅ​ពេល​ដែល​អ្នក​នាង​ សុខ ស្រី​នាង​ ចេញ​មក​បង្ហើប​ឱ្យ​ដឹង​ពី​សមិទ្ធិផល​ការងារ​រួម​គ្នា​របស់​ខ្លយន​ជាមួយ​នឹង​រៀម​ច្បង​ ឱក សុគន្ធកញ្ញា ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ក្ដី​រំភើប​និង​រីករាយ​ជា​ខ្លាំង​ ជា​ពិសេស​អ្នក​គាំទ្រ​ក៏​សរសើរ​ពី​រូប​សម្រស់​របស់​តារា​ស្រីទាំង​ពីរ​ដួង​នេះ​ដូច​គ្នា​ដែរ​។

យោង​តាម​​ការ​រៀប​រាប់​របស់​កញ្ញា សុខ ស្រី​នាង​ បាន​រៀបរាប់​ពី​ក្ដី​រំភើប​របស់​ខ្លួន​ដែល​ទទួល​បាន​ឱកាស​ធ្វើ​ការ​ជាមួយ​នឹង​រៀមច្បង​ ឱក ​សុគន្ធ​កញ្ញា​ថា​៖ «នេះជាលេីកទីមួយហេីយដែលរួមការងារជាមួយរៀមច្បង Aok Sokunkanha – ឱក សុគន្ធកញ្ញា បេីនិយាយ​ពី​អាម្មណ៍​គឺ​រំភេីប​និង​រីករាយ​ណាស់ ​ចាប់​ដៃ​ធ្វើការងារលើកទីមួយមែន ប៉ុន្តែធ្វើការបានដោយរលូន ក្រោមការយកចិត្ត​ទុក​ដាក់​ពី​បងស្រី​ផ្ទាល់​ ​និង​ក្រុម​ការ​​ងារ​ទាំង​អស់​ផង​ដែរ​ Love&respect:)❤️»។ ក្រោម​សំណេរ​របស់​កញ្ញា សុខ ស្រីនាង អ្នក​នាង​ ឱក សុគន្ធកញ្ញា​ បាន​ចូល​មក​បញ្ជាក់​ពី​មេត្រី​ភាព​របស់​ខ្លួន​ដោយ​ពោល​ថា ដោយក្ដី​ស្រលាញ់​អូន​។

ថ្វី​ត្បិត​តែ​ចេញ​មក​បង្ហើប​ពី​ក្ដី​រំភើប​របស់​ខ្លួន​ចំពោះ​ឱកាស​រួម​សហការ​ជាមួយ​នឹង​រឿងច្បង ប៉ុន្តែ​កញ្ញា សុខ ស្រីនាង​ មិន​បាន​បញ្ជាក់​ថា​ការងារ​ដែល​កញ្ញា​ និង​អ្នក​ម៉ាក់​របស់​ ឆលី ធ្វើ​រួម​គ្នា​នោះ​ជា​អ្វី​ឡើយ​ ដោយ​ទុក​ឱ្យ​អ្នក​គាំទ្រ​បន្ត​រង់ចាំ​តាមដាន​ និង​គាំទ្រ​ស្នាដៃ​​របស់​អ្នក​ទាំង​ពីរ​​​​នៅ​ពេល​ខាង​មុខ​ជា​បន្ត​ទៀត​៕

Telegram-Troryorng
Share.