ភ្នំពេញ៖បុរសជាងជួសជុលម៉ាស៊ីនសាឡង់ខ្សាច់ម្នាក់ បើកទូកស្មាច់រួមដំណើរដោយបុរស២នាក់ទៀត បានរលត់ម៉ាស៊ីនត្រូវរលកធំបោកខ្ទប់សាឡង់ខ្សាច់លិចទូក ហែលរួចខ្លួន២នាក់និងម្នាក់ទៀតបាត់ខ្លួន។៤ថ្ងៃក្រោយហេតុការណ៍នោះ ប្រជាពលរដ្ឋប្រទះឃើញសពអណ្ដែតទឹកច្រាំងទន្លេកោះនរាហ៍។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០២១ស្ថិតនៅចំណុចច្រាំងកោះនរាហ៍ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ទន់ លី អាយុ២៤ឆ្នាំ មុរបរជាងម៉ាស៊ីន ស្នាក់នៅផ្ទះលេខ០៥៣ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីម្ដាយជនរងគ្រោះបានប្រាប់អោយដឹងថា ជនរងគ្រោះមានប្រពន្ធ មានកូនស្រីតូច អាយុ៦ឆ្នាំម្នាក់ នៅក្នុងបន្ទុក។ នៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១ ជនរងគ្រោះបានបើកទូកស្មាច់មួយគ្រឿង រួមដំណើរជាមួយបុរស២នាក់ទៀតក្នុងបំណងជិះទៅជួសជុលម៉ាស៊ីន សាឡង់ខ្សាច់។ខណៈដែលទៅដល់សាឡង់ខ្សាច់ទូករលត់ម៉ាស៊ីន ហើយជនរងគ្រោះកំពុងជួសជុលម៉ាស៊ីន ក៏មានរលកធំៗបោកទូកទៅខ្ទប់សាឡង់បណ្ដាលលិចទូកបាត់ រួមទាំងជនរងគ្រោះផងដែរ ។ ចំណែកបុរស២នាក់ទៀតបានហែលឡើងសាឡង់រួច បន្ទាប់មកក៏បាននាំគ្នាមុជរាវរក សពជនរងគ្រោះតែរកមិនឃើញ ។រហូតដល់ព្រឹកថ្ងៃទី២០នេះ ទើបប្រជាពលរដ្ឋប្រទះឃើញក៏បាននាំគ្នាលើកសពឡើងមកលើគោក រូចគ្រួសារដឹកយកទៅធ្វើបុណ្យនៅវត្តទួលសង្កែ។

ក្រោយមកសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅបានចុះមកដល់ទីតាំងកន្លែងធ្វើបុណ្យសព។ក្រុមគ្រួសារសាច់ញាតិសពមិនធ្វើការប្ដឹងផ្ដល់នោះទេ រួចសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សពអោយសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណី៕

អត្ថបទ៖ សេង សាវី

សូមទស្សនាវីដេអូខាងក្រោម៖

Share.