បាត់ដំបង៖ អ្នកលក់ដូរផ្សារបឹងឈូកជាង ២០០នាក់បានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការរដ្ឋសភា ខេត្តបាត់ដំបង ទទួចស្នើសុំឲ្យជួយអន្តរាគមន៍ពួកគាត់បានបន្តលក់ដូរនៅកន្លែងចាស់ដដែល មិនប្តូរទៅទីតាំងថ្មី។

អ្នកស្រី ស៊ឹម សុខ អាជីវករលក់បន្លែ បានប្រាប់ឲ្យដឹងថា ការប្រមូលផ្តុំគ្នារបស់ក្រុមអាជីវករជាច្រើនរយនាក់នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ នេះក្នុងគោលបំណងស្នើសុំដល់ប្រធានទីស្នាក់ការរដ្ឋសភា ខេត្តបាត់ដំបង ជួយអន្តរាគមន៍ដល់ពួកគាត់ដើម្បីបានលក់ដូរម្ហូបអាហារ បន្លែផ្លែឈើ ត្រីសាច់ នៅជុំវិញបរិវេណផ្សារបឹងឈូកដដែល ដោយមិនប្តូរទៅទីតាំងថ្មីតាមការរៀបចំរបស់ក្រុមការងារផ្សារឡើយ ដែលកំណត់ឲ្យអាជីវករទាំងអស់រុះរើចេញឲ្យអស់នៅថ្ងៃទី ២០ ខែធ្នូនេះ។

អាជីវករខាងលើបន្ថែមថា ការលក់ដូររបស់គាត់ជាច្រើនឆ្នាំកន្លងមកនេះ លក់ដូរដាច់គួរសម ប៉ុន្តែបើទៅលក់នៅលើទីតាំងថ្មីក្បែរចំណតរថយន្តគឺលក់មិនសូវដាច់ទេ ហើយការរៀបចំកន្លែងថ្មីឲ្យអាជីវករលក់នេះ កន្លែងលក់មានទំហំតូចត្រឹម ១.២ម៉ែត្រ រីឯទីតាំងចាស់នៅផ្សារបឹងឈូកមានទំហំធំជាង ១.៨ម៉ែត្រងាយស្រួលរៀបចំដាក់តាំងទំនិញលក់ដូរបានច្រើន។

ចំណែកអ្នកចេកចៀន លោក ឈួង សំអាង ធ្លាប់លក់ដូរនៅផ្សារបឹងឈូករយ: ១៥ឆ្នាំកន្លងមកបានបញ្ជាក់ដែរថា រូបគាត់ក៏ដូចជាអាជីវករជាង ៥០០នាក់ទៀត ដែលមានបញ្ហាដូចគ្នា សំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់មេត្តាជួយសម្រួលដោះស្រាយលើមុខរបរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនេះផង គ្រាន់បានចិញ្ចឹមជីវិតទ្រទ្រង់ជីវភាពគ្រួសារ ព្រោះក្រុមការងារគណ:កម្មការខេត្តដែលចុះទៅរៀបចំ ចំពោះមុខពួកគាត់មិនអាចទទួលយកបានឡើយ។

ការស្នើសុំពីបញ្ហាលំបាកខាងលើ មន្ត្រីទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តបាត់ដំបង បានចាត់ឲ្យបងប្អូនអាជីវករទាំងអស់អនុវត្តតាមច្បាប់រដ្ឋបា ល ដោយតម្រូវឲ្យក្រុមអ្នកលក់ដូរដែលមានបញ្ហាមិនចុះសម្រុងគ្នា ចូលដាក់ពាក្យបណ្តឹង ព្រមទាំងភ្ជាប់ឯកសារស្នាមផ្តិតមេដៃ ដើម្បីក្រុមការងារបញ្ជូនបន្តទៅដល់ថ្នាក់ជាតិរងចាំការដោះស្រាយ៕

អត្ថបទ៖​ដំបងក្រញូង

Share.