បាត់ដំបង៖ កម្លាំងឈរជើងនៅតំបន់ព្រំដែន សហការគ្នាជាមួយទាហានភាគីថៃ ចុះទទួលពលរដ្ឋខ្មែរចំនួនជាង ១៦០នាក់ ក្រោយពួកគេបាននាំគ្នាឆ្លងដែនចូលក្នុងទឹកដីថៃគ្មានការអនុញ្ញាត។

នគរបាលបានប្រាប់ឲ្យដឹងថា នៅ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ នេះកម្លាំងឈរជើងការពារតំបន់ព្រំដែនវរ: ៨១៩កម្លាំងប៉ុស្តិ៍អូរអន្លក់ រួមជាមួយកងកម្លាំងយោធពលខេមរភូមិន្ទ បានចុះទទួលពលរដ្ឋខ្មែរពីភាគីទាហានថៃ ចំនួន ១៦៦នាក់ក្នុងទឹកដីថៃ ។

កិច្ចសហការប្រគល់ និងទទួលនេះ ធ្វើឡើងតាមចំណុចច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។រីឯ ប្រជាពលរដ្ឋដែលលួចឆ្លងដែនមានសរុប ១៦៦នាក់ ក្នុងនោះបុរស ៧២នាក់ ស្ត្រី ៦២នាក់ និងក្មេង ៣២នាក់ផងដែរ។

នគរបាលជំនាញបានបន្តថា ពលរដ្ឋទាំង១៦៦នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស លទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់។ ក្នុងនោះពលរដ្ឋប្រុសស្រីចំនួន ៩៦នាក់ប៉ុណ្ណោះដែលចាក់វ៉ាក់សាំងរួចរាល់។ ក្រោយអប់រំណែនាំរួច សមត្ថកិច្ចអនុញ្ញាតឲ្យពលរដ្ឋខ្មែរទាំងអស់នោះវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។ ក្រៅពីនេះគ្រូពេទ្យបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ ៩ ស្រុកសំពៅលូន៕

អត្ថបទ៖ដំបងក្រញូង

Share.