នៅពេល​ថ្មី​នេះ តារាចម្រៀង​ស្រី​ថៃ Jannine Weigel  ឬ Ploy Chompoo បានចេញ​មុខមក​សម្រក់​ទឹកភ្នែក​នៅមុខ​អ្នកសារព័ត៌មាន និង​អ្នកគាំទ្រ ដោយ​ខ្លួន​នាង​បានប្រកាសថា ដាក់ពាក្យ​បណ្ដឹង​ទៅកាន់​តុលាការ​នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ប្ដឹង​ផលិតកម្ម​ចាស់ យក​ថ្លៃ​សំណង​ជំងឺ និង​ខាត​ពេលវេលា ដែល​ខាង​គី​ផលិតកម្ម​មិនបាន​គោរព​តាម​នូវ​អ្វីដែល​បាន​ចុះ​ក្នុង​កិច្ចសន្យា​កុងត្រា។

តារាចម្រៀង​ស្រី​ទាក់ចិត្ត​យុវវ័យ​រូបនេះ បាន​ចុះកិច្ចសន្យា​កុងត្រា​ជាមួយ​ផលិតកម្ម RedRecords ជា​ផលិតកម្ម​សហ​ផលិត​រវាង​ក្រុមហ៊ុន  Air Asia និង Universal Music Group នៅ​សហរដ្ឋអាមេរិក។ ហើយ​ផលិតកម្ម RedRecords ក៏បាន​សហ​ផលិត​ជាមួយ​ផលិតកម្ម​ធំ​លំដាប់​ពិភពលោក​មួយទៀត គឺ​ផលិតកម្ម Def Jam Recordings ដែល​នៅ​ក្នុងនោះ​មាន​កំពូល​តារាចម្រៀង​ពិភពលោក​ដូចជា  Justin Bieber, Kanye West, Alessia Cara ។ យ៉ាងណាមិញ តារា​ស្រី Jannine Weigel នៅក្នុង​អំឡុងពេល​ពិភពលោក​នេះ​ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក​នៃ​ជំងឺ​កូ​វីដ១៩ ប៉ុន្ដែ​នាង​ថា ជីវិត​របស់​គឺ​លំបាក​ខ្លាំង​ជាងនេះទៅទៀត ដោយសារតែ ភាគី​ផលិតកម្ម​ខាងលើនេះ មិនបាន​គោរព និង​ធ្វើតាម​នូវ​អ្វីដែល​បាន​ចុះ​ក្នុង​កិច្ចសន្យា​ចុងក្រោយ​នា​អំឡុងពេល​កូ​វីដ​នេះឡើយ ពោលគឺ ខាង​ផលិតកម្ម​បំពាន​លើ​កុងត្រា បណ្ដាលឱ្យ​ជីវិត​នាង​ជួប​ទុក្ខលំបាក​ធ្លាក់​ដល់​បាត។

នាង Jannine Weigel  ឬ Ploy Chompoo  បាន​អះអាង​នៅមុខ​អ្នកសារព័ត៌មាន​ថា នាង​សម្រេច​ប្ដឹង​ភាគី​ផលិតកម្ម​ចាស់ គឺជា​ការសម្រេចចិត្ត​ចុងក្រោយ​ដើម្បី​បន្ត​អនាគត​របស់​នាង​ក្នុង​វិស័យ​ចម្រៀង​នេះ ព្រោះថា ក្ដី​ស្រ​ម៉ៃ និង​បំណងប្រាថ្នា​របស់​នាង​បាន​ត្រូវ​រលាយ​អស់​ក្នុង​រយៈពេល ២ឆ្នាំ​ចុងក្រោយ​នេះហើយ។ នៅពេលនេះ តុលាការ​ម៉ាឡេស៊ី បានទទួល​ពាក្យបណ្ដឹង​នាង​ហើយ រង់ចាំតែ​ទទួលដំណឹង​បន្ដទៀត​តែប៉ុណ្ណោះ។

គួរ​រំលឹក​ដែរ​ថា បទ​ចម្រៀង​ចុងក្រោយ​ដែល​តារាចម្រៀង​ស្រី​រូបនេះ​បាន​បញ្ចេញ​គឺ​បទ «Passcode» ដែល​បានរួម​ការងារ​ជា​អ្នក​សម្រួល​តន្ដ្រី​ល្បី Tommy Brown ជា​អ្នក​ធ្វើឱ្យ​ភ្លេង​ឱ្យ​ក្រុម BLACKPINK និង​Ariana Grande។ តែ​ក្រោយមក នាង​បាន​ត្រូវ​បង្កក​ការងារ​ជិត២ឆ្នាំ បន្ទាប់ពី​បាន​ហោះ​ទៅ ម៉ាឡេស៊ី និង​សហរដ្ឋអាមេរិក។ កត្តា​នេះ Jannine Weigel  បាន​អះអាងថា ជា​ទង្វើ​ឱ្យធ្វើ​ទាល់ច្រក គ្មាន​បទ​ចម្រៀង​បញ្ចេញ គ្មាន​ការងារ​តាម​កម្មវិធីធំៗ គ្មាន​កម្រៃ​ពី​ការចេញ​សម្ដែង​រយៈពេល​ជិត ២ឆ្នាំ។ នៅពេលនេះ នាង​បាន​ក្លាយជា​តារាចម្រៀង​ឯករាជ្យ នាង​ប្រកាសថា នាង​អស់ប្រាក់​ពី​ខ្លួន​ហើយ ព្រមទាំង​ត្រូវ​ចំណាយ​ថ្លៃ​មេធាវី​ការពារ​ក្ដី និង​ចំណាយ​ធ្វើ​បទ​ចម្រៀង​ថ្មី ដើម្បី​ផ្ដើម​ជីវិត​ថ្មី​ជា​បន្ដទៀត​ផងដែរ៕

Telegram-Troryorng
Share.