លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពថា ប្រតិបត្តិការគំរាមយកទ្រព្យសម្បត្តិនៅផ្ទះឧកញ៉ា អ៊ាន សៀវម៉ី គឺរូបគេ ជាអ្នកដឹកនាំដោយផ្ទាល់ ដែលក្នុងនោះ រូបគេ រួមជាមួយកូនចៅ៤នាក់ផ្សេងទៀត ប្រដាប់ដោយអាវុធចំនួន ៥ដើម (AK ០១ដើម និងកាំភ្លើងខ្លី០៤ដើម) បានចូលទៅបន្លំជាសមត្ថកិច្ចចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាស ភ្ជង់ប្លន់ម្ចាស់ផ្ទះ។

ពេលចូលក្នុងផ្ទះរូបខ្លួនបានកាន់កាំភ្លើងខ្លី១ដើម ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ១គ្រឿង និងស្ពាយសាក់កាដូ ១ តែដោយសាររូបខ្លួន មីញូបភ្នែក ហើយមិនបានពាក់វ៉ែនតា ខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ។ ក្រោយពេលកូនចៅខ្លួន យកបានគ្រឿងពេជ្រជាច្រើនឈុតហើយ ទើបនាំគ្នាចូលឡានគេចខ្លួនតែម្តង។

បន្ទាប់ពីធ្វើសកម្មភាពរួចមក គ្នារបស់គេ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមនឹងរថយន្ត Lexus GS 300 ពណ៌ស អត់ស្លាកលេខ ដែលជនល្មើសគ្រោងយកទៅដុតកម្ទេចចោលដើម្បីបំបាត់ភស្តុតាង ។

តាមសេចក្ដីរាយការណ៍ ករណីប្លន់ទ្រព្យសម្បត្តិអ្នកជំនួញលក់ឡេអនឡាញ  អ៊ាន សៀវម៉ី នេះ គឺដោយសារតែស្អប់អ្នកលក់ឡេដែលពូកែអួតរឿងទ្រព្យសម្បត្តិ ( ជ្រេញ )៕

Share.