ហ្វេ​ន​អ្នក​ស្រឡាញ់​វិស័យ​ដើរ​ម៉ូដ និង​ហ្វេ​សសិន ច្បាស់​ជា​ស្គាល់​តារា​ម៉ូ​ដែល​ស្រី មាន​កម្ពស់​ខ្ពស់ សម្បុរ​ខ្មៅ​ស្រអែម​ជាក់​ជាមិនខាន​គឺ កញ្ញា កេ ចាន់​កេ​សី ជាតា​រា​ម៉ូ​ដែល​ជើងចាស់​មានការ​តស៊ូ​ខ្លាំង​ក្នុង​វិស័យនេះ។ ក្រៅពី​អាជីព​ដើរ​ម៉ូដ កញ្ញា​ក៏​ជា​តារា​សម្ដែង មួយរូប​ដែលមាន​ឈ្មោះ​ប៉ោះ​សំឡេង​ដូចគ្នា។ ថ្មីៗនេះ សារព័ត៌មាន​ត្រយង​បានទទួល​ដំណឹង​មក​ថា កញ្ញា​បាន​ងាក​មក​បើក​ថ្នាក់​បណ្ដុះបណ្ដាល​ជំនាញ​ដើរ​ម៉ូដ និង​ថតរូប​បែប​ហ្វេ​សសិន ហើយ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់ប្អូនៗជំនាន់​ក្រោយ។

បើតាម​ការ​បង្ហោះ​ជា​ផ្លូវការ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កញ្ញា​ឱ្យឃើញថា ថ្នាក់​បង្រៀន​ម៉ូ​ឌែ​លក​ញ្ញា បានប្រកាស​ទទួល​ពាក្យ​ចូលរៀន នឹង​បង្រៀន​លើ​ផ្នែកសំខាន់ៗក្នុង​វិស័យនេះ​ដូចជា ការដើរ​ម៉ូ​ញ​ដ​បែប High Fashion ការដើរ​បែប​ប្រពៃណី​បុរាណ ដើរ​បែប Catwalks និង​ការដើរ​បែប​បវរកញ្ញា ជាដើម ។ បន្ថែម​លើ​នេះ​កញ្ញា​ក៏​ភ្ជាប់​ការបង្រៀន​កាច់​ស្ទា​យ​ថតរូប​បែប​ហ្វេ​សសិន​គ្រប់​ទម្រង់ រួមទាំង​ការសម្តែង​ផងដែរ។ តារា​ស្រី កេ ចាន់​កេ​សី បាន​ប្រាប់​អ្នកសារព័ត៌មាន​ត្រយង​ថា  មូលហេតុ​នៃ​ការ​ងាកមើល​បង្រៀនប្អូនៗជំនាន់​ក្រោយនេះ ព្រោះតែ​កញ្ញា​ចង់ឃើ់ញ​វិស័យនេះ​រីកចម្រើន​ខ្លាំង​ជាមុន និង​ចង់​ចូលរួម​ជម្រុញ​វិស័យ​បង្ហាញ​ម៉ូដ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង នៅពេល​វិស័យនេះ​កំពុងតែ​ពុះកញ្ជ្រោល​ខ្លាំង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ។

តារា​ស្រី​ចាស់វស្សា​រមែង​មាន​រូប​ម៉ូ​ឌែ​ល​ឥតខ្ចោះ​នៅ​ក្រប​ទស្សនា​ជាច្រើន​រូបនេះ បានបង្ហាញ​ជំហរ​ទៀតថា កញ្ញា​ក៏​ធ្លាប់មាន​គេ​រើសអើង​រឿង ស្បែក​ខ្មៅ មុខមាត់​មិន​ស្អាត​ជាដើម តែ​កញ្ញា​នៅតែ​ជំនះ​ពាក្យ​ទាំង​នោះបាន​រហូត​បាន​ជោគជ័យ​មកទល់​បច្ចុប្បន្ន​នេះ។ រហូតមកទល់​ពេលនេះ កញ្ញា​ទទួលបាន​កូនសិស្ស​ជាច្រើន​នាក់​ហើយ ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​អាជីព​មួយ​នេះ។ ក្រោយ​សិក្សា​ចប់ កូនសិស្ស​អាច​ប្រើ​ជំនាញ​របស់ខ្លួន​ដើម្បី​សាង​ឈ្មោះ​នៅលើ​វិថី​ហ្វេ​សសិន ឬ​សិល្បៈ ដែល​អាច​ទទួលបាន​ប្រាក់ចំណូល​ច្រើន ដើម្បី​ចិញ្ចឹមជីវិត​នា​ថ្ងៃ​អា​នាគ​ត៕

Telegram-Troryorng
Share.