កាលពី​ថ្ងៃ​ច័ន្ទ ទី២០ ខែធ្នូ  ឆ្នាំ ២០២១ មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផា​ណា បានរៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​គម្រោង «ក្រឡេកមើល​ទន្លេ​មេ​ង្គ៖ ការចូលរួម​របស់​យុវជន​ក្នុង​សហគមន៍​តាមរយៈ​ភាពយន្ត​ឯកសារ» ក្រោម​អធិបតីភាព​របស់​ឯក​ឧត្ដម ហាប់ ទូច រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ឯកឧត្ដម នេ​ត ភក្ដ្រា រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន លោក Markus Bürli ប្រធាន​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ​និង​សហប្រតិបត្តិការ(SDC) លោកស្រី Gemma Hayman នាយិកា​អង្គការ BBC Media Action ប្រចាំ​ប្រ​ទស​កម្ពុជា និង​លោក ជា សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​បុប្ផា​ណា។

ផ្ដល់​បទសម្ភាសន៍​ប្រាប់​អ្នកសារព័ត៌មាន​ត្រយង លោក ជា សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​បុប្ផា​ណា បាន​ប្រាប់ថា គម្រោង​នេះ​ទទួលបាន​មូលនិធិ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍ​អន្តរជាតិ​នៃ​ប្រទេស​ស៊ុយអែត(SIDA) និង​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ(SDC) និង​កិច្ចប្រតិបត្តិការ ដោយមាន​ការគាំទ្រ​ពី​អង្គការ BBC Media Action ផ្តល់​ប្រឹក្សា​បច្ចេកទេស​ដោយ៖ WWF អង្គការ​អុក​ស្វា​ម អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ  វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល រដ្ឋបាល​ជលផល ក្រសួងបរិស្ថាន និង ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប:។

លោក​បន្ដថា គម្រោង​នេះ​បានផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ចំនួន១៥នាក់ ដែលមាន​អាយុ​ចន្លោះ​ពី១៨ឆ្នាំ ដល់៣០ឆ្នាំ ដើម្បី​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ​និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ គោលបំណង​សំខាន់​របស់​គម្រោង​នេះ គឺ​ផ្តល់ឱកាស​ឱ្យ​យុវជន​ជនកម្ពុជា​ចូលរួម​នៅក្នុង​សហគមន៍ តាមរយៈ​ការផលិត​ភាពយន្ត​ឯកសារ ដើម្បី​ស្វែងយល់ និង​បង្ហាញ​ពី​បរិស្ថាន ជីវភាព​រស់នៅ និង​វប្បធម៌ របស់​ប្រជាជន​កម្ពុជា ដែល​រស់នៅ​អាស្រ័យ​ផល​ទៅលើ​ទន្លេមេគង្គ។ គោលបំណង​សំខាន់​មួយទៀត គឺ​ផ្សព្វផ្សាយ​ភាពយន្ត​ឯកសារ​ដែល​ផលិត​ដោយ​យុវជន​ជ័យលាភី​ទាំង១៥រូប​នៅក្នុង​គម្រោង​នេះ ដើម្បី​ជំរុញ​និង​បង្កើន​ការចូលរួម​របស់​យុវជន​ជាច្រើន​ផ្សេងទៀត​នៅក្នុង​សហគមន៍​របស់ខ្លួន។

មជ្ឈមណ្ឌល​បុប្ផា​ណា នៅតែ​បន្ត​បោះជំហាន​របស់ខ្លួន​ទៅមុខ​ប្រកបដោយ​សុទិដ្ឋិនិយម​លើ​ការបណ្តុះបណ្តាល​សមត្ថភាព និង​ជំនាញ​ដល់​យុវជន​កម្ពុជា ដោយ​រួមបញ្ចូល​ទាំង​យុវជន​ជនជាតិដើម​ភាគតិច នៅលើ​វិស័យ​ភាពយន្ត​ឯកសារ និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ។  នៅក្នុង​ឆ្នាំ២០២១នេះ បើទោះជា​សក​លោក ជាពិសេស​ប្រទេស​កម្ពុជា​បានទទួល​រង​នូវ​ផលប៉ះពាល់​ខ្លាំង​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ក៏ដោយ ក៏​មជ្ឈមណ្ឌល​បុប្ផា​ណា នៅតែ​បន្ត​ពុះពារ​បន្ត​បេសកកម្ម​របស់ខ្លួន ជាពិសេស​ការកសាង​សមត្ថភាព​យុវជន​លើ​ជំនាញ​ផលិតភាព​យន្ត​ឯកសារ​និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រកបដោយ​ភាពជោគជ័យ​និង​ស្មារតី​ទទួលខុសត្រូវ។ មជ្ឈមណ្ឌល​បុប្ផា​ណា​បាន​ផ្តល់ជូន​នូវ​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​ដល់​យុវជន​កម្ពុជា​ចំនួន១២នាក់​នៅក្នុង​គម្រោង«ការអភិរក្ស​សត្វ​ដំរី​និង​បទពិសោធ​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា»៕

រូបភាពពី ៖ មជ្ឈមណ្ឌល​បុប្ផា​ណា

Telegram-Troryorng
Share.