លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ និង​លោក គឹម ធានី អគ្គនាយក​ក្រុមហ៊ុន​ស្រាបៀ​ព្រីនស៍

ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​​ពានរង្វាន់​​​ Prince Beer Pre-Season Cup 2022 មាន​ក្រុម​ខ្លាំងៗ​ចំនួន​​៦ក្រុម​​ចូលរួម​ប្រកួត គ្រោង​ចាប់​ផ្ដើម​​​នៅ​ចុង​ខែ​មករា ឆ្នាំ​២០២២ ខាង​មុខ ខណៈ​ពានរង្វាន់​នេះ​គឺ​ជា​ការ​ត្រៀម​ខ្លួន​ដ៏​ចាំបាច់​មួយ​ដើម្បី​បើក​រដូវកាល​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ឆ្នាំ​២០២២ ខាង​មុខ​នេះ។

លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ ប្រធាន​គណ:កម្មការប្រតិបត្តិ​រៀបចំ​​និង​គ្រប់គ្រង​ដំណើរការ​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទាត់ ​Prince Beer Pre-Season Cup 2022 និង លោក គឹម ធានី តំណាង​ក្រុមហ៊ុន​ស្រាបៀ​ព្រីនស៍ បាន​ចុះ​អនុសារណៈ​យោគ​យល់​គ្នា​ (MOU) ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែធ្នូ ឆ្នាំ​២០២១​​​នេះ ក្នុង​អគារ Prince Phnom Penh Tower ជា​ម្ចាស់​ឧបត្ថម្ភ​ធំ​ប្រចាំ​ព្រឹត្តិការណ៍។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បាន​ថ្លែង​អំណរគុណ​ដល់​ភាគី​ក្រុមហ៊ុន​ស្រាបៀ​​ព្រីសន៍ ដែល​បាន​ធ្វើ​ជា​ដៃ​គូ​ដ៏​សំខាន់​​ក្នុង​ការ​ដំណើរការ​កម្មវិធី​ប្រកួត​បាល់ទាត់​នេះ​ឡើង ដោយ​មាន​ឈ្មោះ​ថា«Prince Beer Pre-Season Cup 2022»។ លោក​ថា​៖«​យើង​រំពឹង​ថា​នេះ​ជា​ផ្នែក​មួយ​ដែល​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​លើ​ស្ទួយ​កីឡា​ជាតិ​របស់​យើង។ យើង​ឃើញ​ថា​មួយ​ទសវត្ស​ចុងក្រោយ​​នេះ​វិស័យ​កីឡា​របស់​យើង​មាន​ការ​រីកចម្រើន​ខ្លាំង ហើយ​ប្រជាពលរដ្ឋ​របស់​យើង​ក៏​ចូល​ចិត្ត​លេង​កីឡា​ច្រើន​ដែរ ស្រប​តាម​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេចតេជោ ហ៊ុន សែន កន្លង​មក​ថា​ប្រជាជន​ម្នាក់​លេង​កីឡា​១ប្រភេទ»។

ជាមួយ​គ្នា​នេះ​ដែរ​លោក កឹម ធានី អគ្គនាយក​ក្រុមហ៊ុន​ស្រាបៀ​ព្រីនស៍ បាន​​លើក​ឡើង​ថា៖«ថ្ងៃ​នេះ​ជាថ្ងៃ​មហា​កិត្តិយស​ដែល​យើង​ខ្ញុំ​​ទទួល​បាន​ឱកាស​ក្នុង​ការ​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​ជាតិ​យើង។ យើង​ដឹង​ហើយ​ថា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​កីឡា​បាន​លើក​​មុខមាត់​ជាតិ​យើង​នៅ​លើ​ឆាក​អន្តរជាតិ ជា​ច្រើន ដោយ​មាន​សកម្មភាព​ប្រកួត​​ លទ្ធផល​ល្អ និង​មាន​ការ​គាំទ្រ​ជា​ច្រើន​ពី​មហាជន។ ខ្ញុំ​សង្ឃឹម​យ៉ាង​​មុតមាំ​ថា​ យើង​​នឹង​មាន​សកម្មភាព​ការងារ​​​ជាមួយ​គ្នា​ទៀត ទាំង​ក្នុង​ពានរង្វាន់ ​​​ Prince Beer Pre-Season Cup 2022 នេះ​ផង​ និង​សកម្មភាព​កីឡា​ក្របខណ្ឌ​ជាតិ​នានា​នៅ​ថ្ងៃ​ខាង​មុខ​​ផង​ ដើម្បី​​បន្ត​ជួយ​ជ្រោមជ្រែង​ដល់​កីឡាជាតិ​យើង ហើយ​សង្ឃឹម​ថា​ប្រទេស​ជាតិ​នានា នឹង​ស្គាល់​ប្រទេស​កម្ពុជា កាន់​តែ​ច្បាស់​តាម​រយៈ​វិស័យ​កីឡា​នេះ​ផង​ដែរ។ សូម​អរគុណ​ដល់​គណៈកម្មការ​ប្រកួត​ពានរង្វាន់ Prince Beer Pre-Season Cup 2022 ដែល​អនុញ្ញាត​ឱ្យ​យើង​ខ្ញុំ​​ចូលរួម​ជា​ផ្នែក​មួយ​ក្នុង​សកម្មភាព​កីឡា​នេះ»។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ​លោក​បណ្ឌិត​ អាំ បន្ថែម​ថា៖«ខ្ញុំ​សង្ឃឹម​ថា​នេះ​​​ជាការ​ចាប់​ផ្ដើម​មួយ​ ហើយ​នៅ​មាន​សកម្មភាព​ការងារ​ជា​បន្ត​បន្ទាប់​ទៅ​មុខ​ទៀត ជាមួយ​​ក្រុមហ៊ុន​ស្រាបៀព្រីនស៍ ជា​ដៃគូ​​នឹង​គ្នា។ ឆ្លៀត​ក្នុង​ឱកាស​នេះ​សូម​​អញ្ញើញ​បងប្អូន​អ្នក​គាំទ្រ​បាល់ទាត់​ជាតិ​យើង​ទាំង​អស់​គ្នា ចូលរួម​គាំទ្រ និង​តាម​ដាន​​ទស្សនា​ការ​ប្រកួត​ពានរង្វាន់ Prince Beer Pre-Season Cup 2022 នេះ​ឱ្យ​បាន​ច្រើន​កុះករ​ទាំង​អស់​គ្នា»។

លោក​បណ្ឌិត​បាន​បន្ថែម​ថា​ពានរង្វាន់​ Prince Beer Pre-Season Cup 2022 មាន​ក្រុម​ល្បីៗ​ចំនួន​៦​ចូលរួម ដោយ​ក្នុង​នោះ​មាន​ក្រុម ភ្នំពេញក្រោន, វិសាខា, បឹងកេត, ព្រៃវែង, កងយោធពល​ខេមរភូមិន្ទ​ និង​គិរីវង់សុខសែនជ័យ ដោយ​ប្រើប្រាស់​កីឡដ្ឋាន​ព្រីនស៍​ និង​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ​(ស្តាតចាស់)។ តាម​គម្រោង​ពានរង្វាន់​នេះ​នឹង​ដំណើរការ​ពី​​ថ្ងៃ​ទី​២១ ខែ​មករា ​រហូត​ដល់​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ខាង​មុខនេះ៕

Telegram-Troryorng
Share.