អ្នក​នាង​ Kate Winslet ឬ​មហាជន​ពិសេស​ទស្សនិកជន​នៅ​កម្ពុជា​ហៅ​ជាប់​មាត់​ថា​ Rose មិន​អាច​ទប់​ទឹក​ភ្នែក​ជាប់​ ក្រោយ​អ្នក​នាង​បាន​វិល​មក​ជួប​មុខ​ដៃ​គូ​ចាស់​និង​ជា​មិត្ត​ជិត​ស្និទ្ធិ​ លោក​ Leonardo DiCaprio វិញ​ បន្ទាប់​ពី​បែក​ខាន​បាន​ជួប​មុខ​គ្នា​រយៈ​ពេល​៣​ឆ្នាំ​ពេញ​​ព្រោះ​តែ​ជំងឺ​ Covid-19 នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ Bangshowbiz

តួឯក​ប្រុស​ស្រី​ Titanic បាន​ស្គាល់​និង​រាប់​អាន​គ្នា​ ចាប់​តាំង​ពី​អ្នក​ទាំងពីរ​បាន​ចាប់​ដៃ​គូ​សម្ដែង​ជាមួយ​គ្នា​ក្នុង​រឿង​ Titanic កាល​ពី​ឆ្នាំ​១៩៩៧ ដោយ​កាល​ណោះ​អ្នក​ទាំង​ពីរ​ទើប​តែ​មាន​វ័យ​ជាង​២០​ឆ្នាំ​ប្លាយ​ប៉ុណ្ណោះ​។ នៅ​ក្នុង​បរិបទ​ជំងឹ​កូវីដ​-១៩ Kate មិន​បាន​ជួប​ជាមួយ​នឹង​មិត្ត​ភក្ដិ​របស់​ខ្លួន​ឡើយ​ ដូច្នេះ​នៅ​ពេល​បាន​ជួប​មុខ​មិត្ត​សម្លាញ់ Leonardo អ្នក​នាង​ Kate បាន​ទទួល​ស្គាល់​ថា​ខ្លួន​មិន​អាច​ទប់​ទឹក​ភ្នែក​ជាប់​ឡើយ​ពេល​បាន​ជួប​មុខ​គ្នា​វិញ​នៅ​ Los Angeles នេះ​។

«ខ្ញុំ​ទប់​ទឹក​ភ្នែក​ខ្លួន​ឯង​មិន​ជាប់​នោះ​ទេ ​ពួក​ខ្ញុំ​ស្គាល់​គ្នា​ពាក់​កណ្ដាល​ជីវិត​ហើយ​។ ខ្ញុំ​ពិបាក​នឹង​ទៅ​កាន់​ទីក្រុង​ញូវ​យ៉ក ចំណែក​គាត់​ក៏​មិន​ងាយ​នឹង​មក​ក្រុង​ឡុងដ៏​ដែរ ដូច្នេះ​ពិបាក​ណាស់​ដែល​ពួក​យើង​អាច​រក​ពេល​ញ៉ាំបាយ​ល្ងាច​ឬ​ផឹក​កាហ្វេ​ជាមួយ​គ្នា​។ ពួក​យើង​មិន​អាច​ចាក​ចេញ​ពី​ប្រទេស​ដោយ​សារ​ Covid ដូច​ជា​មិត្ត​ភក្ដិ​ផ្សេងៗ​ទៀត​ដែល​បែក​គ្នា​ដែរ​។ Leonardo គឺជា​មិត្ត​ភក្ដិ​របស់​ខ្ញុំ​ គេគឺជា​មិត្ត​ពិត​ប្រាកដ​របស់​ខ្ញុំ​។ មិត្ត​ភាព​យើង​គឺ​ពេញ​មួយ​ជីវិត​»។

តារា​សម្ដែង​វ័យ​៤៦​ឆ្នាំ​ Kate Winslet បាន​សម្ដែង​ជា​តួអង្គ​ភ្នាក់ងារ​ប៉ូលិសនៅ​ក្នុង​ខ្សែ​​ភាពយន្ត​បែប​ស៊ើប​អង្កេត​រឿង​ «Mare of East Town» កាល​ពី​ដើម​ឆ្នាំ​២០២១ ប៉ុន្តែ​អ្នក​នាង​មិន​ទាន់​ច្បាស់​ទេ​ថា​នឹង​សម្ដែង​វគ្គ​ទីពីរ​ទៀត​ឬ​អត់​នោះ​ទេ​៕

Telegram-Troryorng
Share.