សម្តេចពិជ័យសេនាទៀ បាញ់ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ត្រូវសមាជិកាគណៈកម្មាធិការកណ្តាល បោះឆ្នោតគាំទ្រជា អនុប្រធានគណបក្សប្រជាជនកម្ពុជានៅក្នុងមហាសន្និបាទរបស់គណបក្សកាន់អំណាចមួយនេះនៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០២១នេះ។

តើសម្តេចពិជ័យសេនាមានប្រវត្តិយ៉ាងដូចម្តេច?

យោងតាមសៀវភៅ “ជន​ដែល​ត្រូវ​គេ​បាញ់” បាន​បង្ហាញ​ថា លោកបាន កើត​នៅ​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៤៥ និងមាន​ឈ្មោះ​ពិត​ពី​កំណើត “ទៀ សង្វាន” កើត​នៅ​ភូមិ​កោះ​ស្រឡៅ ឃុំកាពិ ស្រុក​កោះកុង ខេត្ត​កោះកុង។

​ឪពុក​មានឈ្មោះ ទៀ តិក មុខ​របរ​ធ្វើ​ស្រែ និង​កាប់​អុស​លក់ និង​ម្តាយ​ឈ្មោះ នូ ផេង​ចិន្តា មុខ​របរ​កសិករ។លោកមាន​បងប្អូន​បង្កើត ៥​នាក់។

កុមារា ទៀ សង្វាន បានក្លាយជាក្មេងកំព្រាឪពុកនៅពេលមាន​អាយុ​ទើប​តែ ១១ ឆ្នាំ ក្រោយពេលដែលឪពុកដែលមានជំងឺប្រចាំកាយបានធ្វើមរណកាលទៅ។សង្វានបាន​ក្លាយជា​អ្នក​ស៊ី​ឈ្នួល​ឡើង​បេះ​ផ្លែ​ស្លា​ឲ្យ​អ្នក​ភូមិ និង​រក​ត្រី ដើម្បី​ផ្គត់ផ្គង់​គ្រួសារ។

នៅ​ឆ្នាំ១៩៥៧ ទៀ សង្វាន ត្រូវ​បាន​ម្តាយ​បញ្ជូន​ឲ្យ​ទៅ​នៅ​វត្ត។ រហូត​ដល់​ឆ្នាំ១៩៦០ សង្វាន (ទៀ បាញ់) មាន​អាយុ ១៥ ឆ្នាំ។

ទៀ សង្វាន ចេញ​ធ្វើ​ការ​តស៊ូ គឺ​នៅ​ឆ្នាំ១៩៦១ ដោយ​ទាក់ទង​ជា​មួយ​ចលនា​តស៊ូ​ក្នុង​ព្រៃ រហូត​ដល់​ត្រូវ​អាជ្ញាធរ​ចាប់​ធ្វើ​ទារុណកម្ម និង​ឃុំឃាំង។ការសម្រេចចេញទៅតស៊ូនេះដោយសារតែមានការឈឺចាប់ទៅនឹងទង្វើរបស់ ​ប៉ូលិស និង​ជីវពល​ភូមិ មក​សំឡុត​គំរាម​ម្តាយ ឲ្យ​ប្រគល់​ប្អូនស្រី​របស់​គេ ដែល​ទើប​មាន​អាយុ ១៣ ឆ្នាំ ដើម្បី​យក​ទៅ​ជូន​លោក​កុម្មុយ សៀ ប៉ូលិស សម្រាប់​សប្បាយ​ខាង​ផ្លូវ​តណ្ហា។ សង្វាន ប្រកែក​តវ៉ា និង​គំរាម​ពួក​ទាំងនោះ មិន​ឲ្យ​យក​ប្អូន​ស្រី​គេ​ទៅ​ដាច់ខាត ទោះ​គេ​ត្រូវ​ប្តូរ​ជីវិត​ក៏ដោយ ក៏​ពុំ​ឲ្យ​ពួក​ទាំង​នោះ ធ្វើ​បាប​ប្អូនស្រី​គេ​ដែរ។

​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​១៩៦៥ ក្រោយ​ពី​រួច​ខ្លួនបាន ៧​ថ្ងៃ ក្រុម​ជីវពល ៥​នាក់ និង​ប៉ូលិស ២​នាក់ បាន​មក​តាម​ចាប់​សង្វាន និង​មនុស្ស​ម្នាក់​ទៀត ឈ្មោះ តា កៅ។ ពួកគេ​បាន​ចាប់​អ្នក​ទាំង​ពីរ ចង​ដៃ បណ្ដើរ​យក​ទៅ​បាញ់​ចោល នៅ​ជើង​ភ្នំ​កោះ​អណ្ដែត។ ក៏​ប៉ុន្តែ​ចៃដន្យ យុវជន សង្វាន មិន​ស្លាប់ ហើយ​បាន​រត់​ចូល​ព្រៃ រួច​ខ្លួន។

ចាប់ពី​ពេល​នោះ​មក ស្ថានភាព​ទាំងនោះ បាន​ជំរុញ​ឲ្យ​យុវជន សង្វាន ធ្វើ​ចលនា​តស៊ូ ក្នុង​ព្រៃ​ជា​បន្ត​បន្ទាប់ រហូតបាន​ក្លាយ​ជា​មេទ័ព​ដ៏​ខ្លាំង​ពូកែ ដឹកនាំ​ទ័ព​វាយ​ប្រឆាំង​សត្រូវ នៅ​តំបន់​ខេត្ត​កោះកុង តាំងពី​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​១៩៦៥ រហូត​ចូល​រួម​សកម្មភាព​រំដោះ​ប្រទេស ខែ​មករា ឆ្នាំ​១៩៧៩ ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។

នៅក្នុងអំឡុងពេលតស៊ូនោះ មនុស្ស​ជាច្រើន​ក្នុង​ភូមិ និង​ក្រុម​អ្នក​តស៊ូ បាន​ហៅ​ឈ្មោះ​លោក​ពី ទៀ សង្វាន ទៅ​ជា​ឈ្មោះ ទៀ បាញ់ ដោយ​លួច​លាក់ ហើយ​ឈ្មោះ​នេះ បាន​ត្រូវ​ប្រើ​រហូត​មក​ដល់​សព្វថ្ងៃ​។

សមមិត្ត ទៀ បាញ់ បាន​រៀបការ​ជាមួយ​ភរិយា ឈ្មោះ តៅ តឿន នៅ​ភូមិ​គិរីវង្ស នា​ថ្ងៃ​ទី៤ ខែ​មេសា ឆ្នាំ​១៩៧៥ នៅ​ក្នុង​ព្រៃ ក្រោម​ការ​ប្រកាស​ជា​ផ្លូវការ​របស់​លោក សាយ ភូថង ដែល​ត្រូវ​ជា​ចាស់ទុំ និង​ឪពុក​មា​របស់​លោកផង។ ជាចំណងដៃអាពាហ៍ពិពាហ៍ លោកនិងភរិយាមាន​កូន​ពីរ​នាក់ គឺ​កូន​ច្បង​ទី១ ឈ្មោះ ទៀ ស្យាម និង​កូន​ប្រុស​ទី២ ឈ្មោះ ទៀ ទីហា។

ប្រវត្តិការងារ៖

  • នៅឆ្នាំ១៩៧៩៖ ប្រធាន​យោធា​ខេត្ត​កោះកុង
  • ខែ​កក្កដា ឆ្នាំ​១៩៧៩៖ ប្រធាន​ស្នងការ​ហ្វឹកហ្វឺន​អគ្គសេនាធិការ​ក្រសួង​ការពារ​ជាតិ
  • ឆ្នាំ​១៩៧៩-១៩៨០៖ អនុ​ប្រធាន​អគ្គសេនាធិការ​ទទួល​បន្ទុក​វិទ្យុ​ទាក់ទង​អាកាសចរ
  • ឆ្នាំ​១៩៨០-១៩៨២៖ អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស ទទួល​បន្ទុក​វិទ្យុ​ទាក់ទង​អាកាសចរ បច្ចេក​ទេស ហិរញ្ញវត្ថុ និង​កិច្ច​ទាក់ទង​អន្តរជាតិ​យោធា
  • ឆ្នាំ​១៩៨២-១៩៨៤៖ រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍ ដឹក​ជញ្ជូន និង​ប្រៃសណីយ៍
  • ឆ្នាំ​១៩៨៤-១៩៨៧៖ អនុរដ្ឋមន្ត្រី​ក្រុម​ប្រឹក្សា​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ដឹក​ជញ្ជូន និង​ប្រៃសណីយ៍
  • ឆ្នាំ​១៩៨៧-១៩៨៨៖ អនុរដ្ឋមន្ត្រី​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ
  • ឆ្នាំ​១៩៨៨-១៩៩៣៖ សមាជិក​រដ្ឋសភា អនុ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ក្នុង​រដ្ឋាភិបាល​បណ្តោះ​អាសន្ន និង​ជា​សហ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ
  • ឆ្នាំ​១៩៩៣-១៩៩៤៖ សហ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ
  • ឆ្នាំ​១៩៩៤-១៩៩៥៖ សហ​អគ្គ​មេបញ្ជាការ​រង និង​ជា​សហរដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ
  • ឆ្នាំ​១៩៩៥-១៩៩៨៖ ទេសរដ្ឋមន្ត្រី និង​ជា​សហ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ
  • ឆ្នាំ​១៩៩៨-២០០០៖ នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ ទេសរដ្ឋមន្ត្រី និង​សហ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ
  • ឆ្នាំ​២០០០-២០០៤៖ ឧប​នាយករដ្ឋមន្ត្រី សហ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ
  • ២២​មីនា ឆ្នាំ២០០៦ មក​ដល់​បច្ចុប្បន្ន៖ ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ

រដ្ឋមន្ត្រី​ការពារ​ជាតិ នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ ត្រូវ​បាន​ព្រះករុណា ព្រះ​មហាក្សត្រ ចេញ​ព្រះ​រាជក្រឹត្យ ប្រោស​ព្រះរាជទាន​គោរមងារ “សម្តេច​ពិជ័យ​សេនា” តាម​រយៈ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៧៕

Share.