គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចនៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០២១នេះ បានបើកសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ របស់ខ្លួន ដោយបានសម្រេចលើ របៀបវារៈចំនួន៤។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា  សន្និបាត បានប្រព្រឹត្តទៅក្នុងស្មារតីឯកភាព ប្រជាធិបតេយ្យ និងការទទួលខុសត្រូវខ្ពស់បំផុត ចំពោះបុព្វហេតុជាតិ និងប្រជាជន ដោយបានសម្រេចលទ្ធផលដូចខាងក្រោម ៖

១៖ បោះឆ្នោតជ្រើសតាំងបន្ថែម សម្តេចពិជ័យសេនា ទៀ បាញ់ ជាអនុប្រធានគណបក្ស និង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស

២៖ បន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជាឯកច្ឆ័ន្ទ ជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត

៣៖ ពិភាក្សាអំពីកិច្ចការមួយចំនួនស្តីពីការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

៤៖ អង្គសន្និបាតបានយល់ជ្រួតជ្រាបស៊ីជម្រៅអំពីខ្លឹមសារនៃទស្សនៈសភាពការណ៍ ឆ្នាំ២០២១ និងទិសដៅភារកិច្ច សំខាន់ៗរបស់គណបក្សក្នុងឆ្នាំ២០២២។

គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអំពាវនាវគណៈកម្មាធិការ នៃគណបក្សគ្រប់ថ្នាក់គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងមន្ត្រី សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា សូមពង្រឹងសាមគ្គីភាព ឯកភាពផ្ទ ក្នុងរឹងមាំ ខិតខំ បន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្តីសម្រេចនានារបស់ គណបក្សឱ្យបាន សម្រេចជោគជ័យ ដើម្បី បម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជន។

គណបក្សប្រជាជនកម្ពុជា បានអំពាវនាវជនរួមជាតិទាំងមូលទាំងនៅក្នុងប្រទេស ទាំងនៅ ក្រៅប្រទេស សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីថែរក្សាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានរឹងមាំ ស្ថិតស្ថេរគង់វង្សជារៀងដរាប៕

Share.