ភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ មួយរយៈចុងក្រោយនេះ មានបទល្មើសកើតឡើងគួរឲ្យកត់ សំគាល់នៅ ចុងឆ្នាំ២០២១នេះ។ជាក់ស្តែងត្រឹមតែរយៈពេល ៤៨ម៉ោង ជនសង្ស័យធ្វើ សកម្មភាពលួចស្លាកលេខរថយន្តអស់៧គ្រឿង លួចរថយន្តអស់មួយគ្រឿង ឆក់កាបូបលុយ អស់ជិត២០លានរៀល នៅយប់ថ្ងៃទី២៣ និងយប់និងព្រឹកថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២១នៅក្នុង ភូមិព្រៃជីសាក់និងនៅភូមិជម្ពូវ័ន១សង្កាត់ចោមចៅទី៣ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យធ្វើសកម្មភាពលួចស្លាក លេខរថយន្តអស់ ចំនួន ៧គ្រឿង ក្នុងទីតាំងតែមួយក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ។

ក្នុងនោះរថយន្តម៉ាក ឡិចស៊ិស៤៧០ ចំនួន១គ្រឿង រថយន្តម៉ាកឡិចស៊ិស៣៣០ ចំនួន ១គ្រឿង រថយន្តម៉ាកព្រុស ចំនួន៣គ្រឿង រថយន្តម៉ាកតាកុមា ចំនួន១គ្រឿង រថយន្តម៉ាកកាមរី បាឡែន ចំនួន១គ្រឿង ។

លុះមកដល់រំលងអធ្រាត្រចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នៅទីតាំង ដដែល ត្រូវបានជន សង្ស័យធ្វើសកម្មភាពលួច ម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-0335 មានម្ចាស់ជាជនរងគ្រោះឈ្មោះលាវ សំអុលភេទប្រុស អាយុ៣៥ឆ្នាំរស់នៅកន្លែងកើតហេតុ ។ ខណៈដែលជនសង្ស័យលួចស្លាកលេខរថយន្ត លួចរថយន្ត សមត្ថកិច្ចមិនទាន់ស្រាវជ្រាវ រកជនសង្ស័យផង ស្រាប់តែនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ កើតមាន ករណីឆក់កាបូបលុយមួយករណីទៀត នៅចំណុចផ្លូវជាតិលេខ៤ មុខវិទ្យាល័យជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ លើជនរងគ្រោះឈ្មោះ រុណ សំបូរ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ លក់ដូរ និងម្ចាស់ផ្ទះជួល មានទីលំនៅ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ សម្ភារៈលុយកាក់ ដែលបានបាត់បង់មាន លុយជាង១៧លានរៀល គ្រឿងអលង្ការ ទូរស័ព្ទ មួយគ្រឿង សរុបជិត២០លានរៀល ។

បើតាមស្ត្រីរងគ្រោះក្នុងករណីឆក់កាបូប បានឲ្យដឹងថា មុនកើតហេតុ គាត់យកលុយ សរុបជាង១៧លានរៀល ទៅទូទាត់ថ្លៃសាច់ជ្រូក សាច់គោ សាច់មាន់ នៅផ្សារជម្ពូវ័ន។ ទើបតែជិះដល់មុខសាលារៀន ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូម៉ាកនិច ពណ៌ស ក្រហម មិនចាំស្លាកលេខ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ មកធ្វើសកម្មភាពទាញ យកកាបូបពីក្នុងអាវ បានសម្រេចហើយជិះគេចទៅបាត់ ។

ជនរងគ្រោះក្នុងបទល្មើសខាងលើ ក្រោយកើតហេតុ បានត្រឹមរត់ទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាល ដើម្បីឲ្យជួយអន្តរាគមន៍៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.