ម្ចាស់បទ «បងមិនល្អ» បានប្រកាសចែកផ្លូវជាមួយសង្សារគឺកញ្ញា ហ្វី យ៉ាតា ហើយ ដោយមូលហេតុថាខ្លួនលួចលាក់មានស្រីផ្សេងក្បត់ហ្វីយ៉ាតា ដូច្នេះចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២១ នេះតទៅ អ្នកទាំងពីរមិនមានអ្វីពាក់ព័ន្ធគ្នានោះទេ។ លោក ហេង ពិទូ បានព្រមទទួលកំហុសគ្រប់យ៉ាង ដោយមិនខ្លាចបង្ហោះពីរឿងអាស្រូវរបស់ខ្លួន ដែលនាំឱ្យអាប់ឱនដល់កិត្តិយស និងកេរ្ដិ៍ឈ្មោះឡើយ។
យ៉ាងណាមិញភាគីខាងស្រីកញ្ញាហ្វីយ៉ាតាវិញ ក៏បានចេញមកទម្លាយដែរថា ការដែលអតីតសង្សារជា លោក ហេង ពិទូ ចេញមកប្រកាសដូច្នេះដោយសារតែកញ្ញាមានភស្តុតាងច្រើននៅក្នុងទូរសព្ទដៃ ទើបតារាចម្រៀងល្បីសុខចិត្តចេញមកផុសជាថ្នូរមិនឱ្យខាងស្រីបកអាក្រាតរឿងរបស់ខ្លួន។
គេបានឃើញថា ចំថ្ងៃ Christmas នៅវេលាម៉ោង៤រសៀលថ្ងៃទី ២៥ ខែធ្នូ ២០២១ លោកហេងពិទូ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយរៀបរាប់យ៉ាងភ្ញាក់ផ្អើលថា «ជំរាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំមានរឿងចង់ប្រាប់ ខ្ញុំនឹង Fi Yataបានបែកគ្នាហើយ»។ លោកបានសារភាពត្រង់ឱ្យមហាជនដឹងថា« កំហុសទាំងអស់គឺមកពីខ្ញុំ ខ្ញុំលួចទាក់ទងមនុស្សស្រីផ្សេង គ្មានគុណធម៌ ហើយសូមទោសសំរាប់កំហុសដរធ្ងន់មួយនេះ។ ហើយក៏សូមទោស Fiyata – ហ្វីយ៉ាតា នៅកំហុសមួយនេះ នឹងអរគុណសំរាប់ការលើកលែង ពីថ្ងៃនេះទៅ ខ្ញុំនឹងគាត់ មិនមានអីពាក់ព័ន្ធគ្នាទៀតទេ»។ ការប្រកាសបញ្ចប់ទំនាក់ទំនងនេះ ត្រូវបានហ្វេនមើលឃើញថា ជាការរៀបចំសេណារីយ៉ូសាច់រឿង ដើម្បីត្រៀមចេញ MV បទចម្រៀងថ្មី។
ទ្រាំលែងបាននឹងសម្ដីរបស់ហ្វេនផង ព្រមទាំងមិនបានចំពោះកាដូចុកឈាមពីម្ចាស់បទ«បងមិនល្អ»ចំថ្ងៃបុណ្យ Christmas ផងនោះ តារាស្រី Fiyata – ហ្វីយ៉ាតា ដាច់ចិត្តទម្លាយសារនៅលើហ្វេសប៊ុកខ្លួនទៀត ដាក់ចំឱ្យដឹងកាន់តែច្បាស់ថា នារីគ្រប់រូបឱ្យគិតពិចារណាឱ្យបានច្បាស់លាស់ មុននិងសម្រេចចិត្តផ្ញើវាសនា លើបុរសនោះ ហើយនាងនៅបានបញ្ជាក់យ៉ាងច្បាស់ពី ការបែកបាក់ទំនាក់ទំនង រវាងអ្នកទាំង២ ។ ដោយនាងបាននិយាយថា រាល់ថ្ងៃខ្ញុំរវល់ធ្វើការរកស៊ីណាស់មិនមានពេលមកលេង Prank លប់ដូចកូនក្មេងទេ ។ នាងថា «ផ្ដាំទៅមនុស្សស្រីយើងគ្រប់គ្នាឱ្យដឹងខ្លួនថាកុំយកសេចក្ដីសុខខ្លួនឯងទៅផ្ញើនឹងអ្នកដទៃព្រោះគេមិនបានស្មោះត្រង់ជាមួយយើងគ្រប់ពេលនោះទេ។ កុំរស់ពឹងដង្ហើមអ្នកណាទាំងអស់ត្រូវរៀនរស់ដោយខ្លួនឯងរឹងមាំដោយខ្លួនឯង គេទៅក៏យើងមានប៉ុណ្ណឹងគេនៅក៏យើងមានប៉ុណ្ណឹង ដូច្នេះហើយទើបមិនធ្វើឱ្យយើងមានអារម្មណ៍ថាស្ដាយក្រោយពេលនរណាម្នាក់ក្បត់យើង. ត្រូវចាំថាមិនថា អ្នកស្អាតខ្លាំង ពូកែប៉ុណ្ណាទេ មនុស្សបើគេចង់ក្បត់ហើយទោះបីយើងឱ្យគេអង្គុយនៅលើបល្ល័ង្កទៀតក៏គេនៅតែក្បត់ដែរ។ ខ្ញុំពិតជាចង់សើចមនុស្សប្រុសមួយចំនួនមែន សុខចិត្តរុះរើសវ៉ៃផ្ទះធំចោលហើយទៅសង់ទៀមស្រាផឹកជាមួយស្រី។ ខ្ញុំចង់បន្ទោសមនុស្សស្រីប៉ុន្មាននាក់នោះដែរប៉ុន្តែខ្ញុំគិតឡើងវិញថាមកពីខាងប្រុសរបស់យើងទេដែលបើកដៃឱ្យគេចូលមកបាន។ សុំបញ្ជាក់ថាគាត់បង្ហោះនេះក៏ដោយសារតែការដោះដូរមិនឱ្យខ្ញុំបញ្ចេញនៅផុសតាងដែលខ្ញុំមាននៅក្នុងដៃ ដូច្នេះហើយមនុស្សស្រីប៉ុន្មាននាក់នោះកុំទាន់សប្បាយអរអី»។
ហើយក្រោយមកទៀត Fiyata – ហ្វីយ៉ាតា ក៏បានបង្ហោះសារបន្ថែមទៀតថា «ហេតុអីត្រូវខូចចិត្តបើយើងបាត់បង់មនុស្សដែលមិនមានភាពស្មោះត្រង់ចំពោះយើងហ្នឹង តែគេទៅវិញទេដែលបាត់បង់មនុស្សដែលស្រលាញ់គេ។ វាគឺជាកាដូដ៏ល្អបំផុតដែលយើងត្រៀមខ្លួនដើរចូលទៅក្នុងឆ្នាំថ្មីដោយគ្មានស្នែងនៅលើក្បាល។ ភាពស្មោះត្រង់មិនពិបាកធ្វើទេគ្រាន់តែមនុស្សខ្លះជ្រើសរើសយកការកុហកបោកប្រាស់។ មុននឹងចាកចេញពីអ្វីមួយខ្ញុំព្យាយាមអស់ពីសមត្ថភាពហើយ ដូច្នេះពេលណាដែលខ្ញុំសម្រេចចិត្តថាដើរចេញគឺជាពេលដែលខ្ញុំគ្មានពាក្យថាស្ដាយក្រោយទេ។ ការបែកបាក់ខ្លះមិនប្រាកដថាសុទ្ធតែអាក្រក់នោះទេ ការបែកបាក់ខ្លះគឺជាសំណាងរបស់អ្នកទៅថ្ងៃមុខក៏ថាបាន. ត្រូវចាំថាអ្នកធ្វើឲ្យទឹកភ្នែករបស់មនុស្សដែលស្មោះត្រង់និងស្រលាញ់អ្នកចេញពីចិត្តស្រក់ច្រើនកម្រិតណា ខ្លួនអ្នកក៏ហែលទឹកភ្នែកនោះលែងរួចដូចគ្នា…»។
បើទោះបីជាមានការបង្ហោះសារជាហូរហែពីភាគីខាងស្រីយ៉ាងណាក៏ដោយ ក៏ប៉ុន្តែអ្នកលេងបណ្ដាញសង្គមនៅតែមិនជឿ ថែមទាំង Comment រិះគន់ចំៗ ហើយចាត់ទុករឿងនេះថា ជារឿងPrankគ្នាតែប៉ុណ្ណោះ។ តែបើរឿងជាការពិតមែននោះ តារាស្រី Fiyata – ហ្វីយ៉ាតា ត្រូវបានហ្វេនចាត់ទុកថា ជាតារាស្រីអភព្វស្នេហ៍ ព្រោះនាងធ្លាប់បរាជ័យរឿងស្នេហាច្រើនដងមកហើយ៕
ទស្សនាវីដេអូ Big News ៖