ម្ចាស់​បទ «បង​មិនល្អ» បានប្រកាស​ចែកផ្លូវ​ជាមួយ​សង្សារ​គឺ​កញ្ញា ហ្វី យ៉ា​តា ហើយ ដោយ​មូល​ហេតុថា​ខ្លួន​លួចលាក់​មាន​ស្រី​ផ្សេង​ក្បត់​ហ្វី​យ៉ា​តា ដូច្នេះ​ចាប់ពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២១ នេះ​តទៅ អ្នក​ទាំងពីរ​មិនមាន​អ្វី​ពាក់ព័ន្ធ​គ្នា​នោះទេ។ លោក  ហេង ពិ​ទូ បាន​ព្រម​ទទួលកំហុស​គ្រប់យ៉ាង ដោយ​មិន​ខ្លាច​បង្ហោះ​ពី​រឿងអាស្រូវ​របស់ខ្លួន ដែលនាំឱ្យ​អាប់ឱន​ដល់​កិត្តិយស និង​កេរ្ដិ៍ឈ្មោះ​ឡើយ។

យ៉ាងណាមិញ​ភាគី​ខាង​ស្រី​កញ្ញា​ហ្វី​យ៉ា​តា​វិញ ក៏បាន​ចេញមក​ទម្លាយ​ដែរ​ថា ការដែល​អតីត​សង្សារ​ជា លោក ហេង ពិ​ទូ ចេញមក​ប្រកាស​ដូច្នេះ​ដោយសារតែ​កញ្ញា​មាន​ភស្តុតាង​ច្រើន​នៅក្នុង​ទូរ​សព្ទ​ដៃ ទើប​តារាចម្រៀង​ល្បី​សុខចិត្ត​ចេញមក​ផុស​ជា​ថ្នូរ​មិនឱ្យ​ខាង​ស្រី​បកអាក្រាត​រឿង​របស់ខ្លួន។

គេ​បាន​ឃើញថា ចំ​ថ្ងៃ Christmas នៅវេលា​ម៉ោង៤រសៀល​ថ្ងៃទី ២៥ ខែធ្នូ ២០២១ លោក​ហេង​ពិ​ទូ បាន​បង្ហោះ​សារ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​រៀបរាប់​យ៉ាង​ភ្ញាក់ផ្អើល​ថា «ជំរាបសួរ​បងប្អូន​ទាំងអស់គ្នា ថ្ងៃនេះ​ខ្ញុំ​មានរឿង​ចង់​ប្រាប់ ខ្ញុំ​នឹង Fi Yataបាន​បែក​គ្នា​ហើយ»។ លោក​បាន​សារភាព​ត្រង់​ឱ្យ​មហាជន​ដឹងថា«  កំហុស​ទាំងអស់​គឺ​មកពី​ខ្ញុំ  ខ្ញុំ​លួច​ទាក់ទង​មនុស្ស​ស្រី​ផ្សេង គ្មាន​គុណធម៌ ហើយ​សូមទោស​សំរាប់​កំហុស​ដរ​ធ្ងន់​មួយ​នេះ។ ហើយក៏​សូមទោស Fiyata – ហ្វី​យ៉ា​តា នៅ​កំហុស​មួយ​នេះ  នឹង​អរគុណ​សំរាប់​ការលើកលែង ពីថ្ងៃ​នេះ​ទៅ ខ្ញុំ​នឹង​គាត់ មិន​មានអី​ពាក់ព័ន្ធ​គ្នា​ទៀត​ទេ»។ ការប្រកាស​បញ្ចប់​ទំនាក់​ទំនង​នេះ ត្រូវបាន​ហ្វេ​ន​មើលឃើញថា ជាការ​រៀបចំ​សេណា​រី​យ៉ូ​សាច់រឿង ដើម្បី​ត្រៀម​ចេញ MV បទ​ចម្រៀង​ថ្មី។

ទ្រាំលែងបាន​នឹង​សម្ដី​របស់​ហ្វេ​ន​ផង ព្រមទាំង​មិនបាន​ចំពោះ​កាដូ​ចុក​ឈាម​ពី​ម្ចាស់​បទ«បង​មិនល្អ»ចំ​ថ្ងៃបុណ្យ Christmas ផង​នោះ តារា​ស្រី Fiyata – ហ្វី​យ៉ា​តា ដាច់ចិត្ត​ទម្លាយ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ទៀត ដាក់​ចំ​ឱ្យដឹង​កាន់តែច្បាស់​ថា នារី​គ្រប់រូប​ឱ្យ​គិតពិចារណា​ឱ្យបាន​ច្បាស់លាស់ មុន​និង​សម្រេចចិត្ត​ផ្ញើ​វាសនា លើ​បុរស​នោះ ហើយ​នាង​នៅបាន​បញ្ជាក់​យ៉ាងច្បាស់​ពី ការបែកបាក់​ទំនាក់ទំនង រវាង​អ្នក​ទាំង២ ។ ដោយ​នាង​បាន​និយាយថា រាល់ថ្ងៃ​ខ្ញុំ​រវល់​ធ្វើការ​រកស៊ី​ណាស់​មិនមាន​ពេល​មកលេង Prank លប់​ដូច​កូនក្មេង​ទេ ។ នាង​ថា «ផ្ដាំ​ទៅ​មនុស្ស​ស្រី​យើង​គ្រប់គ្នា​ឱ្យដឹង​ខ្លួន​ថា​កុំ​យក​សេចក្ដីសុខ​ខ្លួនឯង​ទៅ​ផ្ញើ​នឹង​អ្នកដទៃ​ព្រោះ​គេ​មិនបាន​ស្មោះត្រង់​ជាមួយ​យើង​គ្រប់ពេល​នោះទេ។  កុំ​រស់​ពឹង​ដង្ហើម​អ្នកណា​ទាំងអស់​ត្រូវ​រៀន​រស់​ដោយ​ខ្លួនឯង​រឹងមាំ​ដោយ​ខ្លួនឯង គេ​ទៅ​ក៏​យើង​មាន​ប៉ុណ្ណឹង​គេ​នៅ​ក៏​យើង​មាន​ប៉ុណ្ណឹង ដូច្នេះហើយ​ទើប​មិន​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ថា​ស្ដាយ​ក្រោយពេល​នរណាម្នាក់​ក្បត់​យើង. ត្រូវ​ចាំ​ថា​មិន​ថា អ្នក​ស្អាត​ខ្លាំង ពូកែ​ប៉ុណ្ណា​ទេ មនុស្ស​បើ​គេ​ចង់​ក្បត់​ហើយ​ទោះបី​យើង​ឱ្យគេ​អង្គុយ​នៅលើ​បល្ល័ង្ក​ទៀត​ក៏​គេ​នៅតែ​ក្បត់​ដែរ។ ខ្ញុំ​ពិតជា​ចង់​សើច​មនុស្ស​ប្រុស​មួយចំនួន​មែន សុខចិត្ត​រុះ​រើស​វ៉ៃ​ផ្ទះ​ធំ​ចោល​ហើយ​ទៅ​សង់​ទៀមស្រា​ផឹក​ជាមួយ​ស្រី។ ខ្ញុំ​ចង់​បន្ទោស​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​នោះដែរ​ប៉ុន្តែ​ខ្ញុំ​គិត​ឡើងវិញ​ថា​មកពី​ខាង​ប្រុស​របស់​យើង​ទេ​ដែល​បើកដៃ​ឱ្យគេ​ចូលមក​បាន។ សុំ​បញ្ជាក់ថា​គាត់​បង្ហោះ​នេះ​ក៏​ដោយសារតែ​ការដោះដូរ​មិនឱ្យ​ខ្ញុំ​បញ្ចេញ​នៅ​ផុស​តាង​ដែល​ខ្ញុំ​មាននៅ​ក្នុង​ដៃ ដូច្នេះហើយ​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​នោះ​កុំ​ទាន់​សប្បាយ​អរ​អី»។

ហើយ​ក្រោយមកទៀត  Fiyata – ហ្វី​យ៉ា​តា ក៏បាន​បង្ហោះ​សារ​បន្ថែមទៀតថា «ហេតុ​អី​ត្រូវ​ខូចចិត្ត​បើ​យើង​បាត់បង់​មនុស្ស​ដែល​មិនមាន​ភាពស្មោះត្រង់​ចំពោះ​យើង​ហ្នឹង តែ​គេ​ទៅវិញ​ទេ​ដែល​បាត់បង់​មនុស្ស​ដែល​ស្រលាញ់​គេ។ វា​គឺជា​កាដូ​ដ៏​ល្អ​បំផុត​ដែល​យើង​ត្រៀមខ្លួន​ដើរចូល​ទៅក្នុង​ឆ្នាំ​ថ្មី​ដោយ​គ្មាន​ស្នែង​នៅលើ​ក្បាល។ ភាពស្មោះត្រង់​មិន​ពិបាកធ្វើ​ទេ​គ្រាន់តែ​មនុស្ស​ខ្លះ​ជ្រើស​រើសយក​ការ​កុហក​បោកប្រាស់។ មុននឹង​ចាកចេញ​ពីអ្វី​មួយ​ខ្ញុំ​ព្យាយាម​អស់ពី​សមត្ថភាព​ហើយ ដូច្នេះ​ពេលណា​ដែល​ខ្ញុំ​សម្រេចចិត្តថា​ដើរចេញ​គឺជា​ពេលដែល​ខ្ញុំ​គ្មាន​ពាក្យ​ថា​ស្ដាយក្រោយ​ទេ។ ការបែកបាក់​ខ្លះ​មិន​ប្រាកដថា​សុទ្ធតែ​អាក្រក់​នោះទេ ការបែកបាក់​ខ្លះ​គឺជា​សំណាង​របស់​អ្នក​ទៅ​ថ្ងៃមុខ​ក៏​ថា​បាន. ត្រូវ​ចាំ​ថា​អ្នកធ្វើ​ឲ្យ​ទឹកភ្នែក​របស់​មនុស្ស​ដែល​ស្មោះត្រង់​និង​ស្រលាញ់​អ្នក​ចេញពី​ចិត្ត​ស្រក់​ច្រើន​កម្រិតណា ខ្លួន​អ្នក​ក៏​ហែល​ទឹកភ្នែក​នោះ​លែងរួច​ដូចគ្នា…»។

បើទោះបីជា​មានការ​បង្ហោះ​សារ​ជា​ហូរហែ​ពី​ភាគី​ខាង​ស្រី​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​អ្នកលេង​បណ្ដាញ​សង្គម​នៅតែ​មិន​ជឿ ថែមទាំង Comment រិះគន់ចំៗ ហើយ​ចាត់ទុក​រឿងនេះ​ថា ជា​រឿង​Prankគ្នា​តែប៉ុណ្ណោះ។ តែបើ​រឿង​ជាការ​ពិតមែន​នោះ តារា​ស្រី Fiyata – ហ្វី​យ៉ា​តា ត្រូវបាន​ហ្វេ​ន​ចាត់ទុកថា ជា​តារា​ស្រី​អភព្វ​ស្នេហ៍ ព្រោះ​នាង​ធ្លាប់​បរាជ័យ​រឿង​ស្នេហា​ច្រើនដង​មកហើយ៕

ទស្សនាវីដេអូ Big News ៖

Telegram-Troryorng
Share.