បន្ទាប់ពី​ខាង​ផលិតកម្ម​កា​ឡាក់​ស៊ីណាវ៉ាត្រា​បានប្រកាស​កម្មវិធី  «បុណ្យ​ភូមិ​សៀមរាប » កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ តាមរយៈ​វីដេអូ​ផ្សព្វផ្សាយ​របស់​ផលិតកម្ម បានធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម និង​មហាជន​មួយចំនួន មានការ​ភ័ន្ដច្រឡំ​ជាមួយ​កម្មវិធី​បុណ្យ​ភូមិ ឬ​ឡេ​ឡេ​បុណ្យ​ភូមិ របស់​ភ្លើង​គប់ ដែល​តែង​ប្រារព្ធ​ធ្វើឡើង​នា​អំឡុង​ខែមេសា មុន​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ។ ប្រភព​អ្នកលេង​បណ្ដាញ​សង្គម​នឹកស្មានថា «បុណ្យ​ភូមិ​សៀមរាប » ជាការ​សហការ​រវាង​ផលិតកម្ម​កាឡាក់ស៊ី និង​ភ្លើង​គប់ ជា​អ្នករៀបចំ​កម្មវិធី​កម្សាន្ដ​ចុងឆ្នាំ​នេះ​ឡើង។

បើតាម​ការប្រកាស​រប​ស់​ភាគី​ក្រុម​រៀបចំ​បុណ្យ​ភូមិ​ដោយ​ភ្លើង​គប់​បាន​អះអាងថា គណៈកម្មាធិការ​ប្រារព្ធ​មហោស្រព​បុណ្យ​ភូមិ​នៃ​ក្រុម​ភ្លើង​គប់​ជូនដំណឹង​ថា​កម្មវិធី «ប្រគំ​តន្ត្រី​ខាងលើ ពុំមែន​ស្ថិតនៅក្រោម​ការដឹកនាំ និង​រៀបចំឡើង​របស់ គណៈកម្មាធិការ​មហោស្រព​បុណ្យ​ភូមិ​នោះទេ និង​មិន​ទទួលខុសត្រូវ​លើ​សកម្មភាព​នានា គ្រប់​រូបភាព​នៃ​កម្មវិធី​ប្រគំ​តន្ត្រី​ខាងលើ​នេះឡើយ»។ ប្រភព​នេះ​បាន​បន្ដទៀតថា ខាង​ភាគី​ភ្លើង​គប់ បាន​អំពាវនាវ​ឱ្យ​អ្នកគ្រប់គ្រង​កម្មវិធី «បុណ្យ​ភូមិ​សៀមរាប»  ចេញ​ការបកស្រាយ​ពន្យល់​ទៅកាន់​មហាជន​ឱ្យបាន​ច្បាស់លាស់ និង​ចាត់វិធានការ​ជា ប្រញាប់ ដោយ​លុបចេញ​រាល់​រូបភាព និង​វីដេអូ នៃ​ទិដ្ឋភាព ពី​មហោស្រព​បុណ្យ​ភូមិ ដែល​បាន​ផ្សាយ​ចេញ។ ក្នុងករណី​ដែល​មិនមាន​ការឆ្លើយតប​នូវ​សំណើរ​ខាងលើ គណៈកម្មាធិការ​ប្រារព្ធ​មហោស្រព​បុណ្យ​ភូមិ នៃ ក្រុម​ភ្លើង​គប់ នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដោយ​ចោទប្រកាន់​ការរំលោភ​ក​ម្ម​សិទ្ធិ​បញ្ញា និង​យក​ប្រើប្រាស់​ជា​ប្រយោជន៍ ពាណិជ្ជកម្ម​ចំពោះ ក្រុមហ៊ុន​ខ្លួន។

បន្ទាប់​មានការ​ជូនដំណឹង​ពី​ខាង​ភាគី​ភ្លើង​គប់​ហើយ​នោះ លោក យឹម តា​ស្រង់ ជា​អ្នកគ្រប់គ្រង​កម្មវិធី «បុណ្យ​ភូមិ​សៀមរាប» ក៏បាន​ចេញ​ការបកស្រាយ​ថា «គោរព​ជម្រាបសួរ​ទៅដល់​គណៈកម្មការ​បុណ្យ​ភូមិ ភ្លើង​គប់​ជាទីគោរព ក្នុងនាម​ខ្ញុំបាទ យឹម​តា​ស្រង់ ជា​អ្នកគ្រប់គ្រង​កម្មវិធី “បុណ្យ​ភូមិ​សៀមរាប” សូម​បកស្រាយ​ជម្រាបជូន​ទៅដល់​គណៈកម្មកា​រទាំង​អស់​ថា “បុណ្យ​ភូមិ​សៀមរាប” សំដៅ​ទៅលើ​ការធ្វើ​ពិធីបុណ្យ​នៅក្នុង​ភូមិ ដែល​ផ្ដោតទៅលើ បងប្អូន​ខេត្តសៀមរាប​ទាំងមូល ដែលមាន​ទាំង​វប្បធម៌ និង​ម្ហូប​ទាំង១២ក្រុង​ស្រុក​ដែល​ត្រូវ​យកមក​បង្ហាញ។ ហើយ​ពាក្យ​ថា”បុណ្យ​ភូមិ​សៀមរាប” ពួកយើង​មិន​នឹកស្មានថា​មានការ​បង្ហោះ​ថា​ជាប់​កម្មសិទ្ធិបញ្ញា​ឡើយ ហើយដោយ​ឡែក”បុណ្យ​ភូមិ​សៀមរាប” គឺជា​ការពិត​កើតឡើង​ដោយ​ក្រុមការងារ​បុណ្យ​ភូមិ​សៀម​រាម​ទាំងស្រុង ហើយ​ការធ្វើ​ទៅបាន​ដោយ​មានការ​ជ្រោមជ្រែង​ពី​ក្រុមហ៊ុន Galaxy Navatra Group ។ ពាក្យ​ថា (បុណ្យ) គឺជា​គុណ គ្រឿង​ជម្រះ​សន្ដាន​ចិត្ត កុសល​អំពើ​ល្អ សេចក្ដីសុខ ការធ្វើ​បុណ្យ របស់​វចនានុក្រម​ខ្មែរ សម្ដេច​សង្ឃ ជួន​ណាត​ដែល​ប្រជាជន​ទូទៅ​មាន​សិទ្ធិ​ក្នុងការ​ប្រើប្រាស់។ ភូមិ គឺ សំដៅ​ទៅលើ ទីប្រជុំ ផ្ទះ លំនៅ ក្នុង​តំបន់នីមួយ។ ឯ​ពាក្យ (សៀមរាប) ជា​ឈ្មោះ​ខេត្ត ដែល​យើង​ប្រារព្ធ​ធ្វើ​កម្មវិធី ព័ត៌មាន​សម្រាប់ អ្នកចូលរួម បានដឹង ថា​កម្មវិធី​ធ្វើទៅ​ក្នុង​ខេត្តសៀមរាប។ ទើប​ធ្វើ​ឲ្យ​ក្រុមការងារ​ទាំងអស់ ប្រើពាក្យ​ថា (បុណ្យ​ភូមិ​សៀមរាប) តែបើ​ពាក្យ​នេះ​ជាប់​កម្មសិទ្ធិបញ្ញា របស់​ក្រសួងពាណិជ្ជកម្ម ឬ​កម្មសិទ្ធិបញ្ញា មែន​ដែល​មិន​ឲ្យ​ប្រើ ខ្ញុំបាទ​និង​គោរព​តាមច្បាប់ នឹង​ឲ្យ​អ្នកច្បាប់​សិក្សា ស្រាវជ្រាវ​លំអិត ពី​បញ្ហា​ផ្លូវច្បាប់ »។

តែ​យ៉ាងណាមិញ បន្ទាប់ពី​លោក យឹម តា​ស្រង់ បានធ្វើការ​បកស្រាយ​ចំពោះ​កម្មវិធី «បុណ្យ​ភូមិ​សៀមរាប » គេ​នៅ​មិនទាន់​ឃើញ​ខាង​ផលិក​ម្មកា​ឡាក់​ស៊ីណាវ៉ាត្រា ចេញ​សេចក្ដីជូនដំណឹង ឬ​លុប​វីដេអូ​ផ្សព្វផ្សាយ​ដែលមាន​ទិដ្ឋភាព​ពី​មហោស្រព​បុណ្យ​ភូមិ​របស់​ភ្លើង​គប់​នៅឡើយ​ទេ។ អ្នកគាំទ្រ​រំពឹងថា ផលិក​ម្មកា​ឡាក់​ស៊ីណាវ៉ាត្រា​នឹងមាន​ចំណាត់​ការល្អ។ គួរឱ្យ​ដឹងថា បុណ្យ​ភូមិ​សៀមរាប នឹងធ្វើ​ឡើង​ក្នុង​ទឹកដី​ស្រុក​បន្ទាយស្រី ក្នុង​ទីតាំង​គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​លំនៅឋាន​ឡេង​ណា​វ៉ា​ត្រា  នៅ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្នុងតម្លៃ​សំបុត្រ ៥០០០ រៀល៕

Share.