ភ្នំពេញ៖ ប្រទេសកម្ពុជា​នឹងចុះត្រជាក់​ លាយឡំជាមួយ​នឹង​ខ្យល់​រដូវ​ ក្នុង​នោះ​បណ្ដាខេត្ត​ជាប់​ជួរ​ភ្នំដងរែក​ និងខ្ពង់រាបឦសាន សីតុណ្ហភាពអាចនឹងចុះដល់ ១៦អង្សាសេ ចាប់ពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០២២។

រូបតំណាង

យោងតាមសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បាន​ឲ្យដឹង​នៅថ្ងៃ​ទី២៨ ខែធ្នូ ២០២១ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន បាននឹងកំពុងរំកិលចុះមកក្រោមដោយគ្របដណ្ដប់លើកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ អង្សាសេ និងអតិបរមា មានពី ២៨-៣០ អង្សាសេ, មានអាកាសធាតុត្រជាក់ លាយឡំជាមួយនឹងខ្យល់រដូវបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

ដោយឡែក បណ្ដាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ អង្សាសេ និងអតិបរមា មានពី ២៧-២៩ អង្សាសេ, មានអាកាសធាតុត្រជាក់ លាយឡំជាមួយនឹងខ្យល់រដូវបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង ។

ចំណែក​តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ អង្សាសេ និងអតិបរមា មានពី ២៨-៣០ អង្សាសេ, មានអាកាសធាតុត្រជាក់ លាយឡំនឹងខ្យល់រដូវបក់ក្នុងកម្រិតមធ្យម ។ ទន្ទឹមនោះរលកសមុទ្រក៏មានកម្ពស់ជាមធ្យមផងដែរ ៕

Share.