កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១  មានរឿង​ភ្ញាក់ផ្អើល គេ​ឃើញ​តារា​សម្ដែង​ក្នុង​ភាពយន្ដ​ខ្នាត​ធំ «ឆមាស​ចុងក្រោយ» លោក Bondcher Buth បាន​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក ដោយ​ប្រកាស​រកមុខ​លោក ឃុន ធា​រិ​ទ្ធ ឬ​មានឈ្មោះ​ក្នុង​សិល្បៈ​ហៅថា រិ​ទ្ធ អូ​មេ​ហ្កា ជា​អ្នកដឹកនាំ​សម្ដែង MV និង Short Film ចូលខ្លួន​មក​ដោះស្រាយ​រឿង​ជំពាក់​បំណុល​ជាបន្ទាន់។

តារា​សម្ដែង Bondcher Buth បាន​បញ្ជាក់ថា លោក រិ​ទ្ធ អូ​មេ​ហ្គា បាន​ព្យាយាម​គេចវេស ហើយ​បង្វែរ​សាច់រឿង​ច្រើនដង និង​មិន​ព្រម​ចូលខ្លួន​មក​ដោះស្រាយ​រឿង​បំណុល​ដែល​ជំពាក់​លោក​នោះឡើយ។

លោក Bondcher Buth  បាន​រៀបរាប់​ជា​សារ​នៅលើ​ហ្វេ​ស​ប៊ុ​កថា «ខ្ញុំបាទ​ជា​ម្ចាស់​លុយ ដែល​បុគ្គល​ឈ្មោះ Thea Rith ដែលជា​ម្ចាស់​ហាង Ella House សាខា​កោះ​ពេជ្រ បាន​ជំពាក់​លុយ​របស់ខ្ញុំ​ជាច្រើន​ខែ មកហើយ និង​មួយរយៈ​ចុងក្រោយ​នេះ​គាត់​បាន​បាត់​ដំណឹង មិន​ព្រម​ចូលមក​ដោះស្រាយ​ជាមួយ​ខ្ញុំ​ជា​ម្ចាស់​លុយ ដោយផ្ទាល់​នោះទេ។ ខ្ញុំបាទ​បាន​ព្យាយាម​ទាក់ទង​និង​ស្វែងរក​គ្រួសារ​គាត់​រួចមកហើយ តែ​ក៏​មិន​ទទួលបាន​ការដោះស្រាយ​ណាមួយ​ដែល​ល្អ ដែល​គ្រួសារ​គាត់​មក​សម្រួល​ជំនួយ​បំណុល ដែល​បុគ្គល ធា​រិ​ទ្ធ នេះ​បាន​ជំពាក់ មកកាន់​ភាគី​ខាង​ខ្ញុំ​ឱ្យបាន​សមស្រប ដោយ​វិធានការ​ណាមួយ​ឡើយ បែរជា​ឱ្យ​ខ្ញុំ​ជា​ម្ចាស់បំណុល​ទៅសុំ​ទោស​ខាង​គាត់​ទៅវិញ ពេលដែល​បានមក​ជួប​ដោះស្រាយ​នៅពេល​កន្លងមក។ ចាប់ពីពេលនេះ បើ​បងប្អូន​ខាង​គាត់​ចង់​សម្រួល ខ្ញុំ​អត់​ស្តាប់​ហេតុផល​ដែល​មិន​សមស្រប ឬ​ការ​ប្រឌិត​រឿង ឬ​បង្វែរ​រឿង​ណាមួយ ដែល​មិន​ទាក់ទង​និង​ការដោះស្រាយ​បំណុល​ដែល Thea Rith បាន​ជំពាក់​ខាង​ខ្ញុំ​ឡើយ អ្វី ដែល​ខ្ញុំ​មិនអាច​ទទួលយកបាន​នោះទេ​ក្នុងនាម​ខ្ញុំ​ជា​ម្ចាស់​លុយ បើសិនជា​មិន សម្រួល​រឿង​លុយ​ដែល​ជំពាក់ ក្នុង​ការលើក​រឿងរ៉ាវ​មក​បង្វែរ ខុសពី​សាច់រឿង រវាង​ខ្ញុំ​និង Thea Rith បើ​បងប្អូន​ណា​ដែល​បាន​ជួប​ម្នាក់​ឈ្មោះ Thea Rith ខាងលើ សូម​បងប្អូន ជួយផ្តល់​ពត៌មាន​មក​កាន់​ខាង​ខ្ញុំបាទ​ផង។ សូម​បងប្អូន ប្រុងប្រយ័ត្ន​ជាមួយ​បុគ្គល​ម្នាក់នេះ ក្នុង​ការដែល​ទាក់ទង​និង​ការ ខ្ចីប្រាក់នាៗ កុំអោយ​ដូច​ខ្ញុំ អោយគេ​លុយ​ហើយ បែរជា​រត់​បាត់»។

ជុំវិញ​បញ្ហា​នេះ តារា​សម្ដែង Bondcher Buth បាន​បកស្រាយ​ប្រាប់​អ្នកសារព័ត៌មាន​ត្រយង​ថា លោក ធា​រិ​ទ្ធ បាន​ជំពាក់​លុយ​លោក​ខ្ទង់ពាន់​ដុល្លារ ជាច្រើន​ខែ​ណាស់​មកហើយ ដោយ​កាលដំបូងៗឡើយ លោក​បាន​សង​ការប្រាក់​មួយចំនួន​ដែរ ក៏ប៉ុន្តែក្រោយៗក៏​ស្ងាត់ ហើយ​ចេះតែ​ស្ងាត់ទៅៗ មិន​ព្រម​អើពើ​រឿង​លុយកាក់​ទាល់តែសោះ។ លុះដល់​អស់​ការអត់ធ្មត់ និង​ព្យាយាម​ទំនាក់ទំនង​រក​ដំណោះស្រាយ​រឿង​សងបំណុល​នេះហើយ តារា​សម្ដែង​រូបនេះ ក៏បាន​សម្រេចចិត្ត​បង្ហោះ​សារ​ប្រកាស​ជា​សាធារណៈ​ឱ្យ​មហាជន​បានដឹង ក្នុង​គោលបំណង​បង្ការ និង​ប្រាប់​អ្នក​ដល់​អ្នកដទៃ​ផ្សេងទៀត​កុំឱ្យ​បុគ្គល​ខាងលើនេះ ខ្ចីលុយ​ឱ្យសោះ។ តារា​សម្ដែង​រូបនេះ​បាន​បន្ដទៀតថា លោក រិ​ទ្ធ អូ​មេ​ហ្កា មិន​ត្រឹមតែ​មិន​ព្រម​ដោះស្រាយ​រឿង​បំណុល​នោះទេ តែ​ថែមទាំង​ប្រើ​សម្ដី​គំរាម​ប្ដឹង​បក​មក​រូបលោក​ជា​ម្ចាស់បំណុល​វិញ​ថែមទៀត។ លោក​ថា មាន​ម្ចាស់បំណុល​ជាច្រើន​ទៀត ដែល​លោក ធា​រិ​ទ្ធ បាន​គំរាម​ប្ដឹង​បក និង​បង្វែរ​រឿង​មិន​ព្រម​សងបំណុល។ លោក​បញ្ជាក់ថា លោក​ក៏​មិនមាន​ការព្រួយបារម្ភ​នោះទេ លោក​រីករាយ​នឹង​ដំណើរការ​រឿងនេះ​តាម​និតិ​វិធី។

យ៉ាងណាមិញ ដំណឹង​នេះ​គ្រាន់តែ​ជាការ​បង្ហោះ​សារ និង​បកស្រាយ​ពី​ភាគី​តារា​សម្ដែង​លោក Bondcher Buth  ដែល​អះអាងថា​ខ្លួន​ជា​ម្ចាស់បំណុល​ប៉ុណ្ណោះ ហេតុនេះ​សារព័ត៌មាន​ត្រយង​កំពុង​ព្យាយាម​សុំ​ការបកស្រាយ​បំភ្លឺ​បន្ថែមទៀត​ជុំវិញ​រឿងនេះ​ពី​ភាគី​លោក  រិ​ទ្ធ អូ​មេ​ហ្កា វិញ​ផងដែរ៕

ទស្សនាវីដេអូ Big News៖

Telegram-Troryorng
Share.