រហូតមកទល់​ចុងឆ្នាំ២០២១នេះ តារា​សម្ដែង​ទម្រង់​មុខ​កូនកាត់ ផាន់ ផាត់​ណា នៅតែ​មិនទាន់​ហ៊ាន​បញ្ចេញ​មុខ​ស្វាមី​ឱ្យ​មហាជន​បាន​ស្គាល់​នោះទេ ទោះបី​អ្នកនាង និង​ស្វាមី​មានកូន​មួយ​ពិតមែន​ក៏ដោយ។ បើសិនជា​មិន​រំលឹក​ដល់​ស្វាមី​នោះទេ អ្នកនាង ផាន់ ផាត់​ណា ច្បាស់​ជា​ធ្វើឱ្យ​ហ្វេ​ន​អ្នកគាំទ្រ​មើល​មិនដឹង​ឡើយ​ថា អ្នកនាង​ជាតា​រា​ស្រី​ដែលមាន​ប្ដី​ហើយ ព្រោះថា អ្នកនាង​នៅតែ​លេងខ្លួន​ស្រស់ស្អាត ដងខ្លួន​ស្រ​លូន សាច់​សខ្ចី និង​បញ្ចេញ​ភាព​សិច​ស៊ី បង្ហាញ​ដើមទ្រូង​ទ្រលុកទ្រលន់​មិន​ចាញ់ក្រមុំៗឡើយ។

តារា​ស្រី​រូបនេះ​ព្យាយាម​មិន​បង្ហាញ​ពី​សម្ព័ន្ធ​ស្នេហា​រវាង​នាង​នឹង​ស្វាមី​ទេ សូម្បីតែ​អ្នកសារព័ត៌មាន​ខំប្រឹង​ជីគ​កកាយ​យ៉ាងណាក៏ដោយ ក៏​អ្នកនាង​អះអាងថា នៅតែ​រង់ចាំ​ពេល​សមរម្យ​មកដល់ ទើបបាន​បង្ហាញ។

 ឆ្លើយ​ប្រាប់​អ្នកសារព័ត៌មាន​ត្រយង តារា​ស្រី ផាន់ ផាត់​ណា បាន​រៀបរាប់ថា «មួយរយៈ​ចុងក្រោយ​នេះ គឺ​ខ្ញុំ​រវល់​ជាមួយ​ការងារ​សិល្បៈ​ច្រើន ដូចជា​ការងារ​ស្ព​ត និង​ការងារ​ភាពយន្ដ​តែម្ដង។ នៅក្នុង​ឆ្នាំ​ថ្មី​ខាងមុខនេះ គឺ​នាង​ខ្ញុំ​មានរឿង​ភាគ ១រឿង ដែល​ទើបតែ​ទទួលបានភ្លាមៗពី​អ្នកដឹកនាំ​រឿង។ នាង​ខ្ញុំ​មិនសូវ​ជា​ទទួល​ថត​រឿង​ភាគច្រើន​ទេ ដោយសារតែ​ពេលវេលា​មិនសូវមាន​គ្រប់គ្រាន់។ ហើយ​នៅក្នុង​ឆ្នាំ​ថ្មី​នេះ នាង​ខ្ញុំ​កំពុង​ព្យាយាម​ពង្រឹង​លើ​ការរកស៊ី​ផ្ទាល់ខ្លួន និង​ឆ្លៀតពេល​មួយចំនួន​ដើម្បី​មក​ធ្វើ​ការងារ​សិល្បៈ​តែប៉ុណ្ណោះ»។ អ្នកនាង​បាន​បន្ដថា «ចំពោះ​រឿង​ស្វាមី គឺ​មិនអាច​នឹង​លាក់​ពី​អ្នកគាំទ្រ​រហូត​បានទេ ប្រសិនបើ​មាន​ពេលវេលា​សមរម្យ​ណាមួយ ដែល​នាង​ខ្ញុំ​អាច​បញ្ចេញ​បាន នោះ​នាង​ខ្ញុំ​នឹង​បង្ហាញមុខ​ស្វាមី​ឱ្យ​ហ្វេ​ន​បាន​ស្គាល់​តែម្ដង»។

អ្នកនាង ផាន់ ផាត់​ណា អះអាងថា ស្វាមី​អ្នកនាង​មិនមែនជា​ជនជាតិខ្មែរ​នោះទេ ហើយ​អ្នកនាង​ក៏​មិនមែនជា​កូនកាត់​ដែរ ក៏ប៉ុន្ដែ​កូនប្រុស​របស់​អ្នកនាង​ទើប​ជា​កូនកាត់​ពិតប្រាកដ។ អ្នកនាង​ថា កូនប្រុស​អ្នកនាង​កាន់តែ​ធំធាត់​ជាង​មុន​ហើយ  ព្រោះ​ពេលនេះ​មាន​វ័យ ២ឆ្នាំ ហើយ​ជាពិសេស​មុខមាត់​កូនប្រុស​នាង ពិតជា​គួរឱ្យ​ស្រលាញ់ និង​ស្រស់​សង្ហា​មិន​ចាញ់​ប៉ា​ប៉ា​ឡើយ។ អ្នកនាង​ថា បើ​មាន​ពេលទំនេរ​ច្រើន និង​មាន​ឱកាសល្អ អ្នកនាង​នឹង​យក​កូន​ទី ២ ទី៣ បន្ដទៀត ព្រោះ​អ្នកនាង​មិនអាច​មានកូន​តែ​ម្នាក់​បានទេ គឺ​អ្នកនាង​ស្រឡាញ់​កូន​ច្រើន។

តារា​ស្រី ផាន់ ផាត់​ណា ក៏បាន​បញ្ជាក់ដែរថា អ្នកនាង​នឹង​រៀបចំ​គម្រោង​ធ្វើ​កម្មវិធី​ជួបជុំ​ជាមួយ​អ្នកសិល្បៈ ហើយ​ពេលនោះ អ្នកនាង​នឹង​បើក​បង្ហាញមុខ​ស្វាមី ឱ្យ​មហាជន​អ្នកគាំទ្រ​បាន​ស្គាល់​តែម្ដង។

តែ​យ៉ាងណាមិញ តារា​ស្រី ផាន់ ផាត់​ណា មិនទាន់​បញ្ជាក់​ឱ្យ​ច្បាស់​បាន​នោះទេ​ថា កម្មវិធី​នឹងធ្វើ​ឡើង​នៅពេលណា ដោយសារតែ​សព្វថ្ងៃនេះ​អ្នកនាង​កំពុង​មមារ​ញឹក​នឹង​ការងារ​សិល្បៈ និង​មុខរបរ​រកស៊ី​ក្នុង​ដៃ​ផងដែរ៕

ទស្សនាវីដេអូ Big News៖

Telegram-Troryorng
Share.