Dilraba Dilmurat បាន​បង្ហើប​ឱ្យ​សាធារណជន​ដឹង​ថា​ម្ដាយ​របស់​កញ្ញា​បង្ខំ​ឱ្យ​កញ្ញា​ការ​ប្ដី​ ​​​ព្រោះ​បារម្ភ​ខ្លាច​កញ្ញា​ចាស់ទៅ ​គ្មានអ្នក​ណា​ចង់​រៀបការ​ជាមួយ​កញ្ញា​។

នៅ​ក្នុង​កម្មវិធី​ដែល​ផ្សាយ​លើ​ QQ កាល​ពី​ចុង​សប្ដាហ៍​មុន​ តារា​សម្ដែង​វ័យ​២៩​ឆ្នាំ​ បាន​និយាយ​ថា​ម្ដាយ​របស់​កញ្ញា​ ឧស្សាហ៍​ទូរស័ព្ទ​មក​កញ្ញា​ហើយ​រំលឹក​​រឿង​នេះ​ជា​ញឹក​ញាប់​។ ម្ដាយ​របស់​​តួ​ឯក​ស្រី​ «You are my glory» ​ធ្លាប់​ប្រាប់​កូន​ស្រី​ថា​បើ​ចាំ​ពីរទៅបី​ឆ្នាំ​ទៀត​ ច្បាស់​ជា​គ្មាន​ប្រុស​ណា​ចង់​រៀបការ​ជាមួយ​នឹង​កញ្ញា​​ឡើយ​។ មាន​ម្ដង​នោះ​ Dilraba បាន​ឆ្លើយ​តប​ទៅ​ម្ដាយ​របស់​កញ្ញា​ដោយ​ទំនុក​ចិត្ត​ថា​ «ម៉ាក់​ មនុស្ស​ដូច​ Dilraba រឿង​អី​ត្រូវ​នៅ​​ឯកោ​?» ប៉ុន្តែ​ម្ដាយ​កញ្ញា​ខឹង​យ៉ាង​ខ្លាំង​ហើយ​និយាយ​ថា​ «​បើ​សិន​កូន​ឯង​មិន​ព្រម​រៀបការ​ ម៉ាក់​ក៏​មិន​ត្រូវ​ការ​កូន​ដូច​គ្នា​»។

តួ​ឯក​ស្រី​រូប​នេះ​ធ្លាប់​បង្ហើប​ឱ្យ​ដឹង​ថា​កញ្ញា​ចង់​រៀបការ​និង​មាន​កូន​ក្រោយ​អាយុ​៣០​ឆ្នាំ​។ ​កញ្ញា​ក៏​ធ្លាប់​គិត​ពី​បញ្ហា​ដែល​កញ្ញា​នឹង​បាត់​បង់​អ្នក​គាំទ្រ​បើ​សិន​ជា​កញ្ញា​រៀបការ​ផង​ដែរ​ ប៉ុន្តែ​កញ្ញា​គិត​ថា​គួរ​តែ​ដល់​ពេល​ហើយ​ដែល​កញ្ញា​ជ្រើសរើស​គ្រួសារ​ជាជាង​អាជីព​ការងារ​។ «ខ្ញុំ​ពេញ​ចិត្ត​ណាស់​ចំពោះ​ឱកាស​ការងារ​ក្នុង​ពេល​បច្ចុប្បន្ន​ ប៉ុន្តែ​បើ​ថ្ងៃ​ណាមួយ​ខ្ញុំ​លែង​ល្បី​ទៀត​ហើយ​នោះ​ ខ្ញុំ​ធ្វើ​ការ​ងារ​បែប​ផ្សេង​ ហើយ​រស់​នៅ​ក្នុង​លក្ខខណ្ឌ​ផ្សេង​ដូច​គ្នា​»។ តាម​ដឹង​ចាប់​ពី​ឆ្នាំ​២០១៣ ឆ្នាំ​ដែល​កញ្ញា​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ កញ្ញា​​មិន​ដែល​ប្រកាស​ពី​រឿង​មាន​មិត្ត​ប្រុស​ឡើយ​។

កាល​ពី​ឆ្នាំ​២០១៩​ កញ្ញា​ធ្លាប់​ប្រាប់​ថា​កញ្ញា​មិន​បាន​ទិញ​ផ្តះ​នោះ​ទេ​ព្រោះ​កញ្ញា​ស្នាក់​នោះ​សណ្ឋាគារ​ ម្យ៉ាង​វិញ​ទៀត​កញ្ញា​ក៏​គ្មាន​ពេល​ដើរ​មើល​កន្លែង​និង​តុបតែង​ផ្ទះ​ដែរ​។ Dilraba កើត​នៅ​ឆ្នាំ​១៩៩២ ក្នុង​ខេត្ត​ Xinjiang នៅ​ក្នុង​គ្រួសារ​ដែល​ប្រតិបត្តិ​ទំនៀមទំលាប់​យ៉ាង​តឹងរ៉ឹង​។ កញ្ញា​រៀន​ព្យ៉ាណូ វីយូឡុង និង​រាំ តាំង​ពី​វ័យ​ក្មេង​។ នៅ​ឆ្នាំ​២០១៣ កញ្ញា​បាន​ប្រឡូក​ចូល​ការ​សម្ដែង​រឿង​ភាគ​ជា​លើក​ដំបូង​ ដោយ​កាល​ណោះ​​កញ្ញា​ត្រូវ​បាន​អ្នក​ទស្សនា​សរសើរ​ពី​រូប​សម្រស់​ដ៏​ស្អាត​និងទាក់ទាញ​របស់​កញ្ញា​។

ថ្វី​ត្បិត​តែ​ Dilraba មាន​រូប​ស្អាត​ប៉ុន្តែ​ពេល​សម្ដែង​រឿង​ដំបូង​ៗ​កញ្ញា​រង​នូវ​ការ​រិះគន់​ច្រើន​ដោយ​សារ​តែ​សមត្ថភាព​សម្ដែង​របស់​កញ្ញា​នៅ​មិន​ទាន់​ពេញ​លេញ​ យ៉ាងណា​មិញ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ Dilraba ទទួល​បាន​ការ​កោត​សរសើរ​ច្រើន​ពី​អ្នក​ជំនាញ​ចំពោះ​សមត្ថភាព​សម្ដែង​ដែល​មាន​ការ​អភិវឌ្ឍ​របស់​កញ្ញ​យ៉ាង​ខ្លាំង​៕

ទស្សនាវីដេអូ Big News៖

Telegram-Troryorng
Share.