ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ បានប្រកាសសាជាថ្មី​នូវការប្ដេជ្ញាចិត្ត​ការពារ​រាជបល្ល័ង្គ ព្រះមហាក្សត្រ ដោយ​មិន​អាច​អត់​ឱន​ឲ្យ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​ បាន​នោះឡើយ។​

សម្ដេចតេជោ ហ៊ុន សែន ថ្លែង​នៅក្នុងពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​ អគាររដ្ឋបាល និងសាល​ប្រជុំ​ទីស្ដីការ​ក្រសួងការពារជាតិ ថា​ ប្រទេស​នេះ​ជាប្រទេស​រាជានិយម។ កងទ័ព​ទាំង​អស់​ត្រូវការពារ​រាជបល្ល័ង្គ ការពារ​ព្រះមហាក្សត្រ​។​ «ការប្រមាថណាមួយលើព្រះមហាក្សត្រ​ គឺមិនអាច​អត់​ឱន​ឲ្យបាន​នោះទេ»

សូមចុចអាន៖ នាយករដ្ឋមន្ត្រីបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធការពាររដ្ឋធម្មនុញ្ញក្នុងករណីមានក្រុមបំពាន

សម្ដេចតេជោ ហ៊ុន សែន​ បាន​បញ្ជាក់ថា «ការវាយមកលើសម្ដេច​ គឺជា​ការបើករបង​ដើម្បី​វាយ​រាជបល្ល័ង្គ»

នៅក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន​ បានសង្កត់ធ្ងន់ថា នរណាក៏ដោយដែលធ្វើឱ្យប៉ះពាល់រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែចាត់វិធានការភ្លាម។ សម្តេចតេជោ បានប្រាប់ទៅដល់អនុព័ន្ធយោធាទាំងអស់ថា កម្ពុជាមិនបណ្តែតបណ្តោយឱ្យនរណាធ្វើបដិវត្តន៍ពណ៌ នៅលើដែនដីដ៏កំសត់របស់កម្ពុជានោះទេ។

ផ្អែកតាមរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ព្រះមហាក្សត្រទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែ ទ្រង់មិនកាន់អំណាចឡើយ ហើយទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពជាតិ​, ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់។ ទោះបីព្រះមហាក្សត្រមិនកាន់អំណាចក្តី ប៉ុន្តែព្រះអង្គត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ គឺអង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ ទន្ទឹមនឹងនេះ ក្រមព្រហ្មទណ្ឌកម្ពុជា ក៏បានកំណត់ទោសទណ្ឌចំពោះជនទាំងឡាយណា ដែលប្រមាថចំពោះអង្គព្រះមហាក្សត្រផងដែរ។

មាត្រា ៤៣៧ ស្ទួន នៃជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»

តើអ្វីជាការប្រមាថ? «ការប្រមាថ» គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរនៃបុគ្គល៕

Share.